សម្ដេច ហ៊ុន សែន បានថ្លែងសារព្រមានមួយដល់ អ្នកដែលបញ្ចេញ យោបល់លើបណ្ដាញ សង្គមរបស់លោក ថាប្រើប្រាស់ពាក្យពេជន៍ឱ្យបានសមរម្យ និងត្រូវប្រធានបទ បើមិនដូចច្នេះ លោកចំណាយពេលមិនដល់ ៧ ម៉ោងទេ លោកនឹងរកមុខបុគ្គលនោះឃើញមិនខាន។
ពាក់ព័ន្ធពីការថ្លែងសាររបស់ សម្ដេច ហ៊ុន សែន នេះដែរ អ្នកវិភាគថា ក្នុងនាមសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី មិនគួរយករឿង Facebook មកគំរាមដល់អ្នកប្រើប្រាស់បណ្ដាញសង្គមដូច្នេះទេ។
អ្នកវិភាគលើកឡើងថា ខ្លួនមិនគាំទ្រការជេរប្រមាថ តិះដៀល គ្នាតាមបណ្ដាញសង្គម Facebook នោះទេ ព្រោះវាជារូបភាពមិនល្អ។
អ្នកស្រាវជ្រាវពីរការអភិវឌ្ឍសង្គម លោក មាស នី បានមានប្រសាសន៍ជាមួយវិទ្យុស្ដ្រី FM 102 នៃ WMC នៅថ្ងៃម្សិលមិញថា លោកមិនគាំទ្រ ឬជំរុញឱ្យមានការប្រើពាក្យជេរប្រមាថ មាក់ងាយគ្នានោះឡើយ។ ប៉ុន្តែទោះយ៉ាងនេះក្ដី លោកបញ្ជាក់ថា សម្ដេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ដ្រីនៃប្រទេស លោកមិនគួរយកករណី Facebook មកគំរាមដល់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះទេ។
លោក មាស នី បន្ថែមដែរថា នាយករដ្ឋមន្ដ្រីគឺប្រៀបបីដូចជាឪពុករបស់រាស្ដ្រ បើសិនជាឪពុកគំរាមដល់កូនរបស់ខ្លួនបែបនេះ គឺនឹងធ្វើឱ្យរាស្ដ្រ មានអារម្មណ៍ថាមិនមានភាពកក់ក្ដៅ ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនឱ្យបានពេញលេញក្នុងការបញ្ចេញមតិ។
លោកបន្ដែមថា៖« ខ្ញុំគិតថាក្នុងនាមគាត់ជានាយករដ្ឋមន្ដ្រី គាត់មិនគួរយកករណី ហ្វេសប៊ុក មកគំរាមគេអ្នកដទៃទេ បើពីដើមគាត់មិនដែលមានហ្វេសប៊ុក លុះឥឡូវគាត់មាន គាត់ចាប់ផ្ដើមយកមកធ្វើជាការគំរាម ហើយឥឡូវនេះយើងឮស្ទើរតែរាល់ថ្ងៃទៅហើយ បើមិនគំរាមក៏បន្លាច បើមិនបន្លាចទេ ចាប់ដាក់គុគ។ អញ្ចឹងហើយភាសាទាំងអស់ហ្នឹង វាមិនមែនជាសញ្ញាមួយបង្ហាញថា ឪពុកជាអ្នកដែលផ្ដល់ភាពកក់ក្ដៅឱ្យកូនប៉ុន្មានទេ»។
ទាក់ទិននឹងការថ្លែងសាររបស់សម្ដេច ហ៊ុន សែន នេះដែរ លោក អំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ (LICADHO) ថា លោកក៏មិនគាំទ្រសម្រាប់ពាក្យជេរប្រមាថផ្សេងៗ ដូចគ្នាដែរ។ តែលោកយល់ឃើញថា ការអនុវត្ដច្បាប់សម្រាប់គណបក្សកាន់អំណាច និង គណបក្សប្រឆាំងគឺ មានសភាពខុសគ្នាឆ្ងាយណាស់។
លោកបញ្ជាក់ថា ជាក់ស្ដែង ដូចជាការវាយតំណាងរាស្ដ្រមកពី គណបក្សប្រឆាំងពីររូប ប៉ុន្ដែបើ ជាមន្ដ្រីគបក្សកាន់អំណាចវិញមិនដល់មួយថ្ងៃផង ការចាប់ខ្លួននឹងកើតមានឡើងភ្លាម ដូចជាការគំរាមលោក សុខ ទូច និងសម្ដេច ស ខេង ជាដើម។
លោក អំ សំអាត ក៏បានបន្ថែមដែរថា អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ដែល បញ្ចេញមតិលើបណ្ដាញសង្គម Facebook របស់សម្ដេច ហ៊ុន សែន គួរតែបញ្ចេញត្រឹម ជាការផ្ដល់ព័ត៌មាន និងការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យសម្ដេចចាត់វិធានការផ្សេងៗ គួរតែចៀសវាងការជេរប្រមាថ និងតិះដៀលធ្ងន់ធ្ងរជាដើម។
លោកបន្ថែមថា៖«ខ្ញុំយល់ថាជាពិត សមត្ថកិច្ចស្រុកខ្មែរ មិនមែនអសមត្ថភាពនោះទេ គាត់អាចធ្វើបាន ក៏ប៉ុន្ដែ បើយើងមើលទៅវាមានភាពខុសគ្នា រវាងដំណើរការផ្នែកច្បាប់របស់ គណបក្សកាន់អំណាចនិង គណបក្សប្រឆាំង ដូចបានដឹងហើយការវាយដំណាងរាស្ដ្រពីរនាក់ របស់គណបក្សប្រឆាំង មកទល់ពេលនេះ ក្រៅតែពីមនុស្សបីនាក់ដែលចេញមកសារភាព មិនទាន់ឃើញសមត្ថកិច្ចស្វែងរកចាប់ជនបង្កផ្សេងទៀត ក៏ដូចជាអ្នកណាដែលនៅពីក្រោយខ្នងបានទេ ប៉ុន្ដែបើអ្នករងគ្រោះជាគណបក្សកាន់អំណាចវិញ មិនដល់មួយថ្ងៃទេជននោះនឹងបានចាប់ខ្លួន»។
លោក អំ សំអាត បន្ថែមទៀតថា៖ «យើង មើលតែការគំរាមតាម រវាងសម្ដេចក្រឡាហោម ស ខេង លោក សុខ ទូច ជាមួយឯកឧត្ដម កឹម សុខា យើងដឹងហើយ» ។
សូមជម្រាបថា នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២៨ ខែធ្នូ សម្ដេច ហ៊ុន សែន ថាការលេងហ្វេសប៊ុករបស់លោក គឺដើម្បីដឹងព័ត៌មានពិតគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីទាំងអស់ ពីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងអ្នកប្រឆាំង៕