en     km
en     km

កីឡាការិនីប្រេស៊ីលម្នាក់បេ្តជ្ញានឹងលើកពានក្នុងការប្រកួត World Cup ២០២៣ ក្រោយបរាជ័យ៥លើក

Share

 

កីឡាការិនី Marta ជាកីឡាការិនីដ៏ឆ្នើមមួយរូប ដែលលេងតំណាងឱ្យក្រុមជម្រើសជាតិប្រេស៊ីល បានប្តេជ្ញាចិត្តនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃច័ន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ថានឹងដណ្តើមពាន World Cup ២០២៣ ឱ្យបាន។

(កញ្ញា កែវ សុជាតា រាយការណ៍)

បើយោងតាមសារព័ត៌មាន Associated  Press បានរាយការណ៍ថា កីឡាការិនី Marta សម្រេចចូលប្រកួតតំណាងឱ្យប្រទេសប្រស៊ីលនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា World Cup ២០២៣ ដែលប្រទេសអូស្ត្រាលី និងនូវែលសេឡង់ធ្វើជាម្ចាស់ផ្ទះ។

តាមប្រភពសារព័ត៌មានដដែលបានឱ្យដឹងបន្ថែមទៀតថា កីឡាការិនី Marta មានវ័យ ២៧ ឆ្នាំ និងជាកីឡាការិនីដ៏ឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្រ្តកីឡាបាល់ទាត់នារី ក៏ប៉ុន្តែកីឡាការិនីរូបនេះមិនទាន់បានលើកពាន World Cup នៅឡើយទេ។ ទន្ទឹមគ្នានេះដែរ កីឡាការិនី Marta ធ្លាប់បានចូលប្រកួតព្រឹត្តិការណ៍កីឡា World Cup សម្រាប់នារី ប្រាំលើកមកហើយ​។

ដោយឡែក កីឡាការិនី Marta បានប្រាប់អ្នកកាសែតប្រេស៊ីលនៅថ្ងៃច័ន្ទ ទី៣ ខែកក្កដា មុនចេញដំណើរទៅប្រកួតនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ថា ការប្រកួតលើកទី៦នេះ អាចជាការប្រកួត World Cup ចុងក្រោយរបស់អ្នកស្រី ដ្បិតអ្នកស្រីចង់មានពេលវេលាសម្រាប់មើលថែសុខភាពខ្លួនឯង និងបំពេញការងារផ្សេងៗទៀត។

នៅក្នុងនោះដែរ គ្រូបង្វឹកក្រុមបាល់ទាត់នារីប្រេស៊ីល អ្នកស្រី Pia Sundhage បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Associated Press កាលពីខែមុនថា កីឡាការិនី Marta ប្រហែលជាមិនស្ថិតក្នុងជម្រើសដំបូងសម្រាប់ក្រុមប្រេស៊ីលភ្លាមៗនោះទេ ដោយសារតែកីឡាការិនី Marta ទើបតែជាសះស្បើយពីរបួសជង្គង់ខាងឆ្វេង។ ជាការកត់សម្គាល់ កាលពីឆ្នាំមុន កីឡាការិនី Marta បានអវត្តមាន ១១ ខែពីក្រុមជម្រើសជាតិប្រេស៊ីល ក្រោយអ្នកស្រីត្រូវទៅវះកាត់ និងព្យាបាលរបួសជើង។

យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣ កីឡាការិនី Marta ចូលប្រកួតបានពីរបីនាទី អំឡុងពេលប្រេស៊ីលប៉ះគ្នាជាមួយប្រទេសឈីលីក្នុងការប្រកួតបែបមិត្តភាពមុនពេលធ្វើដំណើរទៅប្រកួត World Cup នៅក្នុងសប្តាហ៍នេះ។

សូមជម្រាបថា កីឡាការិនី Marta ដែលជាកីឡាការិនីឆ្នើម ដែលតែងស៊ុតបញ្ចូលទីនាំមុខគេគ្រប់ការប្រកួតទាំងអស់របស់ជម្រើសប្រេស៊ីល។ មកទល់នឹងពេលនេះ កីឡាការិនីរូបនេះបានរកគ្រាប់បាល់ចំនួន ១១៧ គ្រាប់រួចមកហើយ។ កីឡាការិនី Marta បាននិយាយថា អ្នកស្រីសុំថ្លែងអំណរគុណចំពោះឱកាសកន្លងមក​ដែលនាំអ្នកស្រីឱ្យស្គាល់វិស័យកីឡា ជាពិសេសអ្នកស្រីមានមោទនភាពជាខ្លាំង ក្រោយបានចូលរួមប្រកួត World Cup លើកទី៦នេះ។

គួរបញ្ជាក់ដែរថា ក្រុមបាល់ទាត់នារីប្រេស៊ីលជាក្រុមមួយក្នុងចំណោមក្រុមអាមេរិកខាងត្បូងទាំងបីនៅក្នុងការប្រកួត World Cup ២០២៣ ដែលកំពុងស្ថិតនៅក្នុងពូល F រួមជាមួយបារាំង ដែលជាក្រុមដែលបានទម្លាក់ប្រេស៊ីល កាលពី ៤ ឆ្នាំមុន៕

ប្រភព៖ AP ចុះថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image