ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃ២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ថាអាចមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ស្ថានភាពអាកាសធាតុបែបនេះ ត្រូវបានក្រសួងបញ្ជាក់ថា ដោយសារកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលលាតសន្ធឹងលើអាងទន្លេមេគង្គ ផ្នែកប្រទេសថៃ និងឡាវ គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។
អាកាសធាតុបែបនេះក្រសួងបានព្យាករណ៍ឃើញថា នៅតំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម និងច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែក នៅតំបន់តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹកអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ។
ជុំវិញអាកាសធាតុដែលមានភ្លៀងធ្លាក់នេះដែរ ថ្មីៗនេះក៏មានករណីខ្យល់កន្ត្រាក់ធ្វើឱ្យផ្ទះពលរដ្ឋនៅតំបន់មួយចំនួនបានរងការខូចខាត រួមទាំងមានករណីរន្ទះបាញ់ងាប់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋផងដែរ។ ចំណែកនៅរាជធានីភ្នំពេញវិញកាលពីយប់មិញភ្លៀងបានធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យតាមខណ្ឌមួយចំនួនត្រូវជន់លិចដោយទឹកភ្លៀង៕