ក្រោយមានការប្រមូលគ្នាធ្វើបាតុកម្មតវ៉ា បិទផ្លូវជាតិលេខ៣ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) ស្នើឱ្យអតិថិជន បុរីម៉នដានីគម្រោងទី២៩ ស្នើពលរដ្ឋដែលទិញផ្ទះក្នុងគម្រោងនេះ រក្សាភាពស្ងប់ស្ងាត់ មិនត្រូវចូលរួមធ្វើបាតុកម្ម ប៉ុន្តែទុកពេលជូននិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) ធ្វើការជាមួយភាគីពាក់ព័ន្ធ វិវាទរវាងម្ចាស់ដី និងក្រុមហ៊ុនម៉នដានី។ ស្ថាប័នមួយនេះអះអាងថា នឹងផ្ដល់ដំណឹងជូនដល់ អតិថិជនបុរីម៉នដានីខាងលើនូវលទ្ធផលនៃការសម្របសម្រួលយ៉ាងយូរ មុនថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។ លោក គីម ចាន់ចាវ រាយការណ៍
«ដោះស្រាយឱ្យអតិជនរងគ្រោះផង! ហើយដូច្នេះសូមសំណូមពរឱ្យលោកស្រីម៉ន ដានី ចេញមកដោះស្រាយ ឱ្យពួកខ្ញុំឱ្យបានលឿនៗមក កុំពន្យាពេលទៀត»។
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានចេញលិខិតមួយនៅថ្ងៃទី២៦ ខែមិថុនា ប្រាប់ដល់អតិថិជនទាំងអស់ដែលបានទិញលំនៅដ្ឋាន និងដីឡូតិ៍នៅក្នុងគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក ថា៖ បន្ទាប់ពីទទួលបានពាក្យស្នើសុំអន្តរាគមន៍ពីភាគីពាក់ព័ន្ធ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានរៀបចំក្រុមការងារដោះស្រាយវិវាទ និងបានប្រជុំពិភាក្សាអស់ពេលជាច្រើនសារ និងចុងក្រោយបានឯកភាពឱ្យ ក្រុមហ៊ុនសវនកម្មឯករាជ្យចុះពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងឯកសារកិច្ចសន្យាលក់ទិញ។ លទ្ធផលបឋមនៃការធ្វើសវនកម្មបានដាក់ប្រជុំដោះស្រាយវិវាទ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែដោយអតិថិជនខ្លះមិនទាន់ទទួលបានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុនសវនកម្មឯករាជ្យ ដូច្នេះអង្គប្រជុំបានសម្រេចឱ្យ ក្រុមហ៊ុនសវនកម្ម ចុះស្រង់ព័ត៌មានបន្ថែម ដោយទុកពេលជូន១សប្តាហ៍។
ការចេញលិខិតជូនដំណឹងនេះ បន្ទាប់ពីក្រុមប្រជាពលរដ្ឋដែលជាអតិថិជន បានជួបជុំធ្វើបាតុកម្មតវ៉ា នៅបុរីម៉នដានី គម្រោងទី២៩ បណ្ដោយផ្លូវជាតិលេខ៣ ដោយការតវ៉ានេះឈានដល់ការបិទផ្លូវជាតិ ដើម្បីទាមទារឱ្យម្ចាស់បុរី បំពេញកាតព្វកិច្ច ដូចជាការធ្វើប្លង់ និង សាងសង់ ឱ្យពួកគេ ឱ្យបានដូចការសន្យា ត្បិតពួកគេអះអាងថាបានខំប្រឹងរកប្រាក់ដោយកម្លាំងញើសឈាម ដើម្បីបង់ធានាគារ សម្រាប់ទិញផ្ទះក្នុងបុរីនេះ។
ស្ត្រីម្នាក់ដែលចូលរួមធ្វើបាតុកម្មនេះ បានឱ្យដឹងថា អ្នកស្រី និងស្វាមីបានយកប្លង់ដីកេរពីឪពុកម្ដាយ ដាក់បញ្ចាំធនាគារសម្រាប់ខ្ចីប្រាក់យកមកបង់ផ្ដាច់ថ្លៃផ្ទះ ប៉ុន្តែត្រូវបានស្វាមីស្លាប់ក្រោយពេលទិញផ្ទះនេះបាន២ខែ។ ដូច្នេះបន្ទុកនៃការបង់ធនាគារ និងជីវភាពគ្រួសារគឺជាបន្ទុកលើអ្នកស្រីតែម្នាក់ឯង។ ពេលនេះអ្នកស្រីជាស្ត្រីមេម៉ាយ ដែលរកលុយតែម្នាក់ឯង យកមកបង់ប្រាក់ដែលបាន ខ្ចីធនាគារគេ ដោយយកប្លង់កេរអាករឪពុកម្ដាយ ដាក់ធនាគារដើម្បីយកលុយមកបង់ផ្ដាច់ នៅបុរីម៉នដានីនេះ។
«ប៉ុន្តែនៅពេលដែលសាងសង់ហើយគាត់មានកិច្ចសន្យា២៤ខែគាត់សាងសង់ផ្ទះ និងប្រគល់ប្លង់ក្នុងរយៈពេល២៤ខែ តែដល់ពេលឥលូវខ្ញុំលើសកុងត្រាជិត៤ខែហើយផ្ទះខ្ញុំក៏អត់មានស្អីក៏អត់មានទាំងអស់។ ខ្ញុំសួរបងប្អូនថា បងប្អូនទាំងអស់គ្នាយល់ចិត្តស្ត្រីមេម៉ាយដែលប្ដីស្លាប់នេះដែរអត់? ដែលយកលុយទាំងម៉ឺនៗ យកប្លង់កេរអាករឪពុកម្ដាយរបស់ខ្លួននេះ យកលុយតិកតក់យកប្លង់មកដាក់ធនគារដើម្បីបានលុយ យកមកទិញផ្ទះរស់នៅជាមួយក្រុមគ្រួសារ តែទីបំផុតអ្វីក៏គ្មានដែរ ផ្ទះក៏អត់ លុយក៏នៅតែជំពាក់ធនាគារដដែល។ សួរថាបងប្អូនដឹងទុក្ខលំបាកជាស្ត្រីមេម៉ាយនេះយ៉ាងម៉េចដែរ?»
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានបញ្ឈប់សកម្មភាពអាជីវកម្ម គម្រោងទី២៩ របស់ក្រុមហ៊ុនម៉នដានី ដែលមានទីតាំងស្ថិតនៅ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមហេតុផលថា បានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយពុំមានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) ព្រមទាំងកំពុងមានវិវាទជាមួយម្ចាស់ដី និងជាមួយអតិថិជនដែលបានទិញផ្ទះក្នុងគម្រោងទី២៩នេះ។
ពាក់ព័ន្ធបញ្ហានេះ កន្លងមក លោកស្រី ម៉ន ដានី ស្ថាបនិកបុរីKP Developer Land & House នៃក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត ឯ.ក និងស្វាមី បានLive បកស្រាយថា ម្ចាស់ដីដែលខ្លួនទិញ បានធ្វើបាបគ្រួសារអ្នកទាំងពីរ។ ករណីនេះម្ចាស់បុរីម៉នដានីនេះ បានអំពាវនាវសុំកិច្ចអន្តរាគមន៍ពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសារពួកគេអះអាងថា រឿងនេះ ពាក់ព័ន្ធនឹងអ្នកមានឥទ្ធិពលនិងមានអំណាចម្នាក់។
ទោះយ៉ាងណា និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) កំពុងអន្តរាគមន៍ជុំវិញករណីនេះ។ ស្ថានប័នមួយនេះ ស្នើពលរដ្ឋដែលទិញផ្ទះក្នុងគម្រោងនេះ អត់ធ្មត់និងរក្សាភាពស្ងប់ស្ងាត់ មិនត្រូវចូលរួមធ្វើបាតុកម្ម គឺទុកពេលជូននិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) ធ្វើការជាមួយភាគីពាក់ព័ន្ធ សម្របសម្រួល និងដោះស្រាយវិវាទរវាងម្ចាស់ដី និងក្រុមហ៊ុនម៉នដានី ជូនពួកគាត់។ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានអះអាងថា នឹងផ្ដល់ដំណឹងជូនដល់ពលរដ្ឋដែលជាអតិថិជនបុរីម៉នដានីខាងលើនូវលទ្ធផលនៃការសម្របសម្រួលយ៉ាងយូរ មុនថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣៕