ភ្នំពេញ៖ ថ្លែងក្នុងកម្មវិធីសមាជប្រចាំឆ្នាំ ២០១៥ របស់អង្គការសេដាក នៅថ្ងៃទី២៨ ខែធ្នូនេះ លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាកលើកឡើងថា កសិករកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួន គឺបញ្ហាកង្វះទីផ្សារកសិកម្ម និងការប្រែប្រួលអាកាសធាតុ ដែលប្រការនេះធ្វើឱ្យវិស័យកសិកម្មកម្ពុជា នៅមានភាពអន់ខ្សោយនៅឡើយ។
ព្យុះកំណាច់ធំៗចំនួន២ ដែលកសិករកម្ពុជាកំពុងតែប្រឈម និងកំពុងធ្វើឱ្យវិស័យកសិកម្មកម្ពុជាជួបភាពអន់ខ្សោយ នោះគឺកង្វះទីផ្សារកសិកម្ម និងការប្រែប្រួលអាកាសធាតុ។ នេះគឺជាការលើកឡើងរបស់លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក ដែលបានថ្លែងនៅក្នុង កម្មវិធីសមាជប្រចាំឆ្នាំ២០១៥របស់អង្គការសេដា។
ប្រធានអង្គការសេដាកដែលទើបផុតអាណត្តិរូបនេះបន្តថា កសិករនៅមានសមត្ថភាពទាបនៅឡើយក្នុងការប្រឈមមុខទៅនឹងការផ្លាស់ប្តូរអាកាសធាតុ និងការប្រកួតប្រជែងផលិតផលកសិកម្មជាមួយប្រទេសជិតខាង។ លោក យ៉ង សាំងកុមារ បន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះបាន អង្គការសេដាកកំពុងតែបញ្ជូនបុគ្គលិករបស់ខ្លួន ដើម្បីចុះទៅជួយបង្ហាត់បង្រៀនពង្រឹងសមត្ថភាពដល់ប្រជាកសិករតាមមូលដ្ឋាន។ តែទោះយ៉ាងនេះក្ដី លោកថា កិច្ចការនេះត្រូវមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលផងដែរ ដើម្បីឱ្យវិស័យនេះអាចប្រកួតប្រជែងនឹងប្រទេសជិតខាងបាន។
លោក យ៉ង សាំងកុមារ៖ «អ្វីដែលយើងបារម្ភហ្នឹង គឺបារម្ភតើថា កសិករខ្មែរយើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ទល់ជាមួយការប្រកួតប្រកួតប្រជែងជាមួយកសិករនៅប្រទេសជិតខាងលើបញ្ហាទីផ្សារ។ ហើយមួយទៀតកសិករខ្មែរមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ទល់ទៅនឹងការផ្លាស់ប្តូរអាកាសធាតុ។ អញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងបានអង្គការសេដាក នឹងបញ្ចូនមនុស្សម្នាក់ទៅធ្វើការជាមួយកសិករចន្លោះពី ១០០ ទៅ ២០០ នាក់ ជួយពង្រឹងបច្ចេកទេសដល់កសិករ»។
កសិករនៅក្នុងខេត្តព្រៃវែងមួយរូប អ្នកស្រី វង់ ស៊ីថន និយាយថា បច្ចុប្បន្នកសិករនៅមូលដ្ឋានដែលអ្នកស្រីរស់នៅកំពុងជួបបញ្ហាខ្វះប្រព័ន្ធទឹកស្រោចស្រពដំណាំ ខ្វះទុន និងខ្វះទីផ្សារកសិកម្ម។ អ្នកស្រីសំណូមពរដល់រដ្ឋាភិបាលឱ្យជួយដោះស្រាយបញ្ហាដល់កសិករ តាមរយៈការបញ្ជូនមន្ត្រីកសិកម្មចុះពង្រឹងបចេ្ចកទេសកសិកម្មបន្ថែមដល់កសិករ នឹងប្រញាប់ដោះស្រាយបញ្ហាទឹកដល់កសិករ។
អ្នកស្រី វង់ ស៊ីថន ៖ «ទុកកង្វល់របស់ប្រជាពលរដ្ឋមាន៣ចំនុច ចំណុចទី១ គឺទុន ចង់ឱ្យអត្រាការប្រាក់ទាបហ្នឹងធ្លាក់ដល់ដៃប្រជាពលរដ្ឋ។ ទី២ គឺទឹក ប្រជាពលរដ្ឋត្រូវការទឹកគាត់ខ្វះទឹក អញ្ចឹងប្រព័ន្ធស្រោចស្រពគឺនៅមានភាពខ្វះខាត។ បញ្ហាមួយទៀត គឺទីផ្សារ ព្រោះផលកសិកម្មលក់ទៅបានទាបនៅឡើយ អញ្ចឹងសូមឱ្យរដ្ឋជួយរកទីផ្សារឲ្យកសិករ»។
នៅថ្ងៃទី២៨ ខែធ្នូនេះ ក្នុងកម្មវិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំឭកដល់ប្រជាកសិករជាថ្មី ត្រូវរក្សាទឹកទុកសម្រាប់ស្រោចស្រពដំណាំនារដូវប្រាំងឆ្នាំក្រោយ។
សូមរំឭកថា កាលពីថ្ងៃទី២៣ ខែធ្នូ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្តីពីការចាត់វិធានកាថែរក្សាទឹកទុកដោយបានអំពាវនាវឱ្យប្រជាកសិករ ធ្វើស្រូវប្រាំងតែ១ដង ប៉ុណ្ណោះក្នុង ឆ្នាំ២០១៦ ហើយមិនអាចធ្វើស្រូវប្រាំងលើកទី២ បានទេ ព្រោះទឹកតាមបណ្តាអាងដែលបានរក្សាទុក និងទឹកធម្មជាតិនៅកន្លែងមួយចំនួន គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។ រដ្ឋាភិបាលក៏បានបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋ រហូតដល់ពេលមានភ្លៀងធ្លាក់៕