en     km
en     km

ប្រជាសហគមន៍បឹងតាមោក ស្នើក្រុមហ៊ុនកុំប៉ះពាល់ដីពួកគេកំពុងកាន់កាប់ ខណៈវិវាទមិនទាន់ដោះស្រាយ

Share

 

 

គ្រឿងចក្ររបស់ក្រុមហ៊ុន បានកាយចូលដីរបស់ប្រជាសហគមន៍បឹងតាមោក  នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ភ្លាមៗក្រោយគ្រឿងចាក់ចូលទៅកាយក្រុមប្រជាសហគមន៍បាននាំគ្នាតវ៉ាផងដែរ។ ប្រជាសហគមន៍ទាមទារឱ្យក្រុមហ៊ុនកាយដីអភិវឌ្ឍតែលើផ្ទៃដីដែលពួកគេទទួលតាមអនុក្រឹត្យអនុញ្ញាតឱ្យបានហើយ កុំឱ្យចូលកាយដល់ដីប្រជាសហគមន៍។ លោក គីម ចាន់ចាវ រាយការណ៍

«ពួកយើងអត់បានលោភលន់ទេ ពួកយើងគ្រាន់តែការពារលំនៅដ្ឋានរបស់ពួកយើង ការពារទីតាំងដែលពួកយើងកាន់កាប់។ រវាងពលរដ្ឋនិងមន្ត្រីមូលដ្ឋាននាងខ្ញុំសំណូមពរ សូមកុំឱ្យប៉ះគ្នា ហើយសូមកុំមានការលាបពណ៌…» នេះជាសំឡេងក្រុមស្ត្រីក្នុងសហគមន៍បានលើកឡើងក្នុងពេលតវ៉ា។

ក្រុមប្រជាសហគមន៍ដែលរស់នៅតំបន់បឹងតាមោក ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានលើកគ្នាតវ៉ាភ្លាមៗ ក្រោយពីគ្រឿងចក្រក្រុមហ៊ុន នៅថ្ងៃទី២១ ខែមិថុនា បានចូលមកកាយដីនៅតំបន់សហគមន៍របស់ពួកគេ ដោយអះអាងថាដើម្បីធ្វើលូ។ ក្រុមប្រជាសហគមន៍ទាំងនោះគឺជាអ្នករស់នៅតំបន់បឹងតាមោកចំនួន៧៧ខ្នងផ្ទះ ដែលមិនទាន់យល់ព្រមទទួលសំណងដែលផ្ដល់ឱ្យជាថ្នូរឱ្យពួកគាត់ចាកចេញពីតំបន់ដែលគាត់កំពុងរស់នៅ។  អ្នកស្រីប្រាក់ សុភា តំណាងប្រជាសហគមន៍នេះទាទារឱ្យ ក្រុមហ៊ុនបញ្ឈប់ការកាយដីនៅទីនោះតទៅទៀត ដោយអ្នកស្រីអះអាងថា  ក្រុមហ៊ុន ចង់កាយប្រឡាយនៅលើផ្ទៃបឹង ដែលគេលុបមិនទាន់អស់នោះ ចូលមកដីស្រែប្រាំងដែលពលរដ្ឋកំពុងកាន់កាប់។

«កាយប្រឡាយពីបឹងដែលគាត់លុបអត់ទាន់អស់ហ្នឹង មកចូលលើស្រែប្រាំងដែលពលរដ្ឋកាន់កាប់ អញ្ចឹងដូចកាយមកពន្លិចពលរដ្ឋចឹងហា៎បង! អញ្ចឹងយើងមិនមែនផ្អាកទេ យើងអត់ឱ្យគាត់កាយបន្តទៀតទេ ព្រោះវាប៉ះពាល់មកដល់ពួកយើង ដែលកំពុងមានទំនាស់គ្នា។ ចឹងយើងអនុញ្ញាតឱ្យគាត់ធ្វើអីលើដីដែលពួកគាត់ទទួលបានលើដីអនុក្រឹត្យ និងដីសម្បទាន ចំណែកដីពលរដ្ឋគឺជាដីលំនៅដ្ឋាន។ ចឹងយើងសុំការពារដីលំនៅដ្ឋានក្នុងយើងជាពលរដ្ឋដែលធ្លាប់កាន់កាប់កាប់ជិត៣០ឆ្នាំ ចឹងយើងអត់មានបានប៉ះពាល់ជាមួយអាជ្ញាធរទេ»

 

ក្រោយការលើកគ្នាតវ៉ា ពីប្រជាសហគមន៍ ដែលសុទ្ធសឹងតែជាស្ត្រីទាំងនេះ លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានស្នើឱ្យក្រុមប្រជាសហគមន៍ទាំងនោះរំសាយការតវ៉ានេះ និងបានណែនាំឱ្យគ្រឿងចក្របញ្ឈប់ការកាយដីនៅទីតាំងនោះ ដោយលោកអះអាងថាក្រុមហ៊ុនបានច្រឡំកាយខុសទីតាំង។

ទោះយ៉ាងណា អ្នកស្រីប្រាក់ សុភា បានចោទក្រុមហ៊ុនថា មានចេតនាកាយដីចូលក្នុងតំបន់ដីសហគមន៍របស់អ្នកស្រី ដោយអ្នកស្រីអះអាថា នៅព្រឹកថ្ងៃដដែលមុនពេលដែលយកគ្រឿងចក្រមកកាយដីនេះ គឺមានក្រុមការងារជិះរថយន្តពីរគ្រឿងមកចុះមកវាស់កន្ទុយដីពលរដ្ឋ ហើយអ្នកស្រីបានសួរនាំ ពួកគេឆ្លើយថាបានទទួលបញ្ជាពីសាលាខណ្ឌ។

«រួចដល់ពេលកម្លាំងរដ្ឋបាល កម្លាំងប្រជាការពារសន្តិសុខរបស់ខណ្ឌចុះមក គាត់មកមើលគ្រឿងចក្រកាយ រឿងអីដែលត្រូវច្រឡំគឺវាបន្លំ ក្រោមលេសឆ្លើយ យករួចខ្លួនជាមួយយើងថាច្រឡំ។ អញ្ចឹងយើងក៏បកស្រាយទៅវិញថាបើច្រឡំ វាមិនអីទេ តែបើបន្លំ គឺអត់បានទេ។​ ចឹងគាត់ថាគាត់ផ្អាក ខ្ញុំថាមិនមែនផ្អាកទេ គឺអត់ឱ្យកាយបន្ត ពីព្រោះអី ទីកន្លែងនេះកំពុងតែមានវិវាទជាមួយពលរដ្ឋ ហើយទុកឱ្យពលរដ្ឋតវ៉ារឿងអី ត្រូវមកចាក់លើកន្លែងដែលពលរដ្ឋកាន់កាប់»

 

 

រយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រជាសហគកមន៍ទាំង៧៧ខ្នងផ្ទះ ក្នង​ភូមិសំ​រោងត្បូង បានតវ៉ាចំពោះការចាក់ដីលុបបឹងតាមោក ត្បិតពួកគេប្រឈមនឹងការបណ្តេញចេញពីផ្ទះ ​ និងបាត់បង់មុខរបរដែលធ្លាប់រកចិញ្ចឹមជីវិតកន្លងមក ដូចជាការ​នេសាទ និង​ការបេះ​បន្លែពីបឹងនេះ។ ក្នុងករណីខាងលើនេះ ពួកគេទាមទារឱ្យក្រុមហ៊ុន ឬអាជ្ញាធរ ក្នុងការអភិវឌ្ឍតំបន់នេះ កុំឱ្យប៉ះទង្គិច ដល់ដីពួកគេកាន់កាប់ដែលកំពុងទាមទារដំណោះស្រាយនេះ៕

Share

ព័ត៌មានទាក់ទង

Image