រាងកាយស្ត្រីជាម្តាយមានការផ្លាស់ប្តូរជាច្រើន ទាំងផ្លូវកាយ និងផ្លូវចិត្តអំឡុងពេលមានផ្ទៃពោះនិងក្រោយពេលសម្រាលរួច។ ការផ្លាស់ប្តូរមួយចំនួនអាចពាក់ព័ន្ធនឹងការឡើងទម្ងន់ នោមញឹក និងការឈឺខ្នងជាដើម។ បន្ថែមពីនេះការផ្លាស់ប្តូរមួយចំនួនអាចបណ្ដោះអាសន្ន ប៉ុន្តែក៏អាចជាអចិន្ត្រៃយ៍ផងដែរ។
ក្នុងអត្ថបទនេះនឹងបង្ហាញអំពីចំណុចទាំង ៦ យ៉ាងដែលស្រ្តីនឹងមានការប្រែប្រួលផ្នែករាងកាយ ក្រោយពីសម្រាលកូនរួច ដោយយោងទៅតាមការលើកឡើងរបស់គេហទំព័រសុខភាព hellodoctor របស់ប្រទេសហ្វីលីពីនដូចតទៅ៖
ចំណុចទី១ការផ្លាស់ប្តូរនោះគឺ ស្ត្រីអាចមានទំហំជើងធំជាងមុន។ យោងតាមការសិក្សា ស្រ្តី ៦០% ទៅ ៧០% ទំហំជើងរបស់ពួកគេមានការផ្លាស់ប្តូរធំជាងមុន។ បន្ថែមពីនេះអ្នកស្រាវជ្រាវបានពន្យល់ថា ការផ្លាស់ប្តូរទំហំជើងរបស់ស្រ្តីគឺដោយសារអំឡុងពេលមានផ្ទៃពោះ ស្រ្តីមានការឡើងទម្ងន់ និងមានកើនកម្រិតអរម៉ូនផងដែរ។
ចំណែកឯចំណុចផ្សេងទៀតដែលស្រ្តីនឹងមានការផ្លាស់ប្តូរនោះគឺ សុដន់យារធ្លាក់។ ជាធម្មតាទំហំសុដន់ស្រ្តីនឹងមានការប្រែប្រួលក្រោយពេលសម្រាលកូន ពោលគឺការប្រែប្រួលទាំងនោះ ដើម្បីឱ្យស្រ្តីអាចបំបៅកូនដោយទឹកដោះ។
យោងតាមការបង្ហាញរបស់អ្នកជំនាញ ជាលិកាខ្លាញ់ដែលធ្លាប់នៅក្នុងសុដន់របស់ស្រ្តី នឹងត្រូវបានជំនួសដោយជាលិកាម៉្យាងដែលមានមុខងារជួយស្រ្តីក្នុងការបំបៅកូនដោយទឹកដោះ ដែលជាលិកានោះនឹងនាំឱ្យមានការចាប់ផ្តើមប្រែប្រួលទំហំសុដន់របស់ស្រ្តី។
ដោយឡែកនៅពេលដែលស្រ្តីឈប់បំបៅកូន ជាលិកានោះនឹងកាន់តែតូច ប៉ុន្តែជាសិកាខ្លាញ់មិនអាចជំនួសបានភ្លាមៗនោះទេ។ ដូច្នេះ ជាលិកានោះនឹងខូចទ្រង់ទ្រាយ ព្រមទាំងធ្វើឱ្យសុដន់យារធ្លាក់ផងដែរ។ ជាពិសេស ការយារធ្លាក់នេះជាអចិន្ត្រៃយ៍និងមិនអាចដូចដើមវិញទេ។
បន្ថែមពីនេះស្រ្តីក៏មានស្នាមសង្វារផងដែរ ក្រោយពីសម្រាលកូនរួច។ ស្រ្តីជាច្រើនអាចមានស្នាមសង្វារពណ៌ផ្កាឈូក ឬក្រហម ។ អ្នកជំនាញបាននិយាយថាស្នាមសង្វារទាំងនោះនឹងបាត់ទៅវិញតាមពេលវេលា ជាធម្មតាក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំ ប៉ុន្តែបើស្ត្រីមានផ្ទៃពោះម្តងទៀត ស្នាមសង្វារនោះនឹងកាន់តែច្បាស់ដូចមុនដដែល។
ក្រៅពីនេះ ស្រ្តីនឹងអាចបាត់បង់ធ្មេញផងដែរ។ តើអ្នកដែលលឺថា ស្រ្តីនឹងមានការបាក់ធ្មេញចំនួនមួយរាល់ការផ្តល់កំណើតកូននីមួយៗដែរឬទេ? មនុស្សមួយចំនួននឹងគិតថា វាគ្រាន់តែជាការនិយាយតៗគ្នានោះទេ ប៉ុន្តែការសិក្សាថ្មីៗបង្ហាញថារឿងទាំងនេះអាចជាការពិត។
នៅក្នុងការសិក្សាមួយដែលពាក់ព័ន្ធនឹងស្ត្រីជាង ២,000 នាក់ បានបង្ហាញថាការមានផ្ទៃពោះ និងការបាត់បង់ធ្មេញអាចមានទំនាក់ទំនងនឹងគ្នា។
ចំពោះទំនាក់ទំនងរវាងការបាត់បង់ធ្មេញ និងការមានគភ៌នេះអាចបណ្តាលមកពី៖ ស្ត្រីមានផ្ទៃពោះងាយនឹងវិវត្តជំងឺរលាកអញ្ចាញធ្មេញ ដែលនាំឱ្យមានការបាត់បង់ធ្មេញ។ ម៉្យាងវិញទៀត ដោយសារកង្វល់ហិរញ្ញវត្ថុដែលអាចឱ្យស្រ្តីជាម្តាយផ្តល់អាទិភាពលើតម្រូវការកូនរបស់ពួកគេ ជាងសុខភាពមាត់ធ្មេញ បូករួមនឹងការពន្យារពេលទៅជួបនឹងគ្រូពេទ្យ។ មួយវិញទៀតអាចដោយសារតែខ្វះការថែរក្សាសុខភាពមាត់ធ្មេញរបស់ពួកគេជាដើម ។
ទោះជាយ៉ាងណាក៏ដោយ មានការសិក្សាបន្ថែមទៀតដើម្បីបញ្ជាក់ពីទំនាក់ទំនងរវាងការបាត់បង់ធ្មេញ និងការសម្រាលកូននេះផងដែរ។
ដោយឡែកក្រោយពីសម្រាលកូនរួច ស្រ្តីក៏មានស្នាមជាំលើផ្ទៃមុខផងដែរ។ ស្រ្តីមានផ្ទៃពោះមួយចំនួនអាចនឹងមានស្នាមជាំខ្មៅលើផ្ទៃមុខ។ ហើយស្នាមនោះ កើតឡើងដោយសារតែការផ្លាស់ប្តូរអ័រម៉ូន និងប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យ។
ស្នាមនេះមិនបង្កគ្រោះថ្នាក់ដល់សុខភាពទេ ហើយក៏មិនមានការឈឺចាប់ដែរ ប៉ុន្តែអាចធ្វើឱ្យស្រ្តីមានការធុញថប់ផ្លូវចិត្តខ្លះៗដោយសារតែស្នាមទាំងនេះផ្ដល់ភាពអវិជ្ជមានដល់រូបសម្រស់ពួកគេ។ យ៉ាងណាមិញ វេជ្ជបណ្ឌិតបានបង្ហាញថាមធ្យោបាយដើម្បីបំបាត់ស្នាមជាំទាំងនោះបាន គឺត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត ដែលនឹងណែនាំអំពីវិធីព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
ទន្ទឹមនឹងនោះ ស្រ្តីគួរជៀសវាងការត្រូវកម្តៅថ្ងៃខ្លាំង ផ្តល់សំណើមដល់ស្បែកជាប្រចាំ និងត្រូវលាងសម្អាតមុខឱ្យបានល្អ។
ជាពិសេសទៅទៀតនោះ ស្រ្តីមានការផ្លាស់ប្តូរផ្នែកខួរក្បាលផងដែរ។ ប្រាកដណាស់ ស្រ្តីជាម្តាយនឹងមានការផ្លាស់ប្តូរការគិតបន្ទាប់ពីសម្រាលកូនរួច៕