បាងកក៖ គណបក្សឈ្នះការបោះឆ្នោត Move Forward Party របស់ប្រទេសថៃ និងគណបក្សភឿថៃនៅថ្ងៃចន្ទទី៣ ខែកក្កដា បានយល់ព្រមតែងតាំងសមាជិកជាន់ខ្ពស់នៃសម្ព័ន្ធភាពរបស់ពួកគេជាប្រធានសភា។
រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីការបើកកិច្ចប្រជុំរដ្ឋសភាជាលើកដំបូងនៅល្ងាចថ្ងៃចន្ទ ក្រោមព្រះរាជវត្តមានអង្គព្រះមហាក្សត្រ Maha Vajiralongkorn និងម្ចាស់ក្សត្រី Suthida។ លោក Pita Limjaroenrat ជាមេដឹកនាំគណបក្ស Move Forward និងជាអនាគតនាយករដ្ឋមន្ត្រីថៃបាននិយាយថា“យើងនឹងតែងតាំងលោក Wan Muhamad Noor Matha ជាប្រធានរដ្ឋសភា ដោយឡែកសមាជិកសភាម្នាក់ទៀតមកពីគណបក្ស Move Forward ជាអនុប្រធានទី១ និងសមាជិកសភាមកពីគណបក្សភឿថៃ ជាអនុប្រធានទី២”។
លោក Wan Muhamad Noor Matha ជាបេក្ខជនប្រធានសភាថៃមានវ័យ ៧៩ឆ្នាំគឺជាអ្នកនយោបាយជើងចាស់មកពីខេត្តយ៉ាឡាជាប់ព្រំដែនភាគខាងត្បូងប្រទេសថៃ និងជាមេដឹកនាំគណបក្ស Prachachat។គណបក្សយោបាយរបស់លោកបានចូលរួមជាមួយគណបក្ស Move Forward និងគណបក្សភឿថៃដើម្បីបង្កើតរដ្ឋាភិបាលថ្មី។សម្ព័ន្ធភាពនេះរួមគ្នាមានអាសនៈក្នុងរដ្ឋសភាចំនួន ៣១២ នៃសមាជិកសភាសរុបចំនួន៥០០។ ប៉ុន្តែដើម្បីឱ្យលោក Pita ក្លាយជានាយករដ្ឋមន្ត្រី លោកត្រូវការសំឡេងគាំទ្រលើសពីពាក់កណ្តាលនៃរដ្ឋសភានិងព្រឹទ្ធសភាបូកបញ្ជូលគ្នាដែលមានអាសនៈសរុបចំនួន ៧៥០ ឬយ៉ាងហោចណាស់ត្រូវមានសំឡេងគាំទ្រ៣៧៦។
យោងតាមលោក Pita កិច្ចព្រមព្រៀងស្តីពីការតែងតាំងប្រធានរដ្ឋសភាត្រូវបានធ្វើឡើងដើម្បីទទួលបានការឯកភាពគ្នាក្នុងចំណោមគណបក្សចម្រុះទាំងប្រាំបីក្នុងការបង្កើតរដ្ឋាភិបាលថ្មីដែលមានលោក Pita ជានាយករដ្ឋមន្ត្រី។
លោកបានមានប្រសាសន៍ថា “គណបក្សឆ្ពោះទៅមុខ និងគណបក្សភឿថៃបានព្រមព្រៀងគ្នាគាំទ្រច្បាប់
សំខាន់ៗរួមមានការលើកលែងទោសចំពោះអ្នកបញ្ចេញមតិខាងនយោបាយ ក៏ដូចជាការធ្វើវិសោធនកម្មច្បាប់ដែលពាក់ព័ន្ធនឹងកំណែទម្រង់យោធាផងដែរ”។លោកបានបន្ថែមថា បេក្ខជនទាំងបីបានត្រៀមខ្លួនរួចជាស្រេចដើម្បីនាំមកនូវតម្លាភាព ការត្រួតពិនិត្យ និងតុល្យភាព និងប្រសិទ្ធភាពរបស់ប្រព័ន្ធសភាថៃ។
តំណែងប្រធានសភាគឺជាចំណុចខ្វែងគំនិតគ្នារវាងគណបក្ស Move Forward និង Pheu Thai ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។គណបក្សឆ្ពោះទៅមុខឬ Move Forward និងគណបក្សភឿថៃ ជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងតែងតាំងប្រធានសភានៅពេលនេះ គឺជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដើម្បីបង្កើតរដ្ឋាភិបាលគ្រប់គ្រងប្រទេស ដើម្បីឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋថៃ ដែលបានបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ ការតែងតាំងលោក Wan Muhamad Noor Matha ជាប្រធានសភាបានផ្តួចផ្តើមគំនិតដោយអនុប្រធានគណបក្សភឿថៃគឺលោក Phumtham Wechayachai ដែលលោកជឿថាគឺជាជម្រើសដ៏សមស្របដែលអាចទទួលយកបានពីគ្រប់ភាគី។លោក Phumtham មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានថា៖ «នេះគឺជាកិច្ចព្រមព្រៀងគ្នាទៅវិញទៅមករបស់ភាគីទាំងពីរ ហើយខ្ញុំគិតថា វាជាដំណោះស្រាយរបស់យើងក្នុងការឈានទៅមុខ។ អ្វីដែលសំខាន់គឺមិនត្រឹមតែជ្រើសរើសប្រធានសភានោះទេ។ វាក៏សំខាន់ផងដែរក្នុងការរួមដៃគ្នាដើម្បីធ្វើឱ្យរដ្ឋាភិបាលប្រជាធិបតេយ្យរីកចម្រើន និងធ្វើតាមការរំពឹងទុករបស់ប្រជាជន»។ សូមរំលឹកផងដែរថាអនាគតប្រធានរដ្ឋសភាថៃលោក Wan Muhamad Noor Matha ធ្លាប់ដឹកនាំក្រសួងជាច្រើននៅក្នុងរដ្ឋាភិបាលមុនៗ ហើយលោកក៏ធ្លាប់ធ្វើជាប្រធានសភាចន្លោះឆ្នាំ១៩៩៦ និងឆ្នាំ២០០០៕
ប្រភព៖ C N A ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២៣