រដ្ឋបាលខេត្តបាត់ដំបង បានច្រានចោលការលើកឡើងរបស់ ក្រុមមាតាធម្មជាតិ(Mother Natural Cambodia)ដែលថា ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ដ្រមួយរបស់ប្រទេសកម្ពុជា ត្រូវបានអ្នកមានអំណាចរំលោភបំពានយកដោយចាក់ដីចូល និងសាងសង់សំណង់រឹងនៅពីលើ។ រដ្ឋបាលខេត្តបាត់ដំបង បានអះអាងថា ការចុះផ្សាយព័ត៌មាននោះ មានចេតនាញុះញង់ មានចេតនាទុច្ចរិតវាយប្រហារមកលើអាជ្ញាធរក្នុងផ្លូវនយោបាយ។ ក៏ប៉ុន្តែពលរដ្ឋមួយចំនួនចាំ ឱ្យរង់ចាំមើលដល់រដូវស្សាមានភ្លៀងខ្លាង ថាការចាក់ដីនោះពិតជាមិនប៉ះពាល់ដល់លំហូរទឹកដែលរដ្ធបាលខេត្តអះអាងឬអត់។ លោក គីម ចាន់ចាវ រាយការណ៍
ការប្រតិកម្មរបស់រដ្ឋបាលខេត្តបាត់ដំបងនៅពេលនេះ បន្ទាប់ពីក្រុមចលនាមាតាធម្មជាតិ ដែលមានប្រធានដឹកនាំជាជនជាតិអេស្បាញ លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) តាមរយៈបណ្ដាសង្គមរបស់ខ្លួន បានបង្ហោះរូបសំណង់មាត់ច្រាំង និងការចាក់ដីលយចូលស្ទឹងជាមួយនឹងខ្លឹមសារសំណេរថា ស្ទឹងសង្កែត្រូវបានអ្នកមានលុយ អ្នកមានអំណាច ចាក់ដីរំលោភយកស្ទឹងហើយសាងសង់រីសតឯកជននៅទីនោះ។ បើតាមការបញ្ជាក់ពីក្រុមមាតាធម្មជាតិដដែលឱ្យដឹងថា កន្លែងចាក់ដីរំលោភចូលស្ទឹងនេះ គឺទល់មុខនឹងសាលាឃុំអូដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងតែម្តង តែគ្មានមន្ដ្រីមូលដ្ឋានណាអើពើនោះទេ។
ដោយបង្ហាញឈ្មោះចំៗ និងភ្ជាប់មកជាមួយរូបថតមួយសន្លឹកផង ក្រុមមាតាធម្មជាតិបញ្ជាក់ថា រីសតនោះគឺជារបស់ឧកញ៉ាម្នាក់ឈ្មោះ ទុយ គី និងមានការយាមកាមពីឧត្តមសេនីយ៍ត្រី មៀន ឡាយ ដែលជាស្នងការរងខេត្តបាត់ដំបង។
ទោះយ៉ាងណា តាមរយៈសេចក្ដីបំភ្លឺព័ត៌មានចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា រដ្ឋបាលខេត្តបាត់ដំបង អះអាងថា ក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុកសង្កែ និងមន្ទីរ អង្គភាពជំនាញបានចុះទៅត្រួតពិនិត្យដោយផ្ទាល់ជាក់ស្ដែងនៅនឹងទីតាំងការដ្ឋាន ដោយពិនិត្យឃើញថាម្ចាស់ដីឈ្មោះ ចៅ ម៉ាដូនេត្រ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានសាងសង់អគារនៅលើដីរបស់ខ្លួនស្របតាមប្លង់កម្មសិទ្ធិ (វិញ្ញាបន់បត្រសម្គាល់ម្ចាស់អចលនវត្ថុ) មិនប៉ះពាល់ដីចំណីស្ទឹងសង្កែទេ និងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងទៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូចការចោទប្រកាន់នោះទេ។
ចំពោះបច្ចេកទេស នៃការសាងសង់ រដ្ឋបាលខេត្តអះអាងថា គេលើកដីទប់សិនបន្ទាប់ពីសាងសង់រួចរាល់បានកាយដីចេញវិញអស់ហើយ មិនមានការរាំងស្ទះមុខទឹក ហើយថែមទាំងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងនៅខាងមុខសាលាឃុំអូរដំបង១ ប្រវែង១,០០០ម៉ែត្រ ដើម្បីការពារការបាក់ដី គឺចំមុខទឹកបុកខ្លាំងនៅរដូវវស្សាធ្វើឲ្យបាក់ច្រាំងស្ទឹងជាបន្តបន្ទាប់ ស្ទើរតែធ្វើចរាចរណ៍ទៅមកលែងបាននៅលើដងផ្លូវមុខសាលាឃុំអូរដំបង១។
ពលរដ្ឋម្នាក់រស់នៅក្នុងឃុំអូរដំបង១ ស្រុកសង្កែ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី២១ ខែមិថុនាថា ម្ចាស់ដីដែលលោកមិនស្គាល់ច្បាស់នេះ បានធ្វើផ្ទះនៅមាត់ស្ទឹង ហើយចាក់ដីពង្រីកទៅក្នុងស្ទឹង ក្រោយមកទើបធ្វើរបង ប៉ុន្តែពេលនេះ គេបានកាយដីចេញពីស្ទឹងនេះរួចរាល់ហើយ។ លោកបញ្ជាក់ថា ពេលនេះមិនឃើញមានប៉ះពាល់អ្វីឡើយ នៅពេលដែលទឹកស្ទឹងនៅទាបនៅឡើយ។
«អត់ទាន់មានបញ្ហាអីទេ ហើយទឹកស្ទឹងអត់ទាន់ឡើង តែចាំមើលខែវស្សានេះទឹកស្ទឹងវាឡើងហា៎ ព្រោះបច្ចុប្បន្ននេះ គេបង្ហូរទឹកស្ទឹងចេញ ដើម្បីធ្វើច្រាំងស្ទឹង នៅក្រុងបាត់ដំបង។ ចឹងវាអត់ទាន់មានបញ្ហាទេ ដល់ពេលទឹកស្ទឹងសង្កែឡើងដល់កម្រិតប្រកាសអាសន្នអាចមានបញ្ហា អ្នកដែលទល់មុខ ធម្មតាស្ទឹងកាលណា វាកើលកន្លែងណា យើងបិទកន្លែងនោះ វាបាក់កន្លែងផ្សែងចឹងហា៎។ ឥលូវទឹកវាអត់ទាន់ឡើង ចឹងវាអត់មានបញ្ហាអីទេ ព្រោះទឹកនៅបាតស្ទឹងនៅឡើយ ប៉ុន្តែឃើញម្ចាស់ផ្ទះហ្នឹងគេកាយដីសម្រួលវិញអស់ហើយ មានន័យថា គេចាក់ដីចូលទៅមាត់ស្ទឹងឱ្យច្រើនទៅដើម្បីគេធ្វើរបង។ គេធ្វើរបងថ្ម ឬក៏ច្រាំងស្ទឹងជាស៊ីម៉ត៍ទៅ រួចហើយគេកាយអាអាចម៍ដីដើម្បីសម្រួលស្ទឹងឡើងវិញ។ របងធ្វើខាងក្រោយហ្នឹងវាអាចធ្វើនៅលើច្រាំងស្ទឹងហ្នឹង»។
ក្រុមមាតាធម្មជាតិបានចាត់ទុកសកម្មភាពម្ចាស់សំណង់ខាងលើថាខុសច្បាប់ និងបានលើកឡើងជាសំណួរ ក្នុងសំណេរដើមថា «តើម្ចាស់រីសតឯកជនដែលកំពុងសាងសង់នេះមានលក្ខណៈពិសេសអ្វីទើបបានជាពួកគេមានស្លាបហោះរំលងច្បាប់បែបនេះ?»
ចំណែករដ្ឋបាលខេត្តបាត់ដំបងអះអាងថា បច្ចុប្បន្នការសាងសង់ផ្លូវបេតុងប្រវែង២,០០០ម៉ែត្របានធ្វើរួចរាល់ ធ្វើចរាចរណ៍ទៅមកងាយស្រួលហើយប្រជាពលរដ្ឋសាទរ។ ដូចនេះសកម្មភាពចាក់ដីធ្វើច្រាំងស្ទឹង មិនមានផលប៉ះពាល់ដល់លំហូរទឹកស្ទឹងសង្កែទេ ប៉ុន្តែថែមទាំងបានការពារយ៉ាងរឹងមាំពីការបាក់ច្រាំងស្ទឹងសង្កែទៀតផង។
ទោះយ៉ាងណាតាមរយៈការបង្ហោះលិខិតបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបង ក៏មានប្រជាពលរដ្ឋចូលខមិនមតិយោបល់ផងដែរ។ គណនីឈ្មោះ Veha Pram លើកឡើងថា »ការព្រួយបារម្ភ របស់ប្រជាពលរដ្ធ នេះបង្ហាញថាពលរដ្ធ ខ្លាចឯកជនសាងសង់រំលោភដីចំណីមាត់ស្ទឹង ជាដីសម្បត្តិរដ្ធ ..»។ រីឯគណនីឈ្មោះ Roeung Savoeun សរសេរថា «បាទអរគុណខាងរដ្ឋបាលខេត្តសម្រាប់ការបំភ្លឺ»។ គណនីមួយទៀត ឈ្មោះ តុលា តុលា សរសេរថា «អរ…ចឹងទេ ហ៎…»។ ចំណែកគណនីឈ្មោះ Kimsorth Chheng សរសេរថា «កាលពីឆ្នាំទសវត្ស80 ខ្ញុំដើរទៅរៀននៅសាលារៀនអូរដំបង១ ខ្ញុំឃើញមានផ្ទះប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង ប៉ុន្តែឥឡូវ បាត់ផ្ទះ កន្លែងជាងផាន គ្រីបកង់រទេះគោអស់ ផ្លូវក៏តូច កាលណោះផ្លូវមិននៅក្បែរផ្ទះទេ …»។ ដោយឡែកគណនីឈ្មោះ ភា រ៉ាន់ បានចែករំលែក(Share) ការបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបងនេះ ដោយសរសេរសារបន្ថែមថា «ជិតដល់ខែភ្លៀងហើយ ចឹងចាំមើលទាំងអស់គ្នាថាការចាក់ដីនោះពិតជាមិនប៉ះពាល់ដល់លំហូរទឹកដែលរដ្ធបាលខេត្តបាននិយាយរឺអត់….សូមអោយពិតដូចដែលរដ្ធបាលថានោះមែនចុះ»។
ស្ទឹងសង្កែជាស្ទឹងដ៏មានកេត្តនាមល្បីល្បាញមួយនៅក្នុងប្រទេសដែលប្រជាជនខ្មែរភាគច្រើនស្គាល់ស្ទឹងនេះ តាមរយៈវណ្ណកម្មចម្រៀងរបស់ម្ចាស់កវីស្ទឹងសង្កែ គង់ ប៊ុនឈឿន។ ការចេញលិខិតបំភ្លឺនេះ អាចជាការឆ្លើយតបការអំពាវនាវរបស់ក្រុមមាតាធម្មជាតិ(Mother Natural Cambodia)ដែលទាមទារឱ្យរដ្ឋបាលខេត្តចេញបកស្រាយករណីនេះ។ រដ្ឋបាលខេត្តបាត់ដំបង ឆ្លើយតបថាការចោទប្រកាន់ថាបុគ្គលនេះ ឬបុគ្គលនោះជាម្ចាស់កម្មសិទ្ធិលើដីដូចការចុះផ្សាយលើបណ្តាញសង្គម រដ្ឋបាលខេត្តបាត់ដំបងសូមច្រានចោល៕