ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានអំពាវនាវដល់ប្រជាកសិករ ត្រូវចេះសន្សំ និងថែរក្សាទឹកទុកសម្រាប់ប្រកបការងារកសិកម្ម នៅឆ្នាំ ២០១៦ខាងមុខ។ មូលហេតុដែលលោកនាយករដ្ឋមន្ត្រីអំពាវនាវដូច្នេះ ដោយសារតែកម្ពុជានឹងទទួលរងបាតុភូតក្តៅ ដែលធ្វើឱ្យកម្ពុជាប្រឈមនឹងកង្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
ការថ្លែងរបស់សម្តេចបែបនេះ ធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាលសន្និសីទ និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញព្រឹកថ្ងៃទី ២៨ ខែធ្នូ នេះ។
ទាក់ទងនឹងការថ្លែងរបស់សម្តេច ហ៊ុន សែន នេះ នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ធ្លាប់បានលើកឡើងថា វាជារឿងល្អដែលរាជរដ្ឋាភិបាលបានផ្តល់ដំណឹងជាមុនដល់ប្រជាកសិករទូទៅឱ្យបានដឹងពីការបម្រែបម្រួលអាកាសធាតុដែលនឹងធ្វើឱ្យកម្ពុជាអាចនឹងខ្វះខាតទឹកប្រើប្រាស់ក្នុងឆ្នាំ
២០១៦ ខាងមុខនេះ។
លោក តឹក វណ្ណារ៉ា បានបន្តទៀតថា ទោះបីជាការជូនដំណឹងបានមុនយ៉ាងណាក្តីក៏សង្គមស៊ីវិលចង់ឃើញក្រសួងពាក់ព័ន្ធគ្រប់ផ្នែក គួរចុះអប់រំប្រឹក្សាបច្ចេកទេសក្នុងការរក្សាទឹកការដាំដុះកសិផលដែលងាយទទួលបានផល ហើយចំណាយទឹកតិចដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាន។
យោងតាមសារចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការចាត់វិធានការថែរក្សាទឹកទុកកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៦ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងបាតុភូត El Nino រហូតដល់ចុងខែមិថុនា។ បាតុភូតមួយនេះអាចនឹងបង្កឱ្យរដូវវស្សាហ៍មកដល់យឺត នៅដើមរដូវវស្សាមានភ្លៀងធ្លាក់តិច មានបាតុភូតផ្គរន្ទះ ខ្យល់កន្ត្រាក់កើតទ្បើងច្រើន កម្រិតសីតុណ្ហភាពអតិបរមាកើនទ្បើង អាកាសធាតុក្តៅហួតហែងជាដើម។
ស្ថានភាពអាកាសធាតុបែបនេះនឹងកើតមានចាប់ពីខែកុម្ភៈ រហូតដល់ចុងខែមិថុនា ឆ្នាំ២០១៦។ កត្តាទាំងនេះនឹងធ្វើឱ្យកម្ពុជាប្រឈមនឹងកខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមតំបន់មួយចំនួន ហើយរហូតដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៦ ទើបបាតុភូតថ្មី La Nina មានឥទ្ធិពលមកលើព្រះរាជាណាចកក្រកម្ពុជាវិញ ហើយភ្លៀងក៏នឹងចាប់ផ្តើមធ្លាក់នាពេលនោះផងដែរ។
យោងទៅតាមការព្យាករណ៏ខាងលើនេះ រាជរដ្ឋាភិបាលបានធ្វើការណែនាំដូចតទៅ៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៥-២០១៦ គឺអាចធ្វើបានតែ ១ ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី០២ បានទេ ទោះបីជាទឹកតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយគួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងៗទៀត ក្រៅពីស្រូវ ហើយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះរហូតដល់ពេលមានភ្លៀងធ្លាក់៕