អាជ្ញាធរនៅរដ្ឋម៉ានីពួរបានរាយការណ៍ថា សហគមន៍ស្រ្តីម៉ានីពួរបាននាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីឱ្យអាជ្ញាធររកដំណោះស្រាយឱ្យបានសមស្របជុំវិញការវាយប្រហារពីសំណាក់សហគមន៍ Meitei និង Kuki ខណៈសង្រ្គាមស៊ីវិលនេះបានសម្លាប់មនុស្ស ១០០ នាក់។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា កាលពីពេលថ្មីនេះៗ ខ្សែវីដេអូខ្លីដែលមានរយៈពេល ២ នាទី ១៤ វិនាទី បានបង្ហោះព្រោងព្រាតពារពេញបណ្តាញសង្គម ដោយបង្ហាញពីស្ត្រីជាច្រើននាក់ឈរតវ៉ានៅខាងមុខបន្ទាយទាហានប្រចាំការនៅក្នុងរដ្ឋម៉ានីពួរនៃប្រទេសឥណ្ឌា។
តាមប្រភពសារព័ត៌មានដដែលបានបង្ហាញថា ស្ត្រីម៉ានីពួរទាំងនេះជាសកម្មជនក្លាហានមួយក្រុម ដែលគេស្គាល់ថា ជាសហគមន៍ស្រ្តីម៉ានីពួរ ឬ Mother of Manipur ដែលកំពុងតវ៉ាទាមទារសុខសុវត្ថិភាពនៅក្នុងតំបន់ ខណៈការបាញ់បោះរវាងសហគមន៍ Meitei និង Kuki នៅតែបន្ត។
តាមរយៈវីដេអូខ្លីនេះបានឆ្លុះបញ្ចាំងពីការអសត្ថភាពរបស់អាជ្ញាធរក្នុងតំបន់ ដែលធ្វើការយឺតយ៉ាវ និងធ្វើឱ្យការសាមគ្គីបែកបាក់ មិនទុកចិត្ត ដែលឈានដល់ការវាយប្រហារគ្នាឥតឈប់ឈរ។ ក៏ប៉ុន្តែ នៅចុងបញ្ចប់នៃវីដេអូនេះ សហគមន៍ស្រ្តីម៉ានីពួរបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យសហការជាមួយកម្លាំងសន្តិសុខ ដែល ធ្វើការទាំងយប់ទាំងថ្ងៃដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ផ្ទុយទៅវិញ អាជ្ញាធរនៅរដ្ឋម៉ានីពួរបាននិយាយថា កងកម្លាំងសន្តិសុខ ទាហាន និងប៉ូលីសដើរល្បាតរបស់រដ្ឋម៉ានីពួរ មានប្រហែល ៤ ម៉ឺននាក់ (៤០,០០០នាក់) ដែលកំពុងព្យាយាមតស៊ូទប់ទល់ជាមួយនឹងការឈ្លានពានរបស់សហគមន៍ទាំងពីរ។ Meitei និង Kuki។
គួរបញ្ជាក់ថា សង្រ្គាមស៊ីវិលនេះផ្ទុះឡើងជិតពីរខែមកហើយ ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាង ១០០នាក់បានស្លាប់ និងប្រជាពលរដ្ឋជាង ៤០០ នាក់រងរបួសធ្ងន់ស្រាល ខណៈមនុស្សជិត ៦ ម៉ឺននាក់ (៦០,០០០នាក់) ជម្លៀសខ្លួនចេញពីរដ្ឋម៉ានីពួរ។ ទន្ទឹមគ្នានេះ សង្រ្គាមនេះបានដុតបំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ដុតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង និងធ្វើទារុណកម្មលើជនស្លូតត្រង់ដែលពួកគេចាប់បាននៅអំឡុងពេលផ្ទុះអាវុធ។
ជាការកត់សម្គាល់ ចាប់តាំងពីរដ្ឋាភិបាលដាក់បញ្ចូលម៉ានីពួរជារដ្ឋមួយនៃប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៤៩មក សហគមន៍ស្រ្តីម៉ានីពួរចេញធ្វើយុទ្ធនាការតវ៉ាឥតឈប់ឈរ ដើម្បីប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងនៅក្នុងតំបន់។
ក្នុងនោះដែរ អ្នកសិក្សាស្រាវជ្រាវស្តីពីសកម្មជនស្រ្តីនៅរដ្ឋម៉ានីពួរ អ្នកស្រី Shruti Mukherjee បានបង្ហាញថា ស្រ្តីជនជាតិម៉ានីពួរទាំងនេះមានភាពបត់បែននៅក្នុងការរស់នៅជាខ្លាំង ពោលគឺពួកគេអាចដោះស្រាយបញ្ហាណាមួយដែលទាក់ទងនឹងសហគមន៍បានដោយឯកឯង។
គួរបញ្ជាក់ដែរថា រដ្ឋម៉ានីពួរនេះទៀតសោតធ្លាប់បានធ្លាក់ចូលទៅក្នុងជម្លោះជនជាតិភាគតិច និងការបះបោរនៅក្នុងឆ្នាំ១៩៨០ ដែលបណ្តាលស្ត្រីម៉ានីពួរចាប់ផ្តើមបង្កើនការប្រុងប្រយ័ត្ន និងពង្រីកសហគមន៍ស្រ្តីឱ្យសម្បូរបែប ដើម្បីតស៊ូនឹងការបៀតបៀន កេងប្រវ័ញ្ច និងហិង្សាក្នុងរូបភាពណាមួយ៕
ប្រភព៖ BBC ចុះថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣