en     km
en     km

សង្គម​ស៊ី​វិល​ និង​អាជ្ញាធរ​មូលដ្ឋាន​ថា​ ការ​បើកចំហ​ព័ត៌មាន​នៅ​ថ្នាក់​ក្រោម​ជាតិ​ មាន​ភាព​ប្រសើរ​ជាង​មុន

Share

cover-workshop-at-Himawari-
ភ្នំពេញ៖​  ​បន្ទាប់​ពី​បញ្ចប់​គម្រោង​ “​បង្កើន​ការ​ទទួល​បាន​ព័ត៌មាន​សាធារណៈ​”​ ដែល​បាន​អនុវត្ត​រយៈពេល​បី​ឆ្នាំ​នៅខេត្ត​ចំនួន​ ៥​  វិទ្យាស្ថាន​តស៊ូ​ត​មតិ​ និង​គោលនយោបាយ​ ដែល​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​ចំនួន​ ៦​ ផ្សេង​ទៀត​ បាន​បង្ហាញ​លទ្ធផល​នៅ​ថ្ងៃ​ម្សិលមិញ​ថា​ ការ​បើកចំហ​ព័ត៌មាន​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​ មាន​ភាព​កាន់តែ​ប្រសើរ​ជាង​មុន​។​ ភាពល្អ​ប្រសើរ​នេះ​ ក៏​ដោយសារ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​ និង​បើក​ទូលាយ​ពី​អាជ្ញាធរ​ជាដើម​។​

​កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​៖


​ការ​បើកចំហ​ព័ត៌មាន​នៅ​ថ្នាក់​ក្រោម​ជាតិ​ កាន់តែ​មាន​ភាព​ប្រសើរ​ជាង​មុន​។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ ណែ​ប​ ស៊ី​ន​ថៃ​ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​ និង​លោក​ ជុក​ បឿន​ មេឃុំ​សំរោង​ទង​  នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តី​ពី​ “​ការ​ចែករំលែក​មេរៀន​ និង​បទ​ពិសោធ​ ក្នុង​យុទ្ធនាការ​បើកចំហ​ព័ត៌មាន​”​ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​។​ ការ​លើក​ឡើង​នេះ​ បន្ទាប់​ពី​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ៧​ បាន​បញ្ចប់​ការ​អនុវត្ត​គម្រោង​ “​បង្កើន​ការ​ទទួល​បាន​ព័ត៌មាន​សាធារណៈ​”​ ដើម្បី​រួមចំណែក​ កាន់​បន្ថយ​ភាព​ក្រីក្រ​ និង​បង្កើន​អភិបាលកិច្ច​ល្អ​នៅ​នៅ​ថ្នាក់​ក្រោម​ជាតិ​។​

Neb-Sinthai
លោក​ ណែ​ប​ ស៊ី​ន​ថៃ

​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​ លោក​ ណែ​ប​ ស៊ី​ន​ថៃ​ បាន​ថ្លែង​ថា​ តាម​រយៈ​ការ​កត់សម្គាល់​របស់​លោក​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ ឃើញ​ថា​ ការ​បើកចំហ​ព័ត៌មាន​សេវា​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​ មាន​លទ្ធផល​វិជ្ជមាន​កាន់តែ​ប្រសើរ​ជាង​មុន​។​

​លោក​បន្ត​ថា​ មូលហេតុ​ហេតុ​ដែល​នាំ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នៃ​ការ​បើកចំហ​ព័ត៌មាន​នៅ​ថ្នាក់​ក្រោម​ជាតិ​នេះ​ មាន​កត្តារួម​ផ្សំ​មួយ​ចំនួន​រួម​មាន​៖​ គម្រោង​យុទ្ធនា​បង្កើន​ការ​ទទួល​ព័ត៌មាន​សាធារណៈ​របស់​សង្គម​ស៊ី​វិល​ដែល​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​  គោលនយោបាយ​គណនេយ្យ​សង្គម​របស់​ជាតិ​ដែល​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​បើកចំហ​ព័ត៌មាន​ ក៏​ដូច​ជា​ដំណើរការ​ឆ្ពោះទៅ​កាន់​កំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​របស់​ក្រសួងមហាផ្ទៃ​ ព្រមទាំង​ការ​គួប​ផ្សំ​នឹង​បរិបទ​ក្នុង​តំបន់​ក៏​ដូច​ជា​ពិភពលោក​ ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​បើកចំហ​ទាំង​សេវា​សាធារណៈ​ ការ​ទទួល​បាន​ព័ត៌មាន​ទាក់ទង​ថវិកា​ គោលនយោបាយ​ និង​កិច្ច​សន្ទនា​ផ្សេងៗ​។​

​លោក​ ណែ​ប​ ស៊ី​ន​ថៃ​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ ការ​បើកចំហ​ព័ត៌មាន​នៅ​ថ្នាក់​ក្រោម​ជាតិ​ មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ ដោយសារ​តែ​ពលរដ្ឋ​គឺ​ ជា​អ្នក​រស់នៅ​ថ្នាក់​ក្រោម​ជាតិ​ ហើយ​កន្លង​មក​ប្រជាពលរដ្ឋ​តែងតែ​ចំណាយ​ថវិកា​លើសលប់​ទៅ​លើ​សេវា​សាធារណៈ​។​ ដូច្នេះ​ហើយ​ ការ​បើកចំហ​ព័ត៌មាន​ជា​សាធារណៈ​ នឹង​អាច​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​សេវា​សាធារណៈ​ ដែល​ពួក​គាត់​ទទួល​បាន​ពី​អាជ្ញាធរ​ ហើយ​ទន្ទឹម​នឹង​នេះ​ វា​ក៏​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួនឯង​កាន់តែ​យល់​ដឹង​ពី​សិទ្ធិ​ក្នុង​ការ​ទាមទារ​ និង​សិទ្ធិ​ដឹង​ពី​គម្រោង​អភិវឌ្ឍ​នានា​របស់​រដ្ឋាភិបាល​។​

​លោក​បន្ថែម​ថា​៖​ «​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺថា​ យើង​បា​នប​ន្ស៉ាំ​នូវ​របៀប​ដែល​អាជ្ញាធរ​មូលដ្ឋាន​គាត់​ផ្តល់​សេវា​ ជា​ពិសេស​ដែល​គាត់​ហ៊ាន​លាតត្រដាង​ ដែល​ពី​មុន​មក​សូ​ម្បី​មេឃុំ​ក៏​គាត់​មិន​ហ៊ាន​ទេ​ ឥឡូវ​គាត់​ឈាន​ជំ​ហ៊ាន​វិជ្ជមាន​មួយ​គឺថា​ គាត់​លាតត្រដាង​នូវ​សេវា​សាធារណៈ​»​។​

លោក​ ជុក​ បឿន
លោក​ ជុក​ បឿន

ចំណែក​ លោក​ ជុក​ បឿន​ មេឃុំ​សំរោង​ទង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បើកចំហ​ព័ត៌មាន​នៅ​ក្នុង​ឃុំ​របស់​លោក​ បាន​បើក​យ៉ាង​ទូលាយ​សម្រាប់​ពលរដ្ឋ​ ជា​ពិសេស​សេវា​របស់​រដ្ឋបាល​ឃុំ​។​ លោក​បន្ត​ថា​ ជា​រៀង​រាល់​ខែ​សមាជិក​ឃុំ​តែងតែ​ធ្វើការ​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​។​

​មេឃុំ​ ស្រុក​សំរោង​ទង​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ បើ​ទោះជា​មានការ​បើក​ទូលាយ​ព័ត៌មាន​ល្អ​ជាង​មុន​ក៏​ដោយ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​មានការ​យល់​ដឹង​ពី​បញ្ហា​មួយ​ចំនួន​ ក៏​ដូច​ជា​តម្លៃ​សេវា​សាធារណៈ​នោះ​ទេ​។​

​សូម​ជម្រាប​ថា​ រយៈពេល​បី​ឆ្នាំ​ ចាប់តាំងពី​ឆ្នាំ​ ២០១៣​ ដល់​ឆ្នាំ​២០១៥​ វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​ សហការ​ជាមួយ​អង្គការ​ដៃគូ​ចំនួន​ ៦​ ទៀត​រួម​មាន​ អង្គការ​ម្លប់​បៃតង​ អង្គការ​ទ្រទ្រង់​ស្ត្រី​ខ្មែរ​ សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ អង្គការ​ទ្រទ្រង់​ភូមិ​ អង្គការ​ពុទ្ធិក​សមាគម​ខ្មែរ​នៅ​កម្ពុជា​ និង​អង្គការ​មាត្រា​ទី​១៨​ បាន​អ​វត្ត​គម្រោង​ “​បង្កើន​ការ​ទទួល​បាន​ព័ត៌មាន​សាធារណៈ​”​  នៅ​ក្នុង​ឃុំ​ចំនួន​ ៤៩​ ស្រុក​ចំនួន​ ១០​ នៃ​ខេត្ត​ចំនួន​ ៥​ ដើម្បី​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រក្រី​ និង​ធ្វើ​ឱ្យ​មាន​សមភាព​ក្នុង​ចំណោម​ក្រុម​ងាយ​រង​គ្រោះ​ តាម​រយៈ​ការ​បង្កើន​អភិបាលកិច្ច​ល្អ​នៅ​ថ្នាក់​ក្រោម​ជាតិ​៕

Share

Image
Image
Image