អគារខ្ពស់ៗ ផ្សារទំនើប សណ្ឋាគារ ផ្ទះល្វែង វីឡា ឬក៏ខុនដូជាដើម ត្រូវបានសាងសង់ជាហូរហែររៀងរាល់ថ្ងៃ។ កំណើននេះក៏បានបង្ហាញឱ្យឃើញថាវិស័យសំណង់នៅកម្ពុជាហាក់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលនេះជាកត្តាមួយជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យដើរទៅមុខផងដែរ។ កាលពីពេលកន្លងទៅនេះ ធនាគារពិភពលោកបានព្យាករណ៍ទុកថាកំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងក្នុងរង្វង់ ៦.៩% ក្នុងឆ្នាំ ២០១៥ នេះ។
ត្បិតមានការសាងសង់សំណង់ជាច្រើននៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញក៏ពិតមែន ប៉ុន្តែបើមើលពីជីវភាពប្រជាជនមួយចំនួនវិញហាក់នៅតែមានការខ្វះខាតច្រើននៅឡើយ។ កម្លាំងស្នូលដែលមិនអាចខ្វះបានក្នុងវិស័យសំណង់ដែរនោះ គឺកម្មករនេះឯង ហើយក្នុងចំណោមអ្នកទាំងនោះ ក៏មានស្ត្រីផងដែរ។
ជាក់ស្ដែងលោកស្រី ម៉ន ស្រវី ដែលសព្វថ្ងៃជាកម្មការិនីសំណង់ មកធ្វើការជាមួយប្ដីនៅភ្នំពេញ បានរៀបរាប់ពីជីវភាពរបស់គ្រួសារគាត់ថា គាត់មិនមានមុខរបរអ្វីផ្សេងធ្វើទេ ដោយជើងខូចម្ខាង ហើយគាត់បានត្រឹមតែមកធ្វើការសំណង់ជាមួយប្ដីតែប៉ុណ្ណោះ។
ដោយសារតែនៅឯស្រុកកំណើត លោកស្រីមិនដឹងថាមានមុខរបរអីធ្វើ ហើយបើទោះជារក បាន ក៏វាមិនអាចសល់ និងល្មមគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារដែរ ដូច្នេះលោកស្រី ក៏សម្រេចចិត្តមកធ្វើការងារសំណង់ជាមួយប្ដីនៅទីក្រុង។
លោកស្រីបញ្ជាក់ថា៖ «គ្រួសារពិបាក គ្រួសារយើងដូចថាខ្វះខាតអីចឹង មុខរបរមិនសូវមាន ចេះតែដើរតាមប្ដីមករកស៊ីជាមួយគាត់ចឹងទៅ ដល់ពេលជួនកាលមានលុយមានកាក់អីចឹងទៅ ផ្ញើឱ្យកូនអីខ្លះចឹងទៅ ម៉ែអ្នកនៅមើលចៅនៅផ្ទះ»។
នៅពេលដែលទំនិញក៏ថ្លៃ ប៉ុន្តែប្រាក់កម្រៃក៏បានត្រឹមតែ ២២០០០៛ ហើយប្ដីរបស់គាត់ក៏បានតែជាង ៣ ម៉ឺន ដែរ ក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលនេះធ្វើឱ្យលោកស្រី ត្រូវការចំណាយច្រើន ហើយប្រាក់កាក់របស់ប្ដីគាត់គឺទុកសម្រាប់សន្សំ ទើបអាចសល់បានខ្លះសម្រាប់ផ្ញើទៅស្រុក។
បើក្រឡេកមើលទៅស្ថានភាពធ្វើការរបស់ពលករនៅការដ្ឋានសំណង់វិញ ពួកគាត់លើកឡើងថា មានការលំបាកមួយចំនួនដោយខ្លួនត្រូវធ្វើការទាំងឈឺ។ លោកស្រី ស្រវីរៀបរាប់ពីការតស៊ូរបស់ខ្លួនថា៖ «ខ្ញុំក្នុងចិត្តតស៊ូអារឿងការងារសំណង់ហ្នឹង បើសិនជាអត់ពីការងារសំណង់ហ្នឹង ខ្ញុំទៅកន្លែងការងារផ្សេង ប្រហែលជាអត់បានធ្វើទេ ព្រោះអីយើងខូចជើង ជើងយើងខូចម៉ាចំហៀងចឹង គេអត់ឱ្យធ្វើដែរ ឥឡូវគេរើសយកតែអ្នកជើងល្អអ្នករូបរាងស្អាត»។
លោកស្រី ស្រីវី បានរៀបរាប់ថា បើទោះជាគាត់ធ្វើសំណង់ ក៏នេះជាការងារមួយដែលមានតម្លៃដែរ ហើយអ្នករាល់គ្នាក៏មិនបានមើលងាយអ្វីដល់កម្មករសំណង់ឬចំពោះលោកស្រីដែរ។
លោកស្រី បញ្ជាក់៖ «គេឱ្យ [តម្លៃ] តើ មិនមែនថាគេមិនឱ្យណា៎! គេមិនមកជិះជាន់យើងផងហ្នឹង! គេប្រើយើង គេឱ្យយើងសម្រាកដែរតើ»។
ការងារប្រចាំថ្ងៃរបស់គាត់គឺមានយួរឥដ្ឋយួរកំបោរទៅឱ្យគេ លាយកំបោរទៅឱ្យគេ ពេលខ្លះយួរឬលើករបស់ធ្ងន់ៗមួយចំនួនដែរ និងធ្វើកិច្ចការសំណង់ផ្សេងៗទៀតដែលគាត់អាចធ្វើបាន។ ក្រោយពីចប់ការងារសំណង់ លោកស្រីក៏នៅមាននាទីធ្វើបាយម្ហូបសម្រាប់ទទួលទានពីរនាក់ប្ដីប្រពន្ធនៅកន្លែងធ្វើសំណង់នោះផ្ទាល់ទៀតផង។
ជាទូទៅការងារសំណង់ គេឃើញភាគច្រើនបុរសជាអ្នកធ្វើ ប៉ុន្តែចំនួនស្ត្រីវិញគឺមិនសូវមានច្រើននោះទេ ព្រោះការងារសំណង់ត្រូវការឡើងខ្ពស់ៗ អញ្ចឹងកម្លាំងស្រី មិនដូចកម្លាំងប្រុសទេ ប៉ុន្តែដោយគេអាណិត គេឃើញមកតាមប្ដី ហើយគេក៏ផ្ដល់ការងារឱ្យគាត់ធ្វើទៅ។
ស្ថិតក្នុងស្ថានភាពរស់នៅផ្លាស់ប្តូរពីមួយកន្លែងទៅមួយកន្លែងតាមតែទីតាំងសំណង់ដែលពួកគាត់ធ្វើរាល់ថ្ងៃ ប្ដីរបស់ ម៉ន ស្រីវី ដែលមានឈ្មោះថា ឈាន់ ប៉េងស៊ីម ក៏បានបង្ហាញពីការយល់ឃើញចំពោះការងាររបស់ប្រពន្ធគាត់ថា ត្បិតបើគាត់ជាស្ត្រីមកធ្វើការសំណង់ តែមានពេលខ្លះក៏មិនពិបាកខ្លាំងពេកដែរ៖ «វាមិនពិបាកអីដែរទេ ហើយក៏វាមិនធ្ងន់ធ្ងរអីដែរ តែបើគាត់ចង់មកធ្វើ ក៏មកទៅបានពីរនាក់ រួចហើយវាបានលុយផ្ញើទៅផ្ទះផង»។
ចំពោះកម្មករធ្វើការជាមួយលោកស្រី ស្រីវី នោះដែរ លោក តូច សី យល់ឃើញថាការងារមនុស្សស្រីមិនសូវធ្ងន់ប៉ុន្មានទេ ដោយគាត់និយាយថា គ្រាន់តែលីកំបោរលីឥដ្ឋ វាមិនពិបាកអីទេ។ លោកបញ្ជាក់ថា៖ «មានពិបាកមានស្រណុក មិនមែនថាយើងអង្គុយតែពិបាករហូត ឬស្រណុករហូតដែរ តែយើងរកលុយ មិនដែលអង្គុយស្រណុកគេឱ្យលុយយើងណា»។
កំពុងធ្វើបាយម្ហូបបណ្ដើរលោកស្រី ស្រីវីក៏បាននិយាយពីការលំបាករបស់គាត់បណ្ដើរថា៖«ការលំបាកហ្នឹង ចុកដៃចុកជើងចឹងទៅ រសេះរសោះ ជួនកាលឈឺក្បាលអីចឹងទៅ ប៉ិនចេះតែទ្រាំទៅណា៎! លេបថ្នាំអីខ្លះចឹងទៅឱ្យបាត់ឈឺក្បាលបានមានកម្លាំងធ្វើឱ្យគេទៀត បើយើងអត់ធ្វើ យើងអត់បានលុយទេ»។
បើទោះជាយ៉ាងណាការងារលោកស្រី ម៉ន ស្រីវី ត្រូវធ្វើការរយៈពេល ៨ ម៉ោងក្នុង១ថ្ងៃ ហើយគាត់ថាពេលឥឡូវថៅកែក៏ឱ្យឈប់សម្រាកថ្ងៃអាទិត្យមួយថ្ងៃដែរ។ ក្នុងការងារប្រចាំថ្ងៃរបស់គាត់ គាត់ធ្វើការផងក្នុងពេលដែលគាត់មានបញ្ហាជើងគាត់ផង ដោយពេលដើរគឺគាត់ដូចរាងលើកជើងបោះៗ ដើរទៅខ្ជើតៗ អូសជើងម្ខាង។
ស្របពេលដែលខ្លួនមកធ្វើការសំណង់ជាមួយប្ដីនៅភ្នំពេញប្រមាណជាង ១០ ឆ្នាំដែលសព្វថ្ងៃបានទុកកូនអាយុ៧ឆ្នាំ និង ៩ឆ្នាំ ឱ្យម្ដាយមើលថែទាំ និងទៅរើនទៅសូត្រនៅឯស្រុកកំណើត ដោយក្នុង១ខែ គាត់អាចផ្ញើទៅផ្ទះបានប្រមាណ ៥ម៉ឺនឬ ១០ម៉ឺនប៉ុណ្ណោះ។ លោកស្រី ប្រាប់ថា៖ «ចាយទិញម្ហូបហូបរាល់ថ្ងៃហ្នឹងមិនសូវជាឆ្ងាញ់ប៉ុន្មានទេ ត្បិតត្បៀត ព្រោះអីឱ្យសល់ផ្ញើទៅឱ្យកូនចាយខ្លះ ឱ្យកូនរៀនផងអីផង»៕