ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់គម្រោង “បង្កើនការទទួលបានព័ត៌មានសាធារណៈ” ដែលបានអនុវត្តរយៈពេលបីឆ្នាំនៅខេត្តចំនួន ៥ វិទ្យាស្ថានតស៊ូតមតិ និងគោលនយោបាយ ដែលបានសហការជាមួយអង្គការដៃគូចំនួន ៦ ផ្សេងទៀត បានបង្ហាញលទ្ធផលនៅថ្ងៃម្សិលមិញថា ការបើកចំហព័ត៌មានសាធារណៈនៅថ្នាក់ក្រោមជាតិ មានភាពកាន់តែប្រសើរជាងមុន។ ភាពល្អប្រសើរនេះ ក៏ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងបើកទូលាយពីអាជ្ញាធរជាដើម។
កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ៖
ការបើកចំហព័ត៌មាននៅថ្នាក់ក្រោមជាតិ កាន់តែមានភាពប្រសើរជាងមុន។ នេះជាការលើកឡើងរបស់លោក ណែប ស៊ីនថៃ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងលោក ជុក បឿន មេឃុំសំរោងទង នៅក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ការចែករំលែកមេរៀន និងបទពិសោធ ក្នុងយុទ្ធនាការបើកចំហព័ត៌មាន” នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ ការលើកឡើងនេះ បន្ទាប់ពីអង្គការសង្គមស៊ីវិលចំនួន ៧ បានបញ្ចប់ការអនុវត្តគម្រោង “បង្កើនការទទួលបានព័ត៌មានសាធារណៈ” ដើម្បីរួមចំណែក កាន់បន្ថយភាពក្រីក្រ និងបង្កើនអភិបាលកិច្ចល្អនៅនៅថ្នាក់ក្រោមជាតិ។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ណែប ស៊ីនថៃ បានថ្លែងថា តាមរយៈការកត់សម្គាល់របស់លោកក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ឃើញថា ការបើកចំហព័ត៌មានសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ មានលទ្ធផលវិជ្ជមានកាន់តែប្រសើរជាងមុន។
លោកបន្តថា មូលហេតុហេតុដែលនាំឱ្យមានភាពប្រសើរឡើងនៃការបើកចំហព័ត៌មាននៅថ្នាក់ក្រោមជាតិនេះ មានកត្តារួមផ្សំមួយចំនួនរួមមាន៖ គម្រោងយុទ្ធនាបង្កើនការទទួលព័ត៌មានសាធារណៈរបស់សង្គមស៊ីវិលដែលបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ គោលនយោបាយគណនេយ្យសង្គមរបស់ជាតិដែលរដ្ឋាភិបាលបានចាប់ផ្តើមបើកចំហព័ត៌មាន ក៏ដូចជាដំណើរការឆ្ពោះទៅកាន់កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ក្រសួងមហាផ្ទៃ ព្រមទាំងការគួបផ្សំនឹងបរិបទក្នុងតំបន់ក៏ដូចជាពិភពលោក ដែលតម្រូវឱ្យរដ្ឋាភិបាលបើកចំហទាំងសេវាសាធារណៈ ការទទួលបានព័ត៌មានទាក់ទងថវិកា គោលនយោបាយ និងកិច្ចសន្ទនាផ្សេងៗ។
លោក ណែប ស៊ីនថៃ បានមានប្រសាសន៍បន្តថា ការបើកចំហព័ត៌មាននៅថ្នាក់ក្រោមជាតិ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដោយសារតែពលរដ្ឋគឺ ជាអ្នករស់នៅថ្នាក់ក្រោមជាតិ ហើយកន្លងមកប្រជាពលរដ្ឋតែងតែចំណាយថវិកាលើសលប់ទៅលើសេវាសាធារណៈ។ ដូច្នេះហើយ ការបើកចំហព័ត៌មានជាសាធារណៈ នឹងអាចបន្ថយការចំណាយរបស់ប្រជាពលរដ្ឋទៅលើសេវាសាធារណៈ ដែលពួកគាត់ទទួលបានពីអាជ្ញាធរ ហើយទន្ទឹមនឹងនេះ វាក៏ជួយឱ្យប្រជាពលរដ្ឋខ្លួនឯងកាន់តែយល់ដឹងពីសិទ្ធិក្នុងការទាមទារ និងសិទ្ធិដឹងពីគម្រោងអភិវឌ្ឍនានារបស់រដ្ឋាភិបាល។
លោកបន្ថែមថា៖ «សំខាន់ជាងនេះទៅទៀតគឺថា យើងបានបន្ស៉ាំនូវរបៀបដែលអាជ្ញាធរមូលដ្ឋានគាត់ផ្តល់សេវា ជាពិសេសដែលគាត់ហ៊ានលាតត្រដាង ដែលពីមុនមកសូម្បីមេឃុំក៏គាត់មិនហ៊ានទេ ឥឡូវគាត់ឈានជំហ៊ានវិជ្ជមានមួយគឺថា គាត់លាតត្រដាងនូវសេវាសាធារណៈ»។
ចំណែក លោក ជុក បឿន មេឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ការបើកចំហព័ត៌មាននៅក្នុងឃុំរបស់លោក បានបើកយ៉ាងទូលាយសម្រាប់ពលរដ្ឋ ជាពិសេសសេវារបស់រដ្ឋបាលឃុំ។ លោកបន្តថា ជារៀងរាល់ខែសមាជិកឃុំតែងតែធ្វើការប្រជុំជាមួយប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយព័ត៌មានផ្សេងៗ។
មេឃុំ ស្រុកសំរោងទងរូបនេះ បានឱ្យដឹងទៀតថា បើទោះជាមានការបើកទូលាយព័ត៌មានល្អជាងមុនក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែមិនទាន់មានការយល់ដឹងពីបញ្ហាមួយចំនួន ក៏ដូចជាតម្លៃសេវាសាធារណៈនោះទេ។
សូមជម្រាបថា រយៈពេលបីឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៥ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ សហការជាមួយអង្គការដៃគូចំនួន ៦ ទៀតរួមមាន អង្គការម្លប់បៃតង អង្គការទ្រទ្រង់ស្ត្រីខ្មែរ សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល អង្គការទ្រទ្រង់ភូមិ អង្គការពុទ្ធិកសមាគមខ្មែរនៅកម្ពុជា និងអង្គការមាត្រាទី១៨ បានអវត្តគម្រោង “បង្កើនការទទួលបានព័ត៌មានសាធារណៈ” នៅក្នុងឃុំចំនួន ៤៩ ស្រុកចំនួន ១០ នៃខេត្តចំនួន ៥ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រក្រី និងធ្វើឱ្យមានសមភាពក្នុងចំណោមក្រុមងាយរងគ្រោះ តាមរយៈការបង្កើនអភិបាលកិច្ចល្អនៅថ្នាក់ក្រោមជាតិ៕