នៅល្ងាចថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបាន អង្គព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោយពេលវិសោធកម្មឆ្លងកាត់ស្ថាប័នជាតិធំ ដោយឥតកែប្រែដែលប្រើពេលជាង១០ គិតពីថ្ងៃទី២៣ ខែមិថុនាមក។
សូមរម្លឹកថា ក្រោយពេលរដ្ឋសភាសម្រេចយល់ព្រមលើសំណើរដោយគ្មានការកែប្រែ ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតក៏បានទៅដល់ព្រឹទ្ធសភា។ ស្របពេលនោះដែលគណបក្សភ្លើងទៀន ក៏បានចេញសេចក្ដីថ្លែងការស្នើឱ្យស្ថាប័ននីតិបញ្ញត្តិមួយនេះ ពិចារណាចៀសវាងអនុម័តវិសោធកម្មដែលមិនស្របនិងកតិកាសញ្ញាសន្ធិសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារី ព្រោះមិនបានបម្រើប្រយោជន៍ប្រជាពលរដ្ឋទូទៅ។
តែយ៉ាងណា ស្ថានប័នព្រឹទ្ធសភានៅតែសម្រេចយល់ព្រមលើច្បាប់នេះដដែរ រហូតឆ្លងដល់ក្រុមប្រឹក្សាធម្មនុញ្ញ។ ស្ថាប័នកំពូលចុងក្រោយនេះ នៅថ្ងៃទី៣ ខែកក្កដា បានសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតថ្មី គឺស្របនឹងរដ្ឋធម្មនុញ្ញ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ផ្ដោតសំខាន់លើបេក្ខជនដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោតមិនថា ឃុំ/សង្កាត់ តំណាងរាស្ដ្រ និងក្រុមប្រឹក្សាស្រុក/ខណ្ឌ គឺត្រូវបំពេញកាតព្វកិច្ចទៅបោះឆ្នោតជាសកលចំនួន២លើកចុងក្រោយជាប់គ្នា ទើបអាចឈរឈ្មោះបាន។ ក្រៅពីនេះ ក៏មានការផាកពិន័យជាទឹកប្រាក់ ចំពោះការហាមប្រាមពលរដ្ឋដែលមានសិទ្ធិបោះឆ្នោយមិនឱ្យទៅបោះឆ្នោត ឬបង្កផលប៉ះពាល់ដល់ដំណើរការបោះឆ្នោតផងដែរ។
ជាការកត់សម្គាល់ ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតបានកើតឡើងដោយសារមានចលនាលើបណ្តាញសង្គមបានបង្ហោះសារជាច្រើនមិនឱ្យពលរដ្ឋចេញទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល ជាការបង្ហាញពហិការមិនពេញចិត្ត ខណៈគណបក្សភ្លើងទៀនមិនបានចូលរួមការប្រកូតប្រជែងក្នុងការបោះឆ្នោតជាតិខាងមុខនេះ។ ជាងនេះច្បាប់នេះបានកើតឡើងក្រោយពីនាយករដ្ឋមន្រ្តីបានប្រតិកម្មខ្លាំងៗផងដែរ៕