en     km
en     km

ចិនព្រមានពី”គ្រោះមហន្តរាយធម្មជាតិជាច្រើន”នៅខែកក្កដានេះ

Share

ក្រុងប៉េកាំងៈ អាជ្ញាធរ​ចិន​បាន​ព្រមាន​អំពី​អាកាសធាតុ​មិនល្អ និង​ “គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​ច្រើន” ក្នុង​ខែ​កក្កដានេះ ក្នុងនោះមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅតំបន់​មួយចំនួន​នៃ​ប្រទេសចិននឹងត្រូវ​​ជម្លៀសមនុស្ស​រាប់​ពាន់​នាក់​​ចេញពីលំនៅស្ថាន។រាយការណ៍ដោយ កញ្ញា គុជ ស៊ីកុល

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃអង្គារ ទី ៤ ខែកក្កដា ឆ្នាំ២០២៣​ បានចេញផ្សាយការប្រកាសអាសន្នពីគ្រោះមហន្តរាយដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ភាគកណ្តាល និងភាគនិរតីនៃប្រទេសចិន។សារព័ត៌មានស៊ីនហួរបានផ្សាយថា អាជ្ញាធរឧតុនិយមបានព្រមានថាប្រទេសចិនអាច​​ប្រឈមនឹង “គ្រោះមហន្តរាយធម្មជាតិជាច្រើននៅក្នុងខែកក្កដា រួមទាំងទឹកជំនន់ អាកាសធាតុមិនល្អ  ព្យុះទីហ្វុង និងសីតុណ្ហភាពឡើងក្ដៅខ្លាំងជាដើម” ។

កាសែត Chongqing Daily បានផ្សាយកាលពីថ្ងៃចន្ទទី៣ ខែកក្កដាថាផ្ទះរាប់សិបខ្នងនិងផ្លូវជាច្រើនត្រូវបានខូចខាតនៅក្នុងខេត្ត Shaanxi ភាគពាយ័ព្យនៃប្រទេសចិន ដោយសារភ្លៀងធ្លាក់ខ្លាំង មិនធ្លាប់មានក្នុងរយៈពេលហាសិបឆ្នាំ” កាលពីចុងសប្តាហ៍កន្លងទៅ។

យោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV ភ្លៀងធ្លាក់នៅតំបន់ម៉ុងហ្គោលីខាងក្នុង បានបង្កជាទឹកជំនន់ភ្លាមៗកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សម្នាក់ និងបាត់ខ្លួនពីរនាក់។មន្ត្រីប្រចាំតំបន់ក៏បាននិយាយផងដែរថា មនុស្សជាង១ម៉ឺននាក់នៅក្នុងខេត្ត Hunan ភាគកណ្តាលត្រូវបានជម្លៀសចេញពីទឹកជំនន់កាលពីសប្តាហ៍មុន ដែលបានបំផ្លាញផ្ទះជាង ២ពាន់ខ្នង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ផ្សព្វផ្សាយ​វីដេអូដែលគេមើលឃើញ​រថយន្ត​​រអណ្ដែត​តាម​ផ្លូវ​លិច​ទឹក​ក្នុង​ខេត្ត​ហ៊ូណាន​កាល​ពី​សប្តាហ៍​មុន ហើយ​ទឹក​ភ្លៀង​ហូរ​​កាត់​​ផ្ទះល្វែង និង​ហាងទំនិញផងដែរ។

ជាមួយគ្នានេះសារព័ត៌មានរដ្ឋ CGTN បានរាយការណ៍ថា ចាប់តាំងពីថ្ងៃសុក្រទី៣០ ខែមិថុនាមក ក្រុមអ្នកជួយសង្គ្រោះនៅតំបន់ផ្សេងៗនៃភាគខាងត្បូងប្រទេសចិន រួមទាំងខេត្ត Guizhou ភាគនិរតី បាននិងកំពុងជម្លៀសមនុស្ស និងសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាពពីទឹកជំនន់ និងការរអិលបាក់ដី។ប្រព័ន្ធផ្សព្វ​ផ្សាយ​បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារផ្នែកខ្លះនៃខេត្តយូណានកាលពីចុងសប្តាហ៍ ដោយបានហូរនាំរថយន្តនៅតាមដងផ្លូវដែលមើលទៅដូចជាទឹកទន្លេ។

ការរអិលបាក់ដីនៅក្នុងខេត្ត Sichuanនៅភាគនិរតីបានសម្លាប់មនុស្សជាច្រើននាក់កាលពីសប្តាហ៍មុន។ទឹកជំនន់បានកើតឡើងស្របពេលជាមួយនឹងរលកកំដៅនៅក្នុងផ្នែកផ្សេងទៀតនៃប្រទេសចិន ដោយមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបានព្រមានអ្នកស្រុកនៅក្នុងរដ្ឋធានីប៉េកាំង និងតំបន់ជាច្រើនផ្សេងទៀតឱ្យស្នាក់នៅក្នុងផ្ទះនៅពេលមានសីតុណ្ហភាពក្ដៅខ្លាំង។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ដោយដកស្រង់មជ្ឈមណ្ឌលអាកាសធាតុជាតិថា ភាគខាងជើងប្រទេសចិននៅតែមានអាកាសធាតុក្តៅខុសពីធម្មតា។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា អាកាសធាតុក្តៅត្រូវបានគេរំពឹងថានឹងអូសបន្លាយរយៈពេល១០ថ្ងៃទៀត ខណៈដែលពលរដ្ឋចិនខ្លះមានកំហឹង និងបានបង្ហោះការខកចិត្តរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

 ប្រទេសចិនមានសីតុណ្ហភាពកើនឡើងខ្លាំងក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៦១ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលឧតុនិយមជាតិកាលពីថ្ងៃអាទិត្យ។នៅក្នុងខែមិថុនា ទីក្រុងប៉េកាំងបានឡើងកំដៅខ្លាំងក្នុងរយៈពេល១៤ថ្ងៃ ដែលមានសីតុណ្ហភាពលើសពី 35 អង្សាសេ ដែលត្រូវនឹងកំណត់ត្រាកាលពីខែកក្កដា ឆ្នាំ២០០០ នេះបើយោងតាមសារព័ត៌មានរដ្ឋ Beijing Evening News ។ អ្នកវិទ្យាសាស្ត្រនិយាយថា ការកើនឡើងសីតុណ្ហភាពពិភពលោក ដែលភាគច្រើនបណ្តាលមកពីការដុតឥន្ធនៈហ្វូស៊ីល កំពុងធ្វើឱ្យអាកាសធាតុកាន់តែធ្ងន់ធ្ងរនៅទូទាំងពិភពលោក ហើយប្រទេសជាច្រើននៅអាស៊ីបានជួបប្រទះរលកកំដៅដ៏ខ្លាំង និងសីតុណ្ហភាពខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ប្រទេសចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតនៅលើពិភពលោក ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ C N A ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង