en     km
en     km

ទស្សនៈ​អ្នកវិភាគ​ ទាក់ទង​នឹងការ​បដិសេធ​លើកលែងទោស​ដល់អ្នកនយោបាយ​

Share

cover-H.S.-at-RULE's-grduation-ceremeony-on-28.12.15
ភ្នំពេញ៖  សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ បើសិនជា​លោក​ ចុះហត្ថលេខា​លើកលែងទោស​ ដល់​អ្នកទោស​នយោបាយ​រូប​ណាប​ន្ដ​ទៀត​ លោក​នឹង​កាត់​ដៃស្ដាំ​របស់​លោក​ចោល​។​ ការ​ថ្លែង​របស់​ សម្ដេច​ ហ៊ុន​ សែន​ នា​ពេល​នេះ​ត្រូវ​បាន​អ្នកវិភាគ​នយោបាយ​លើក​ឡើង​ដូចៗ​គ្នា​ថា​ នេះ​ជា​ការ​បង្ហាញ​ពី​ការ​បែកបាក់​គ្នា​រវាង​អ្នក​យោ​បាយ​ខ្មែរ​ និង​ខ្មែរ​ ហើយ​នាយក​រដ្ឋមន្ដ្រី​ ពុំគួរ​មាន​សារ​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បែប​នេះនោះ​ទេ​។​

​អ្នកវិភាគ​ថា​ អ្នកនយោបាយ​គួរ​បញ្ឈប់​ការ​វាយប្រហារ​គ្នា​ដើម្បី​ ការ​ចំណេញ​នយោបាយ​តទៅ​ទៀត​ហើយ​គួរតែ​ងាក​មក​រក​គ​ន្លិះ​នៃ​ការ​កសាង​ជាតិ​ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​ផល​ចំណេញ​វិញ​ វា​ជា​ការ​ប្រសើរ​ជាង​។​

​ការ​លើក​ឡើង​របស់​អ្នកវិភាគ​ ធ្វើ​ឡើង​ក្រោយ​ពេល​សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​សារ​នយោបាយ​ មួយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​  និង​ បរិញ្ញាបត្រ​ជាន់ខ្ពស់​ ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​។​

​សម្ដេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ចាប់ពី​ពេល​នេះ​តទៅ​ បើសិនជា​លោក​ព្រម​ចុះហត្ថលេខា​លើកលែងទោស​ឱ្យ​អ្នក​ណាប​ន្ដ​ទៀត​ លោក​និង​កាត់​ដៃស្ដាំ​លោក​បោះចោល​។​ លោក​បន្ថែម​ថា​៖«​ ខ្ញុំ​ប្រកាស​ បើ​ខ្ញុំ​នៅ​ចុះហត្ថលេខា​លើកលែងទោស​ឱ្យ​អ្នក​ណា​ ខ្ញុំ​និង​កាត់​ដៃស្ដាំ​ខ្ញុំ​ចោល​»​។​

លោក​បណ្ឌិត​ រស់​ រ៉ា​វុ​ធ​ សាស្ត្រាចារ្យ​វិទ្យា​នយោបាយ​ / រូបភាពពី RFA
លោក​សាស្ត្រាចារ្យ រស់​ រ៉ា​វុ​ធ​

ទាក់ទង​នឹង​ប្រសាសន៍​ខាងលើ​នេះ​ សាស្ដ្រាចារ្យ​ វិទ្យាសាស្ដ្រ​នយោបាយ​ លោក​  រស់​ រ៉ា​វុ​ធ​ បាន​មាន​ប្រសាសន៍​ ជាមួយ​វិ​ទ្យ​ស្ដ្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ចន្ទ​ ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​ វា​ជា​រឿង​ធ្ងន់ធ្ងរ​ ដែល​អ្នកនយោបាយ​គួរ​ចៀសវាង​ មិន​គួរ​ធ្វើការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ឡើយ​។​

លោក​សាស្ត្រាចារ្យ​ រស់​ រ៉ា​វុ​ធ​ បន្ថែម​ថា​ ការ​ថ្លែង​ចេញ​បែប​នេះ​ក៏​មិនមែន​ជា​លើក​ទី​មួយ​ ដែល​សម្ដេច​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ពី​ការ​សន្យារ​ផ្សេងៗ​ ដូច​ជា​ កាត់​ក​ ប្រសិនជា​ធ្វើ​អ្វីមួយ​មិន​បាន​ ដូច​ជា​ ការ​អនុវត្ដ​ទៅ​លើ​ព្រៃ​សម្បទាន​ព្រៃ​ឡង់​មិន​បាន​។​

​លោក​សាស្ត្រាចារ្យ​បន្ដ​ថា​ ការ​ថ្លែង​បែប​នេះ​គឺជា​សញ្ញា​បញ្ជាក់​ពី​ការ​ចុះ​អន់​ថយ​សាមគ្គីភាព​របស់​អ្នកនយោបាយ​ខ្មែរ​ នា​ពេល​បច្ចុប្បន្ន​នេះ​។​ មួយវិញទៀត​ លោក​ថា​ បើ​អ្នកនយោបាយ​ខ្មែរ​ នៅ​តែ​បន្ដ​មាន​ជម្លោះ​ជាមួយ​គ្នា​ជា​បន្ដ​ទៀត​ គឺ​គ្មាន​ផល​ចំណេញ​អ្វី​ទាំងអស់​ដល់​អ្នកនយោបាយ​ទាំង​ពីរ​។​ មិនតែប៉ុណ្ណោះ​ទំនាស់​នេះ​ និង​បង្ក​ឱ្យ​បរទេស​ មើលងាយ​មក​ប្រទេស​កម្ពុជា​ទៀត​ផង​។​

​លោក​បន្ថែម​ថា​៖«​ ក្នុង​ករណី​ដែល​ខ្មែរ​បែកបាក់​ គឺ​គ្មាន​ផល​ចំណេញ​អ្វី​សោះ​សម្រាប់​ខ្មែរ​ ទាំង​គណបក្សកាន់អំណាច​ ទាំង​គណបក្សប្រឆាំង​ គឺ​តែងតែ​និយាយ​ថា​ស្នេហា​ជាតិ​   អ​ញ្ចឹ​ង​ពាក្យ​ថា​ ស្នេហា​ជាតិ​របស់​អ្នកនយោបាយ​នៅ​ត្រង់​ណា​ ឬ​ក៏​គ្រាន់តែ​និយាយ​ គ្រាន់តែ​ថាឱ្យ​ល្អមើល​ សម្រាប់​បោកប្រាស់​រាស្ដ្រ​។​ អ​ញ្ចឹ​ង​ទេ​ ចំណុច​ត្រង់​កន្លែង​នេះ​ យើង​គួរតែ​ពិចារណា​ឡើង​វិញ​ ថា​តើ​ខ្មែរ​គួរ​បង្រួបបង្រួម​យ៉ាងណា​ ដើម្បី​កសាង​ជាតិ​ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ ដើម្បី​ជួយ​ប្រទេស​ខ្មែរ​យើង​ ដើម្បី​ឱ្យ​មាន​ភាព​រីក​ចម្រើន​ ចៀស​ផុត​ពី​ការ​មើលងាយ​ពី​បរទេស​»​។​

សាស្ត្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា
សាស្ត្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា

ចំណែក​អ្នក​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ ការ​ថ្លែង​សារ​បែប​នេះ​មិន​គួរ​កើត​មាន​ទេ​ គួរ​ណា​តែ​ខ្មែរ​និង​ខ្មែរ​ចរចា​គ្នា​ ឈាន​ទៅ​រក​ការ​ឯកភាព​ជាតិ​ ដើម្បី​កសាង​ជាតិ​ឱ្យ​រីក​ចម្រើន​ និង​កុំឱ្យ​បរទេស​ចេះ​តែ​ឈ្លានពាន​ ហើយ​ក៏​ជា​នយោបាយ​បង្រួប​បង្រួប​ជាតិ​ផង​។​

​លោក​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ បាន​បញ្ជាក់​ដែរ​ថា​ ការ​ថ្លែង​សារ​នយោបាយ​របស់​សម្ដេច​ ហ៊ុន​ សែន​ គឺជា​វិធីសាស្ដ្រ​ក្នុង​ការ​រុញ​ប្រធាន​គណបក្សប្រឆាំង​ ពិសេស​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ឱ្យ​ចេញពី​ឆាក​
​នយោបាយ​ ក៏​ដូច​ជា​ការ​បំបែក​មេ​បក្ស​ប្រឆាំង​ចេញ​អាច​ទទួល​បាន​ជោគជ័យ​ បូក​រួម​ និង​ការ​គ្រោង​ធ្វើ​ច្បាប់​ស្ដី​ពី​សញ្ជាតិ​តែ​មួយ​របស់​មេគណ​បក្ស​   ដែល​បង្ក​ឱ្យ​គណបក្សប្រឆាំង​កាន់តែ​ទាល់ច្រក​បន្ថែម​ទៀត​។​

​លោក​បន្ថែ​ថា​៖​ «​ខ្ញុំ​មើលទៅ​ សារ​នយោបាយ​របស់​ លោក​ ហ៊ុន​ សែន​ នា​ពេល​នេះ​ គឺ​ចង់​រុញ​ គណបក្សប្រឆាំង​ ពិសេស​ មេ​បក្ស​ប្រឆាំង​គឺ​លោក​ សម​ រង្សី​ ឱ្យ​ចេញពី​ឆាកនយោបាយ​ ហើយ​ជាត្ដា​មួយ​ដែល​លោក​អាច​ផ្ដួល​ដៃ​គួ​ប្រ​គួ​ត​ របស់​លោក​ មុន​ការ​ប្រ​គួ​តទៅ​ទៀត​  ហើយ​ជា​ក៏​ជា​បំបែក​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​អាច​ទទួល​ជោគជ័យ​ ជាង​នេះ​ទៅ​ទៀត​ខ្ញុំ​ឃើញ​ថា​ ការ​គ្រោង​បង្កើត​ធ្វើ​ច្បាប់​ប្រធាន​គណបក្ស​មាន​សញ្ជាតិ​តែ​មួយ​ ដែល​ជា​សម្ពាធ​បន្ថែម​ទៀត​ដល់​គណបក្សប្រឆាំង​»​។​

​សូម​ជម្រាប​ថា​ នៅ​ក្នុង​ឱកាស​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​  និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​និ​តិ​សាស្ដ្រ​ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​ កាលពី​ព្រឹក​មិ​ញ​នេះ​ សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​បញ្ជាក់​ឱ្យ​មន្ដ្រី​ដែល​ចូលរួម​ទាំងអស់​ ត្រូវ​ជួយ​ចាំ​លោក​ផង​ សម្រាប់​ការ​ថ្លែង​ ថា​និង​កាត់​ដៃស្ដាំ​របស់​លោក​ចោល​ បើសិន​លោក​ចុះហត្ថលេខា​លើកលែងទោស​ ដល់​ឧក្រិដ្ឋជន​ណាមួយ​ទៀត​៕

Share

Image
Image
Image