ក្រុមកូដករណាហ្គាវើលដ៍ (Naga World) ចំនួនប្រមាណ ៣៥នាក់ ដែលភាគច្រើនជាស្ត្រី បន្តចេញមកធ្វើកូដកម្ម នៅរសៀលថ្ងៃទី២៩ ខែមិថុនា ដើម្បទាមទារសិទ្ធិការងារ និងបញ្ហាមួយចំនួនដែលថៅកែមិនទាន់ដោះស្រាយបាន។ ពួកគេបានព្យាយាមធ្វើសកម្មភាពតវ៉ាដើម្បីបង្ហាញថា ការតវ៉ាទាមទាររបស់ពួកគេមកដល់ពេលនេះ មិនមានអ្នកណានៅពីក្រោយ ឬមានការឧបត្ថម្ភពីខាងក្រៅឡើយ។ ប៉ុន្តែផ្ទុយពីនេះ ពួកគេអះអាងថា ថៅកែកាស៊ីណូណាហ្គាវើលដ៍ជាអ្នកនៅពីក្រោយការតវ៉ានេះ។ បើទោះបីជាមានការលើកឡើងចោទប្រកាន់បែបនេះក្តី តែខាងក្រុមហ៊ុនពុំដែលប្រតិកម្មអើពើលើក្រុមកូដករនោះទេ។
លោក គីម ចាន់ចាវ រាយការណ៍
«បងប្អូនថៅកែណាហ្គាវើលដ៍ គឺជាអ្នកនៅពីក្រោយមែនឬមិនមែន? មែន..។ បងប្អូនថៅកែណាហ្គាវើលដ៍ពិតជារំលោភសិទ្ធិការងារមែនឬមិនមែន? មែន..។ បងប្អូនពួកយើងចង់ចូលធ្វើការវិញមែនឬមិនមែន? មែន..»
ក្រុមកូដករណាហ្គាវើលដ៍ បានស្រែកចោទប្រកាន់ចំៗ ទៅលើថៅកែកាស៊ីណូណាហ្គាវើលដ៍ ថាជាអ្នកនៅពីក្រោយកូដកម្មរបស់ពួកគេ។ ក្នុងការតវ៉ាលើកនេះ ពួកគេមានគោលបំណងចង់បង្ហាញមុខថានរណាអ្នកនៅពីក្រោយកូដករពិតប្រាកដ មិនមែនបក្សប្រឆាំង ឬអ្នកនយោបាយនិងបរទេសណាមួយឡើយ។ ក្នុងការតវ៉ា នៅរសៀលថ្ងៃទី២៩ ខែមិថុនា ក្រុមកូដករបានពាក់ក្រណាត់ នៅផ្នែកខាងមុខ ដែលមានអក្សរថា «ដោះស្រាយ ទំលាក់បទចោទ និងទទួលយក» ហើយអក្សរនៅខាងក្រោយខ្នងមានពាក្យថា «ណាហ្គាវើលដ៍»។ ពួកគេពាក់ក្រណាត់ភ្ជាប់នឹងខ្លឹមសារបែបនេះ ឈរស្រែកបែរទៅមុខអគារកាស៊ីណូថា ណាហ្គាវើលដ៍ គឺជាអ្នកនៅពីក្រោយការតវ៉ានេះ។
ស្ត្រីកូដករម្នាក់ ដែលកំពុងពាក់ក្រណាត់សរសេរខ្លឹមសារទាមទារជុំវុញខ្លួន គឺកញ្ញា ផាត ចាន់ណា បានអះអាង ពីមូលហេតុដែលពួកគេចោទប្រកាន់ថៅកែណាហ្គាវើលដ៍ជាអ្នកនៅពីក្រោយកូដកម្ម គឺដោយសារតែថៅណាហ្គាវើលដ៍មិនព្រមដោះស្រាយបញ្ហាឱ្យកូដករទើបពួកគេតវ៉ាទាមទាររហូតដល់ពេលនេះ។
«ថ្ងៃហ្នឹងពួកខ្ញុំពាក់ ដែលអ្នកទាំងអស់គ្នាមើលមកថាប្លែងហ្នឹង ពួកខ្ញុំចង់បញ្ជាក់ថា មូលហេតុដែលពួកខ្ញុំធ្វើកូដកម្មរាល់ថ្ងៃហ្នឹង គឺដោយសារពីណាគេ ហើយពីណាគេអ្នកនៅពីក្រោយពួកខ្ញុំ? ចាស៎បងចាប់ពីចាប់ផ្ដើមមកដល់ឥលូវអ្នកនៅពីក្រោយនេះ គឺថៅកែណាហ្គាវើលដ៍ហ្នឹងហើយ ជាអ្នកនៅពីក្រោយពួកខ្ញុំ បើគាត់ដោះស្រាយឱ្យពួកខ្ញុំហាស៎ ម្លោះអីកូដកម្មហ្នឹងវាអត់មានយូរត្រាំត្រែងដល់ថ្នាក់ហ្នឹងទេ។ ព្រោះតែគាត់អត់ដោះស្រាយទើបពួកខ្ញុំនៅមានវត្តមាននៅតាមចិញ្ចើមផ្លូវ នៅមុខណាហ្គាហ្នឹងរាល់ថ្ងៃហ្នឹងបង»។
កូដករម្នាក់ទៀតគឺអ្នកស្រី ម៉ម សុវឌ្ឍិន បានពន្យល់ពាក្យដែលសរសេរលើក្រណាត់នៅជាប់នឹងខ្លួនកូដករនោះដែលមាន« ដោះស្រាយ ទទួលយក និងទម្លាក់បទចោទ»ថា ជាពាក្យខ្លីៗ ដើម្បីអោយអ្នកពាក់ពន្ធ័មើលងាយយល់ ក្នុងការដោះស្រាយរកយុត្តិធម៌អោយកម្មករខ្មែរ ជាជាងការដោះស្រាយផ្ទុយពីអ្វីដែលកម្មករកំពុងតវ៉ា។
«ព្រោះកម្មករតវ៉ាសព្វថ្ងៃនេះ ដើម្បីឱ្យទម្លាក់បទចោទ មកលើតំណាងសហជីពនិងសមាជិកសហជីព ហើយទទួលយកថ្នាក់ដឹកនាំសហជីពនិងសមាជិកសហជីពឱ្យចូលទៅធ្វើការវិញ។ នេះជាអ្វីដែលកម្មករចង់ផ្ញើរសារចំៗទៅថា ពាក្យហ្នឹងគឺខ្លឺៗទេ សង្ឃឹមថា ក្រសួងពាក់ព័ន្ធនិងថៅកែមើលយល់ ព្រោះសុទ្ធតែជាភាសាខ្មែរទេ បើថៅកែជនជាតិម៉ាឡេហ្នឹងអាចមើលជាភាសាបរទេសបាន»។
អស់រយៈពេលជាងមួយឆ្នាំកន្លះហើយ ដែលក្រុមកូដករណាហ្គាវើលដ៍ភាគច្រើនជាស្ត្រី នាំគ្នាធ្វើកូដកម្មតវ៉ា នៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយគេបានប្រើប្រាស់រូបភាពច្នៃប្រឌិតផ្សេងៗ។ ក្រុមហ៊ុន ណាហ្គាខប (NagaCorp) បានបញ្ឈប់កម្មករចំនួន១ ៣០០នាក់ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនរងការចោទប្រកាន់ថាមានចេតនារំលាយសហជីព ដោយកំណត់គោលដៅលើមេដឹកនាំសហជីព ដែលកម្មករនិយាយថាគួរតែត្រូវបានការពារពីការបញ្ឈប់ពីការងារ។
ការតវ៉ារបស់កម្មករជាង១០០នាក់ បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយមានការចោទប្រកាន់ក្រុមហ៊ុនថា បានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជាសមាជិកសហជីព។ យ៉ាងណាក្រោយការតវ៉ានេះ ក៏មានកូដករមួយចំនួនបានងាកទៅចូលធ្វើការវិញផងដែរក្រោយការចរចាពីភាគីក្រុមហ៊ុន ប៉ុន្តែអ្នកនៅសេសសល់នៅតែបន្តសកម្មភាពតវ៉ាទាមទារមកដល់ពេលនេះ។ ពាក់ព័ន្ធនឹងការតវ៉ាលើវិវាទការងារកាស៊ីណូណាហ្គាវើលដ៍នេះ កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពណាហ្គាវើលដ៍ដែលធ្លាប់ដឹកនាំការតវ៉ានេះ កំពុងជាប់ពន្ធនាគារជាលើកទី២នៅឡើយបើគិតមកទល់នឹងខែមិថុនា ឆ្នាំ២០២៣នេះ មានរយៈពេល៧ខែហើយ។ ទន្ទឹមនឹងនេះក៏មានភាគីមួយចំនួនបានចោទប្រកាន់ថាក្រុមកូដករណាហ្គានេះជាអ្នកស៊ីឈ្នួលធ្វើបាតុកម្ម។
ក៏ប៉ុន្តែអ្នកតវ៉ាខាងលើតែងច្រានចោលការចោទប្រកាន់នេះ។ កញ្ញា ផាត ចាន់ណា អះអាងថាការតវ៉ាទាមទារសិទ្ធិការងារនេះ មិនមានអ្នកនយោបាយប្រឆាំង ឬជនបរទេសនៅពីក្រោយឡើយ។
«មែនទែនទៅបង ការចោទប្រកាន់នេះ គឺចោទទាំងគឃ្លើនពេកហើយ ព្រោះរាល់ថ្ងៃហ្នឹងហាស៎ពួកខ្ញុំអត់មានការងារធ្វើខ្ញុំទទួលស្គាល់អស់ពីណាហ្គា តែមិនមែនមានន័យថាពួកខ្ញុំអត់មានដៃអត់មានជើងចេញទៅការងារPart-time នៅខាងក្រៅដើម្បីបន្តជីវិតពួកខ្ញុំទៀតទេ។ ណាមួយម៉ែខ្ញុំក៏មិនឱ្យខ្ញុំអត់បាយស្លាប់ទាំងកូនគាត់ ចង់និយាយថាគាត់នៅមានជីវិតជ្រងោៗ គាត់ឱ្យកូនគាត់ដាច់ពោះស្លាប់ដោយការអត់បាយ៣ពេលហ្នឹងដែរមែន?»តែអ្វីដែលពួកខ្ញុំ បន្តធ្វើនេះគឺ ពួកខ្ញុំចង់បានដំណោះស្រាយដែលសមរម្យដែលពួកខ្ញុំទទួលយកបាន ទាំងភាគីខាងថៅកែ និងពួកខ្ញុំជាកូដករ។»
ទោះយ៉ាងណា គេសង្កេតឃើញថា ខាងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ពុំដែលអើពើនិងប្រតិកម្មតបនឹងការធ្វើកូដកម្មរបស់ក្រុមបុគ្គលិកឡើយ ទោះបីជាក្នុងការតវ៉ារបស់ក្រុមកូដករស្ទើររាល់លើកបានចោទប្រកាន់ទៅក្រុមហ៊ុនយ៉ាងណាក្តី។ ជាក់ស្តែងទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនណាហ្គាវើលដ៍បង្ហោះតែកម្មវិធីកំសាន្តនិងសេវាកម្មរបស់ក្រុមហ៊ុននិងដំណឹងជ្រើសរើសបុគ្គលិកតែប៉ុណ្ណោះ។
ក៏ប៉ុន្តែកាលពីពេលកន្លងទៅ រដ្ឋាភិបាលបានចេញសេចក្ដីប្រកាសមួយជុំវិញបញ្ហាវិវាទកូដករណាហ្គាវើលដ៍នេះ ដោយបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការដោយមិនខ្លាចនឿយហត់ ក្នុងការដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុន ណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ។ លិខិតនោះបញ្ជាក់ថាក្រុមហ៊ុន ណាហ្គាវើល ត្រូវបានបង្ខំឱ្យកាត់បន្ថយបុគ្គលិករបស់ខ្លួន ដោយសារតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ មកលើឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ ក្រសួងបានផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដែលបានប៉ះពាល់ដោយសារការកាត់បន្ថយបុគ្គលិកនេះ ហើយអះអាងថាបានបន្តធានាថា ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតដែលត្រូវបានកាត់បន្ថយ ត្រូវបានធានា៕