ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា សៀវភៅ “សេដ្ឋកិច្ចកម្ពុជា” មាគ៌ាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ដែលសរសេរដោយលោកផ្ទាល់ នឹងជួយដល់សិស្ស និស្សិត និងពលរដ្ឋកម្ពុជាឱ្យត្រៀមខ្លួនកាន់តែប្រសើរ ពេលកម្ពុជាចូលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍នៅក្នុងពិធីសម្ពោធសៀវភៅ “សេដ្ឋកិច្ចកម្ពុជា” នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ថា សៀវភៅ “សេដ្ឋកិច្ចកម្ពុជា” សរសេរដោយលោករដ្ឋមន្ត្រីផ្ទាល់ នឹងជួយដល់សិស្ស-និស្សិត និងពលរដ្ឋកម្ពុជាឱ្យមានចំណេះដឹងពីវិស័យសេដ្ឋកិច្ចទាំងក្នុងប្រទេស និងក្នុងតំបន់អាស៊ានឱ្យកាន់តែទូលាយ ដើម្បីត្រៀមខ្លួនឱ្យបានកាន់តែប្រសើរ ពេលកម្ពុជាចូលក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
ក្នុងពិធីសម្ពោធសៀវភៅរបស់ខ្លួនលោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា គោលបំណងដែលលោកសរសេរសៀវភៅសេដ្ឋកិច្ចកម្ពុជានេះឡើង គឺដើម្បីបង្ហាញឱ្យឃើញពីដំណើរវិវត្តន៍សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយរហូតដល់ឆ្នាំ ២០១៥ នេះ។ ទន្ទឹមគ្នានេះដែរ លោក ហង់ ជួនណារ៉ុន បានបន្ថែមថា លោកចង់ចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចកម្ពុជា ដែលលោកធ្លាប់មានបទពិសោធធ្វើការងាររយៈពេល ១៥ ឆ្នាំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅកាន់យុវជននិងពលរដ្ឋកម្ពុជា។
លោក ហង់ ជួនណារ៉ុន ជឿជាក់ថា តាមរយៈសៀវភៅរបស់លោក នឹងចូលរួមចំណែកជួយយុវជន និងពលរដ្ឋកម្ពុជា យល់ដឹងពីវិស័យសេដ្ឋកិច្ចបានទូលំទូលាយបន្ថែមទៀត បានត្រៀមខ្លួនអភិវឌ្ឍជាតិបានកាន់តែប្រសើរនៅថ្ងៃអនាគត។
«ខ្ញុំអាចចងក្រងសៀវភៅមួយ សម្រាប់យុវជនកម្ពុជា ឱ្យគាត់បានយល់ដឹងថាតើការអភិវឌ្ឍនេះ (សេដ្ឋកិច្ច) វាឆ្លងកាត់បញ្ហាអ្វីខ្លះ ឆ្លងកាត់ដំណាក់កាលអ្វីខ្លះ ហើយតើមានកត្តាអ្វីខ្លះដែលធ្វើឱ្យយើងអភិវឌ្ឍសេដ្ឋកិច្ចបានល្អប្រសើរ ហើយនៅថ្ងៃខាងមុខទៀតមានបញ្ហាអ្វី មានបញ្ហាប្រឈមអ្វីខ្លះ ដែលត្រូវដោះស្រាយដើម្បីឈានទៅរកការអភិវឌ្ឍនៅក្នុងដំណាក់កាលមួយទៀត»។
តាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងអប់រំ ខ្លឹមសារសំខាន់នៅក្នុងសៀវភៅ “សេដ្ឋកិច្ចកម្ពុជា” ដែលមានកម្រាស់ជាង ៥០០ ទំព័រនេះ មាននិយាយអំពីការអភិវឌ្ឍគ្រប់ផ្នែកនៃសេដ្ឋកិច្ចរបស់កម្ពុជា ដូចជា ការកសាងធនធានមនុស្ស ការអភិវឌ្ឍវិស័យម៉ាក្រូសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ការកសាងវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល ព្រមទាំងបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា ជាមួយអន្តរជាតិ និងប្រទេសទាំងអស់ក្នុងតំបន់អាស៊ានដូចជាប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ីជាដើម។
«ខ្ញុំចង់ផ្សព្វផ្សាយឱ្យនិស្សិតយើង ឱ្យប្រជាជនយើងយល់ដឹងឱ្យបានទូលំទូលាយពីបញ្ហាអាស៊ាន ព្រោះផ្នែកមួយនៃសៀវភៅនេះ គឺពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិ និងបញ្ហាអាស៊ាន អ៊ីចឹងនៅពេលចូលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ខ្ញុំចង់ឱ្យយុវជនយើង ប្រជាជនយើងយល់ដឹងពីអាស៊ានច្រើន ហើយយើងក៏បានជ្រើសរើសពេលវេលាផ្សព្វផ្សាយនៅពេលនេះ ដើម្បីឱ្យខ្ញុំបានចែករំលែកដល់យុវជនយើង»។
សូមជម្រាបថា លោក ហង់ ជួនណារ៉ុន បច្ចុប្បន្នក្រៅពីមានតួនាទីជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកក៏មានតួនាទីជាប្រធាននៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ស្ថាប័នស្រាវជ្រាវផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។ លោក ហង់ ជួនណារ៉ុន បានសរសេរសៀវភៅមួយចំនួនជាភាសាខ្មែរ អង់គ្លេស និងភាសាបារាំង ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញាវត្ថុសាធារណៈកម្ពុជា៕