ក្រុមការងារសហជីពសេវាកម្មអាស៊ានប្រចាំកម្ពុជា គ្រោងនឹងដាក់សេចក្តីព្រាងច្បាប់ស្តីពី កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការការពារនិងលើកស្ទួយសិទ្ធិកម្មករ ទៅកាន់ក្រសួងការងារនៅខែ មករាឆ្នាំ២០១៦ ខាងមុខ។
សហជីពចំនួន៣ នឹងដាក់សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចព្រមព្រៀងអាស៊ាន ទៅក្រសួងការងារ ដើម្បីឱ្យក្រសួងនេះធ្វើសេចក្ដីព្រាងច្បាប់មួយដែលការពារ និងធានាដល់សិទ្ធិពលករសម្រាប់សមាហរណកម្មអាស៊ាននាពេលខាងមុខ។
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នេះ ក្រុមការងារសហជីពសេវាកម្មអាស៊ានប្រចាំកម្ពុជា (Cambodia ASETUC Working Group) បានរៀបចំសន្និសីទសារព័ត៌មានមួយ លើប្រធានបទ កិច្ចព្រមព្រៀងអាស៊ានស្តីពី ការការពារនិងលើកស្ទួយសិទ្ធិកម្មករ ដោយមានការចូលរួមពី សហជីពចំនួនបីរួមមាន សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA) សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC) និងសហព័ន្ធសហជីពការងារនិងសេវាកម្មកម្ពុជា (UNICAM)។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលមានអ្នកចូលរួមប្រមាណជា ១០០ នាក់ នៅឯភោជនីយដ្ឋានទន្លេបាសាក់១ កាលពីព្រឹកមិញ លោក ប៊ុន កុសល្យ ជាប្រធានស្តីទី សមាគម CICA បាននិយាយថា ក្រុមសហជីពសេវាកម្មអាស៊ានប្រចាំកម្ពុជា (ASETUC) គ្រោងនឹងបញ្ជូនសេចក្តីព្រាងច្បាប់ខាងលើ ទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅដើមឆ្នាំ២០១៦ខាងមុខនេះហើយ។ លោកបន្តទៀតថា លោកក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់សង្ឃឹមថា សេចក្តីព្រាងច្បាប់ ពីកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការការពារ និងលើកស្ទួយសិទ្ធិកម្មករនេះ នឹងទទួលបានការគាំទ្រពីរដ្ឋាភិបាល។
លោក សុក គីន ប្រធានស្តីទីសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា មានប្រសាសន៍ថា ប្រសិនបើសេចក្តីព្រាងច្បាប់ត្រូវយល់ព្រមអនុម័តពីក្រសួងការងារនោះ វាអាចជាឱសថមួយ ដែលអាចជួយការពារសិទ្ធិដល់កម្មករ ដែលប្រកួតប្រជែងសម្រាប់ សមាហរណកម្មអាស៊ានខាងមុននេះ។
យុវជននិងសង្គមស៊ីវិលយល់ថា ការងារក្នុងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធកំពុងរំលោភ លើសិទ្ធិកម្មករ។ សូមជម្រាបថា សិទ្ធិកម្មករ កំពុងត្រូវបានយកចិត្តទុកដាក់ខ្លាំងពីក្រុមសហជីព ក៏ដូចជាយុវជន និងអង្គការសង្គមស៊ីវិល ខណៈសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានចុះហត្ថលេខាបង្កើតឡើង ដោយមេដឹកនាំនៃបណ្ដាប្រទេសអាស៊ានទាំងអស់ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៥ នេះ៕