យោងតាមសារព័ត៌មាន BBC បានរាយការណ៍ឱ្យដឹងថា ក្រុមតាលីបង់បានបញ្ជាឱ្យហាងផាត់មុខ និងហាងធ្វើសក់ទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបិទទ្វារជាបន្ទាន់ ដែលធ្វើឱ្យស្រ្តីអាហ្វហ្គានីស្ថានយល់ថា ក្រុមតាលីបង់កំពុងបំពានលើសិទ្ធិរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។
(កញ្ញា កែវ សុជាតា រាយការណ៍)
អ្នកនាំពាក្យក្រសួងគុណធម៌របស់អាហ្វហ្គានីស្ថាន បានប្រាប់សារព័ត៌មាន BBC ថា រដ្ឋាភិបាលតាលីបង់បានដាក់បញ្ជាឱ្យអាជីវករផ្នែកផាត់មុខនិងធ្វើសក់ទាំងអស់នៅប្រទេសអាហ្វហ្គានីស្ថាន បិទទ្វារជាបន្ទាន់ ចាប់ផ្តើមពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ។ ។ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា អាជីករទាំងអស់មានរយៈពេលមួយខែ ដើម្បីអនុវត្តតាមបទបញ្ជា បើមិនដូច្នោះទេ រដ្ឋាភិបាលនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។
ទន្ទឹមគ្នានេះដែរ ស្ត្រីអាហ្វហ្គានីស្ថានម្នាក់បានចេញមុខប្រតិកម្មនឹងច្បាប់ថ្មីនេះ ដោយនិយាយប្រាប់សារព័ត៌មាន BBC ថា រដ្ឋាភិបាលតាលីបង់កំពុងដកហូតសិទ្ធិរស់នៅប្រចាំថ្ងៃរបស់ស្ត្រីអាហ្វហ្គានីស្ថានជាបន្តបន្ទាប់ឥតកោតក្រែង។ អ្នកស្រីនិយាយទាំងខកចិត្តថា រដ្ឋាភិបាលតាលីបង់បាននិងកំពុងរំលោភសិទ្ធិស្ត្រីជាខ្លាំង ហើយឥឡូវថែមទាំងព្យាយាមមិនឱ្យស្រ្តីធ្វើការកំប៉ិកកំប៉ុក ដើម្បីចិញ្ចឹមក្រពះថែមទៀត។
ទោះបីជាយ៉ាងណា អ្នកស្រីកត់សម្គាល់ថា រដ្ឋាភិបាលតាលីបង់ហាក់បីដូចជាមិនមានផែនការណាមួយក្រៅពីផ្តោតលើការបំពានលើសិទ្ធិស្ត្រីនោះទេ ជាពិសេសពួកគេកំពុងព្យាយាមលុបបំបាត់ស្ត្រីនៅគ្រប់កម្រិតនៃជីវិតសាធារណៈ។
ដោយឡែក ស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះបាននិយាយថា វាជាព័ត៌មានគួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ស្រ្តី និងអាជីវករទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ស្រ្តីរូបនេះបានបន្ថែមថា ហាងផាត់មុខធ្វើសក់មួយចំនួនបានបិទទ្វារភ្លាមៗ បន្ទាប់ពីបានដឹងដំណឹងអំពីច្បាប់ហាមប្រាមថ្មីនេះ។
យ៉ាងណានៅក្នុងករណីនេះទៀតសោត រដ្ឋាភិបាលតាលីបង់មិនបានពន្យល់ពីអ្វីដែលជំរុញឱ្យមានការហាមប្រាមមិនឱ្យមានហាងផាត់មុខធ្វើសក់ ឬចេញមុខបកស្រាយពីគោលនយោបាយរបស់ពួគគេឡើយ។
គួរបញ្ជាក់ថា ការបញ្ជាឱ្យបិទហាងផាត់មុខធ្វើសក់នេះពុំមែនជាលើកទីមួយនោះទេ ពោលគឺក្រុមតាលីបង់ ធ្លាប់បានហាមប្រាមកាលពីពួកគេគ្រប់គ្រងអំណាចប្រទេសអាហ្វហ្គានីស្ថានចន្លោះឆ្នាំ១៩៩៦-២០០១។ ក៏ប៉ុន្តែហាងទាំងនេះបានបើកឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិកមកគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានបន្តពីក្រុមតាលីបង់។
ជាការកត់សម្គាល់ ក្រោយក្រុមតាលីបង់ឡើងកាន់អំណាចសារជាថ្មី ពោលគឺកាលពីពីរឆ្នាំមុន ហាងផាត់មុខធ្វើសក់នៅតែបន្តបើកដំណើរការជាធម្មតា ក៏ប៉ុន្តែជារឿយៗ អាជីវករតែងបិទបង្អួច និងប្រកបរបរដោយលួចលាក់។
សូមជម្រាបថា ចាប់តាំងពីក្រុមតាលីបង់បានដណ្តើមអំណាចនៅឆ្នាំ២០២១មក សិទ្ធិសេរីភាពរបស់ស្ត្រីអាហ្វហ្គានីស្ថានបានធ្លាក់ចុះជាលំដាប់។ ក្រុមតាលីបង់បានហាមឃាត់ក្មេងស្រីជំទង់ និងស្ត្រីមិនឱ្យទៅចូលរៀននៅសាលា ហាមប្រាមមិនឱ្យទៅកន្លែងហាត់ប្រាណ ឬសួនកម្សាន្តនានា ហើយថ្មីៗនេះ រដ្ឋាភិបាលតាលីបង់ថែមទាំងហាមស្រ្តីមិនឱ្យទៅធ្វើការនៅអង្គការមិនមែនរដ្ឋាភិបាលថែមទៀតផង។
ផ្សារភ្ជាប់នឹងការហាមប្រាម ក្រុមតាលីបង់ក៏បានចេញអនុក្រឹត្យថា ស្ត្រីគួរតែស្លៀកពាក់តាមរបៀបដែលគ្រាន់តែបង្ហាញភ្នែករបស់ពួកគេតែប៉ុណ្ណោះ ហើយត្រូវមានសាច់ញាតិជាបុរសដើរអមពួកគេ ប្រសិនបើស្រ្តីទាំងនេះធ្វើដំណើរលើសពី ៧២ គីឡូម៉ែត្រ។ ការដាក់សម្ពាធលើស្រ្តីនៅតែបន្តកើនឡើង បើទោះបីជាសហគមន៍អន្តរជាតិបានថ្កោលទោសរដ្ឋាភិបាលតាលីបង់យ៉ាងណាក៏ដោយ៕
ប្រភព៖ BBC ចុះថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣