កាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ មេដឹកនាំកំពូលរបស់ក្រុមតាលីបង់បានអះអាងថា រដ្ឋាភិបាលតាលីបង់កំពុងចាត់វិធានការចាំបាច់ ដើម្បីឱ្យការរស់នៅរបស់ស្រ្តីក្នុងប្រទេសអាហ្វហ្គានីស្ថានមានភាពល្អប្រសើរ បន្ទាប់ពីរដ្ឋាភិបាលតាលីបង់បានបំពានលើសិទ្ធិទទួលបានការអប់រំ និងសិទ្ធិការងាររបស់ស្រ្តីអាហ្វហ្គានីស្ថាន។
(កញ្ញា កែវ សុជាតា រាយការណ៍)
មេដឹកនាំក្រុមតាលីបង់ លោក Hibatullah Akhundzada បាននិយាយជាសាធារណៈនៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ថា លោកកំពុងដឹកនាំប្រទេសអាហ្វហ្គានីស្ថានទៅរកភាពសុខដុមរមនា និងការអភិវឌ្ឍយ៉ាងពេញលេញ។
លោក Akhundzada បានអះអាងថា រដ្ឋាភិបាលតាលីបង់កំពុងចាត់វិធានការចាំបាច់ ដើម្បីជួយសង្រ្គោះស្រ្តីពីការគាបសង្កត់តាមបែបផ្នត់គំនិតចាស់គំរិល ជាពិសេសការបង្ខិតបង្ខំឱ្យស្រ្តីរៀបការជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់។ លោកបន្តគូសបញ្ជាក់ថា ការពាក់ក្រណាត់បិទបាំងសក់របស់ស្រ្តីអាហ្វហ្គានីស្ថាន ដែលណែនាំខុសក្បួន នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Chanel New Asia។
លើសពីនេះទៀត មេដឹកនាំក្រុមតាលីបង់រូបនេះបានបង្ហាញគោលជំហរថា លោកក៏នឹងធ្វើឱ្យសិទ្ធិស្រ្តីអាហ្វហ្គានីស្ថានឱ្យប្រសើរជាងនេះ ដើម្បីឱ្យពួកគេរស់នៅបានសុខស្រួល និងប្រកបដោយគុណធម៌នៅក្នុងជីវិតនៃភាពជាអ្នកកាន់សាសនាឥស្លាម។
ដោយឡែក កាលពីពេលថ្មីៗនេះ លោក Akhundzada ហាក់ដូចជាងាកមកចាប់អារម្មណ៍ដឹកនាំគោលនយោបាយនៅក្នុងអាហ្វហ្គានីស្ថាន ដោយលោកបានចេញច្បាប់ហាមឃាត់ក្មេងស្រី និងស្រ្តីមិនឱ្យទៅរៀនសូត្រនៅក្នុងសាលារៀន រួមទាំងរារាំងស្ត្រីអាហ្វហ្គានីស្ថានមិនឱ្យចេញមុខមាត់នៅតាមកន្លែងសាធារណៈ និងកន្លែងការងារផ្សេងៗទៀត ជាពិសេសស្រ្តីបម្រើការងារមនុស្សធម៌នៅក្នុងអង្គការមិនមែនរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១មក
រដ្ឋាភិបាលតាលីបង់បានដាក់វិធានការដ៏តឹងរ៉ឹងទៅលើប្រជាពលរដ្ឋ ជាពិសេសស្រ្តីអាហ្វហ្គានីស្ថាន ដែលធ្វើឱ្យកម្លាំងអាមេរិក និងណាតូសម្រេចដកកម្លាំងចេញពីប្រទេសនេះ។
ជាការកត់សម្គាល់ លោក Akhundzada ធ្លាប់បានអំពាវនាវឱ្យប្រទេសផ្សេងទៀត បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្វហ្គានីស្ថាន។លោកថារដ្ឋាភិបាលតាលីបង់ចង់បានទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចល្អជាមួយពិភពលោក៕
ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣