en     km
en     km

សត្វព្រៃ៧ប្រភេទត្រូវបានថតជាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃខេត្តពោធិ៍សាត់

Share

ភ្នំពេញ៖ យ៉ាងយោចណាស់មានសត្វព្រៃចំនួន៧ប្រភេទ ត្រូវបានកត់ត្រាចូលត្រូវបានកត់ត្រា និងបញ្ជាក់ពីវត្តមាននៅក្នុងដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិដែលដាក់បង្កប់ក្នុងព្រៃរយៈពេលជាង៣ខែ។

នេះបើតាមការបញ្ជាក់ពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានតាមរយៈប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣នេះ។

លោកបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ បានចុះដោះប្រមូលម៉ាស៊ីនថតស្វ័ប្រវត្តិដែលបានដាក់រយៈពេលជាង ៣ខែ ដើម្បីតាមដានសិក្សាវត្តមានប្រភេទសត្វព្រៃសំខាន់ៗដែលជាក្រុមប្រភេទជិតផុតពូជ (EN) ក្រុមប្រភេទសត្វកំពុងទទួលរងការគំរាមកំហែង (VU) និងក្រុមប្រភេទសត្វជិតទទួលរងការគំរាមកំហែង (NT) ដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN។

សកម្មភាពក្រុមការងារនុសមាសភាគ១.២ នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កម្ពុជា» សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមន្ត្រីឧទ្យានុរក្ស បានចុះដោះប្រមូលម៉ាស៊ីនថតស្វ័ប្រវត្តិ។រូបភាពពីលោក នេត្រ ភក្ត្រា។

ក្នុងការចុះប្រមូលនេះម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២០គ្រឿង ត្រូវបានដោះប្រមូល ដោយលទ្ធផលជាបឋមរកឃើញប្រភេទសត្វព្រៃចំនួន ៧ប្រភេទ ក្នុងនោះមាន ដូចជា៖ ដំរីអាស៊ី ខ្ទីង ខ្លាពពក ខ្លាឃ្មុំធំ ប្រើសស្បូវ ខ្ទីន ឆ្កែព្រៃ ក្ងោក។ ប្រភេទសត្វទាំងនេះត្រូវបានកត់ត្រា និងរាយការណ៍ក្នុងឆ្នាំ២០២០ ដោយគម្រោង CSLEP/MOE។

ដោយឡែក ប្រភេទសត្វព្រៃមានដោកម្រ (EN) និង(VU) ចំនួន ៣ ប្រភេទផ្សេងទៀតមាន ពង្រូល ខ្លាលឿងមាស សត្វយំឬសត្វចាំត្រពាំងក៏ត្រូវបានកត់ត្រា និងបញ្ជាក់ពីវត្តមានបន្ថែមតាមយៈការសិក្សានេះផងដែរ។

នេះជាសត្វព្រៃក្នុងដែនជម្រកសត្វក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។

សូមគោរពជម្រាបថា ការសិក្សានេះជាការសិក្សាត្រួតពិនិត្យ និងតាមដានពីវត្ត មានប្រភេទសត្វព្រៃសំខាន់ៗដែលមានតំលៃអភិរក្សក្នុងតំបន់ និងជាសកល និងជាផ្នែកមួយនៃការអនុវត្តផែនការ គ្រប់គ្រងដែនជម្រកសត្វព្រៃ ដែលទទួលការឯកភាពពីក្រសួងបរិស្ថានកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ផ្ទៃដីអភិរក្សក្រោមដែនយុត្តាធិការរបស់ក្រសួងបរិស្ថានមានសរុប ៧លាន ៣សែនហិកតា។ ក្នុងនោះមានតំបន់ការពារសរុប ៧៦ តំបន់ ដោយតំបន់ការពារធម្មជាតិមានចំនួន ៧៣កន្លែង និងរបៀងជីវៈចម្រុះចំនួន៣កន្លែង។ ប៉ុន្តែមន្រ្តីឧទ្យានុរក្សក្នុងតំបន់អភិរក្សវិញមានត្រឹមតែ ១២០០នាក់ប៉ុណ្ណោះ ដែលចំនួននេះធ្វើឱ្យមន្រ្តីឆ្មាំម្នាក់ៗត្រូវទទួលខុសត្រូវល្បាតព្រៃរហូតដល់ទៅ ៦ ពាន់ហិកតាឯណ្ណោះ៕​

Share

ព័ត៌មានទាក់ទង

Image