សមត្ថកិច្ចខេត្តកោះកុង បានបញ្ជូនខ្លួនប្រជាសហគមន៍ព្រលាន ចំនួន១១ដាក់ពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែមិថុនា ខណៈពួកគេធ្វើដំណើរទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌នៅភ្នំពេញ។ លោក គីម ចាន់ចាវ រាយការណ៍
ក្នុងពេលឃាត់រថយន្តតំណាងសហគមន៍ភូមិព្រលាន នៅថ្ងៃទី២៩ ខែមិថុនា ដែលគ្រោងធ្វើដំណើរពីសហគមន៍របស់ពួកគេនៅខេត្តកោះកុង ឡើងមកដាក់ញត្តិស្នើសុំក្រសួងយុត្តិធម៌រកយុត្តិធម៌នៅភ្នំពេញនោះ សមត្ថកិច្ចខេត្តកោះកុង បានចាប់ខ្លួនប្រជាសហគមន៍ចំនួន១៣នាក់ ក្នុងនោះមានម្ដាយ និងកូនស្រីម្នាក់អាយុ០៦ឆ្នាំផងដែរ។ ក៏ប៉ុន្តែម្ដាយនិងកូនស្រីពេលនេះ ត្រូវបានដោះលែងវិញ ក្រោយពេលពួកស្នើសុំសមត្ថកិច្ចដោយហេតុផលថា គេទាំងពីរនាក់ម្ដាយកូនគ្មានប្រាក់សម្រាប់ផ្គត់ផ្គង់ការចាយវាយ។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី ភាព តេង តំណាងពលរដ្ឋសហគមន៍ព្រលាន ប្រាប់វិទ្យុស្ត្រី នៅរសៀលថ្ងៃទី៣០ ខែមិថុនានេះ។
តំណាងពលរដ្ឋសហគមន៍ព្រលានរូបនេះបន្តថា ប្រជាសហគមន៍ដែលនៅសល់១១នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារ ក្នុងខេត្តកោះកុង។ ក៏ប៉ុន្តែអ្នកស្រីបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកទាំង១១នាក់ មិនទាន់ត្រូវបានចោទប្រកាន់ពីទោសទណ្ឌអ្វីឡើយ។
«មូលហេតុយើងបានសួរសមត្ថកិច្ចសួរអាជ្ញាធរនៅហ្នឹងដែរ គេថា អត់ទាន់ ពួកគាត់ទាំង១១នាក់ហ្នឹងមិនទាន់មាន គេថាមិនទាន់មានភស្ដុតាងមិនទាន់មានអីចោទប្រកាន់គាត់ទេ ចឹងហាស៎។ជាក់ស្ដែងមុននឹងឈានទៅចាប់គាត់ហ្នឹង គឺគាត់គម្រោងទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌ជុំវិញការចោទក្រុមខ្ញុំក្រុមព្រលានចឹងដែរ»។
តំណាងសហគមន៍ភូមិព្រលាន នៅថ្ងៃទី២៩ ខែមិថុនា បានធ្វើដំណើរពីសហគមន៍របស់ពួកគេនៅខេត្តកោះកុង ដើម្បីដាក់ញត្តិស្នើសុំក្រសួងយុត្តិធម៌ នៅភ្នំពេញ ជួយអន្តរាគមន៍ករណីដែលតំណាងរបស់គាត់៥រូប ដែលរងការចោទកាន់ ពាក់ព័ន្ធនឹងសកម្មភាពតវ៉ាទាមទារដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅកោះកុងស៊ូហ្គ័ររបស់ អ្នកឧកញ៉ា លីយ៉ុងផាត់ កាលពីដើមឆ្នាំ២០២២។ ក៏ប៉ុន្តែរថយន្តក្រុមរបស់ពួកគេមួយចំនួនត្រូវបានប៉ូលីស ឃុំអូរជ្រៅ ស្រុកស្រែអំបិល ខេត្តកោះកុង ឃាត់នៅពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវមកភ្នំពេញ។ ទោះយ៉ាងណាក្រោយពេលប៉ូលីសឃាត់រថយន្ត ពួកគេនៅតែព្យាយាមបន្តធ្វើដំណើរដោយដើរថ្មើរជើង ទើបឈានដល់ការឃាត់ខ្លួននេះ។
តំណាងសហគមន៍ព្រលានក្នុងឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ចំនួន៥នាក់ រួមមានអ្នកស្រី ភាព តេង, លោកតូច ង៉ាវ, លោក ឃង់ រ៉ុច, អ្នកស្រី នុយ សុ និងអ្នកស្រី ទន់ ឡាយ ត្រូវបានតុលាការខេត្តកោះកុង កោះឱ្យចូលបំភ្លឺកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ជុំវិញបទចោទ «អំពើញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងអំពើប៉ះពាល់ដល់សិទ្ធិនៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ»។ នៅថ្ងៃដែលពួកគេចូលបំភ្លឺនៅតុលាការខេត្តកោះកុងនោះ មានប្រជាសហគមន៍ប្រមាណ១០៥នាក់ឈរនៅមុខសាលាដំបូងខេត្តកោះ ដើម្បីគាំទ្រនិងទាមទារឲ្យតុលាការទំលាក់បទចោទមកលើតំណាងរបស់គាត់។
អ្នកស្រី ភាព តេង បានឱ្យដឹងថា នៅពេលប្រជាសហគមន៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួននេះ ក៏មានប្រជាសហគមន៍ដទៃទៀតទៅឃ្លាំមើល និងសួរសុខទុក្ខដែរ ប៉ុន្តែរហូតមកដល់រសៀលថ្ងៃសុក្រនេះ អ្នកជាប់ឃុំទាំង១១នាក់ មិនទាន់បានជួបសាច់ញាតិ និងអ្នកដែលទៅសួរសុខទុកឡើយ។ អ្នកស្រីបន្តថា អ្នកដែលទៅសួរសុខទុក្ខទាំង១៦នាក់ នៅព្រឹកថ្ងៃសុក្រត្រូវបានអាជ្ញាធររៀបចំរថយន្តបញ្ជូនពួកគេមកផ្ទះវិញ។
«គឺគេបញ្ជូនឱ្យមកវិញអស់ គឺអភិបាលរងខេត្តខាងកោះកុងហ្នឹង គេបានរកឡានរកអីឱ្យជិះហើយបញ្ជូនមកផ្ទះវិញ ថាបើយើងនៅតែរឹងទទឹងមិនមកទេ គេនឹងបោសសម្អាតហើយគេនិយាយចឹង។ មានន័យថាបោសសម្អាតហ្នឹងមានន័យថា ប៉ុណ្ណឹងគេចាប់យើងដាក់បន្តទៀត។ ចឹងទៅយើងអត់អាចរឹងទទឹងជាមួយគេបាន ចឹងយើងក៏សម្រេចចិត្តមកផ្ទះសិនទៅ តែឥលូវពួកគាត់បានមកដល់ផ្ទះអស់ហើយ»។
កាលពីពេលកន្លងទៅ ក្រុមប្រជាសហគមន៍ព្រលាន បានដាក់ញត្តិទៅកាន់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ដោយទទូចស្នើឱ្យអាជ្ញាធរខេត្តកោះកុង ជួយអន្តរាគមន៍បញ្ហាវិវាទដីធ្លីជូនពលរដ្ឋទាំងអស់ ក្រោយពួកគេអះអាងថា បានរងគ្រោះពីការដកហូតដីដែលធ្លាប់អាស្រ័យផលចាប់តាំងពីឆ្នាំ១៩៩៥ ទៅឱ្យក្រុមហ៊ុនស្ករអំពៅរបស់អ្នកឱកញ៉ា លី យ៉ុងផាត់កាលពីឆ្នាំ២០០៦។ អ្នកស្រី តេង ភាព ធ្លាប់បានអះអាងថា រដ្ឋបានដកហូតដីដែលពលរដ្ឋធ្លាប់អាស្រ័យផលទាំងអស់ប្រមាណ៩៤០០ហិកតាទៅធ្វើជាសម្បត្តិឯកជនរបស់រដ្ឋវិញ ខណៈរដ្ឋក៏បានប្តឹងពលរដ្ឋចំនួន៥នាក់ ទៅតុលាការ បន្ទាប់ពីពួកគេបានទៅរស់នៅលើដីដែលរដ្ឋបានដកហូតរួចហើយ៕