ភ្នំពេញ៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីប្រាប់វិទ្យុស្រ្តីនៅរសៀលថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៣នេះថា ករណីស្លាប់បាត់បង់ជីវិតកម្មករចម្ការចេក កូថា ខេត្តរតនគិរីចំនួន ១១នាក់ ត្រូវបានញែកសំណាក់អ្នកស្លាប់ដោយរកឃើញថា មានអ្នកស្លាប់ដោយសារពុលស្រាសចំនួន ៤ នាក់។
ចំណែក ៧នាក់ផ្សេងទៀតក្រុមការងារកំពុងបន្តស៊ើបអង្កេតដោយរកឃើញថា បាត់បង់ជីវិតដោយសារជំងឺរុំារ៉ៃជាប់រាងកាយ ឬដោយសារពុលថ្នាំគីមីដែលបាញ់ក្នុងចម្ការចេកនោះ។
លោកអភិបាលខេត្តរតនគិរីបន្តថា ចំពោះអ្នកស្លាប់ទាំងអស់បច្ចុប្បន្នខាងក្រុមហ៊ុន កូថា របស់វៀតណាមបានទទួលខុសត្រូវដោយផ្តល់ជាសំណងថវិកាជូនក្រុមគ្រួសារសពនិងរៀបចំបុណ្យសពតាមប្រពៃណីសាសនា។
តែយ៉ាងណាលោកថា បរិស្ថានរស់នៅរបស់កម្មករក្នុងរោងចក្រដោយកន្លែងខ្លះគឺខ្វះអនាម័យមិនទាន់ប្រសើរនោះទេ។ តែលោកអះអាងថា បច្ចេកទេសប្រើថ្នាំពុលគីមីក្នុងចម្ការ គឺអនុវត្តតាមមាត្រដ្ឋានត្រឹមត្រូវ ប៉ុន្តែមានកម្មករខ្លះមិនប្រុងប្រយ័ត្នដោយខ្លួនឯងពេលប្រើប្រាស់ថ្នាំបាញ់។
ប្រសាសន៍អភិបាលខេត្តរតនគិរីលោក ញ៉ែម សំអឿន
ទាក់ទងករណីនេះ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកពេលផ្ទុះករណីនេះដំបូងៗថា ការស្លាប់នេះអាចបណ្តាលមកពីការពុលសារធាតុគីមី បាញ់សម្លាប់សត្វល្អិត រួមផ្សំនឹងការរស់នៅមិនមានអនាម័យស្អាត។
សូមរំលឹកជូនថា ករណីកម្មករស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នៅចម្ការចេក ថាកូ(Thagrico) ដែលគ្រប់គ្រងដោយជនជាតិវៀតណាម ក្នុងស្រុកកូនមុំ ខេត្តរតនគិរីនេះ កើតឡើងចាប់តាំងពីថ្ងៃទី១៦ ខែមិថុនាមកម្ល៉េះ។
សារព័ត៌មានក្នុងស្រុកមួយចំនួនធ្លាប់ធ្វើសេចក្តីរាយការណ៍ពីបញ្ហាការប្រើប្រាស់ថ្នាំគីមីពុលក្នុងចម្ការចេកនេះមុនពេលកើតមានករណីស្លាប់ទៅទៀត ដោយកម្មករធ្លាប់ត្អូញត្អែរពីបញ្ហាសុខភាពដូចជាមានអាការៈវិលមុខ បញ្ហាក្រពះ ក្អួតចង្អោរ និងឈឺក្បាល បន្ទាប់ពីបាញ់ថ្នាំរួច៕