en     km
en     km

ឆ្មាំសមុទ្រអាមេរិកថានាវា​មុជទឹកទីតាន​បានផ្ទុះ​ស្លាប់មនុស្ស​ទាំង​អស់

Share

យោងតាម C N A ឆ្មាំសមុទ្រអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២២ មិថុនាថានាវាមុជទឹកទីតានដែលផ្ទុកមនុស្ស៥នាក់ទៅមើលខ្មោចកប៉ាល់ទីតានិកនោះ ត្រូវបានគេរកឃើញបំណែកកំទេចកំទីដោយការផ្ទុះបែក និងបានសម្លាប់មនុស្សទាំងអស់នៅលើនាវា។ រាយការណ៍ដោយ….

ឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិកឧត្តមនាវីឯក John Mauger បានប្រាប់អ្នកសារព័ត៌មានថា យានមុជទឹករ៉ូបូតមួយគ្រឿង ត្រូវបានទម្លាក់ពីកប៉ាល់កាណាដា បានរកឃើញកម្ទេចកម្ទីរបស់នាវាមុជទឹកTitan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅបាតសមុទ្រជម្រៅប្រហែល ៥០០ ម៉ែត្រក្បែរខ្មោចកប៉ាល់ទីតានិក ក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង។

កប៉ាល់មុជទឹក Titan បានបាត់ទំនាក់ទំនងជាមួយកប៉ាល់ជំនួយនៅលើផ្ទៃសមុទ្រកាលពីព្រឹកថ្ងៃអាទិត្យទី១៨ ខែមិថុនា ឆ្នាំ២០២៣ ប្រហែលមួយម៉ោង និង ៤៥ នាទីបន្ទាប់ពីចេញដំណើរ។រយៈពេលនៃការជ្រមុជទឹកទៅកាន់ខ្មោចនាវាទីតានិចត្រូវគេប៉ាន់ស្មានថាត្រូវប្រើរយៈពេល២ម៉ោង។

មន្ត្រីឆ្មាំសមុទ្របាននិយាយថា គេរកឃើញបំណែកសំខាន់ៗរបស់នាវាទីតានចំនួនប្រាំ រួមទាំងផ្នែកកន្ទុយរបស់នាវា និងធុងខ្យល់ទាំងពីរបស់វាផងដែរ។ទោះយ៉ាងណាមិន​មាន​ការបញ្ជាក់ពីការរកឃើញសាកសព​មនុស្ស​នោះទេ។

លោក Mauger បាននិយាយថា “កន្លែងមានកំទេចកំទីនៅទីនោះគឺអាចជាការផ្ទះដ៏មហន្តរាយនៃនាវាទីតាន” ។

 

ក្រុមហ៊ុនOceanGate ដែលជាម្ចាស់នាវាទីតានបានចេញសេចក្តីថ្លែងការណ៍មុនពេលសន្និសីទសារព័ត៌មានរបស់ឆ្មាំឆ្នេរសមុទ្រ ដោយនិយាយថាគ្មានអ្នកនៅរស់រានមានជីវិតនៅលើកប៉ាល់ Titan នោះទេ។អ្នកដំណើរបួននាក់នៅក្នុងនាវាមានដូចជា មហាសេដ្ឋីអង់គ្លេសHamish Harding ជាអ្នកផ្សងព្រេងអាយុ៥៨ឆ្នាំ  អ្នកជំនួញសញ្ជាតិអង់គ្លេសដើមកំណើតប៉ាគីស្ថាន Shahzada Dawood អាយុ ៤៨ ឆ្នាំនិងយុវជនSulemanជាកូនប្រុសរបស់លោកអាយុ ១៩ឆ្នាំ និងលោកPaul-Henri Nargeolet អាយុ 77 ឆ្នាំ ជាអ្នកជំនាញខាងមហាសមុទ្រជនជាតិបារាំង ដែលធ្លាប់បានទៅមើលខ្មោចនាវាទីតានិករាប់សិបដងផងដែរ។

ក្រុមហ៊ុនOceanGateបាននិយាយថា “បុរសទាំងនេះគឺជាអ្នករុករកស្រាវជ្រាវពិតប្រាកដ ដែលបានចែករំលែកស្មារតីនៃការផ្សងព្រេង និងចំណង់ចំណូលចិត្តដ៏ជ្រាលជ្រៅក្នុងការរុករក និងការពារមហាសមុទ្ររបស់ពិភពលោក”។ “បេះដូងរបស់យើងនៅជាមួយព្រលឹងពួកគេទាំងប្រាំនាក់ និងនៅជាមួយសមាជិកគ្រួសារពួកគេក្នុងអំឡុងពេលសោកនាដកម្មនេះ”។

សូមបញ្ជាក់ផងដែរថា មុនពេលរកឃើញថានាវមុជទឹកទីតាបានផ្ទុះស្លាប់មនុស្សក្នុងនាវាអស់ ក្រុមជួយសង្គ្រោះមកពីប្រទេសជាច្រើនបានចំណាយពេលជាច្រើនថ្ងៃដើម្បីស្កេនផ្ទៃសមុទ្ររាប់ពាន់គីឡូម៉ែត្រការ៉េជាមួយនឹងយន្តហោះ និងកប៉ាល់ជាច្រើនគ្រឿងដើម្បីចាប់សញ្ញាបាវាមុជទឹក Titan៕

ប្រភព៖ C N A ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image