ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យសាលារាជធានីភ្នំពេញ ជួយសម្របសម្រួល ឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវវ៉េងស្រេង អាចប្រើប្រាស់ផ្លូវនេះ ដោយមិនចាំបាច់បង់ប្រាក់។
យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុន សែន នៅយប់ថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០១៥ បានសរសេរឱ្យដឹងថា សម្ដេចបានសម្រេចចិត្តទិញយកការវិនិយោគទាំងមូលនៃផ្លូវវ៉េងស្រេង មកកាន់កាប់ទាំងស្រុង និងបញ្ជាឱ្យសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជន បញ្ឈប់ការ យកប្រាក់ទាំងស្រុងលើកំណាត់ផ្លូវវ៉េងស្រេង។
សម្ដេចមានប្រសាសន៍ថា៖ « ក្រោយពីបានសិក្សាល្អិតល្អន់មួយកម្រិតធំថែមទៀត គឺរាជរដ្ឋា ភិបាលសម្រេចទិញយកការវិនិយោគទាំងមូលនៃផ្លូវវ៉េងស្រេងនេះ មកកាន់កាប់ទាំងស្រុងវិញ។ ខ្ញុំបានបញ្ជាទៅសាលាក្រុង និងក្រុមហ៊ុនឯកជនត្រូវបញ្ឈប់យកលុយទាំងស្រុង ចាប់ពី ពេលចេញដំណឹងនេះ ហើយចាប់ពីពេលនេះតទៅ គឺបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ទូទៅ គឺឈប់បង់ប្រាក់តទៅទៀតហើយ។ នេះគឺជាកាដូសម្រាប់បងប្អូនជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦នេះ! បងប្អូននឹងសន្សំបានប្រាក់ដែលធ្លាប់បង់ថ្លៃផ្លូវ មកលើកកម្ពស់ជីវភាពក្នុងក្រុម គ្រួសារវិញ»។
ការសម្រេចទិញយកការវិនិយោគផ្លូវ វ៉េង ស្រេង រួមទាំងការបង្គាប់ឱ្យសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជន ឈប់យកប្រាក់ទាំងស្រុងចំពោះរថយន្តគ្រួសារ ដែលប្រើប្រាស់ផ្លូវនេះ គឺនៅក្រោយពេលដែលសម្ដេច ហ៊ុន សែន បានទទួលព័ត៌មានថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគលើផ្លូវនេះ តម្រូវឱ្យប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវបង់ប្រាក់ ១១០០ រៀល ក្នុងរថយន្ត ១ គ្រឿង ពេលឆ្លងកាត់ម្ដងៗ ឬត្រូវបិទ sticker ក្នុងតម្លៃ ១៣ ម៉ឺន ២ពាន់ រៀល ក្នុងរថយន្ត ១គ្រឿង សម្រាប់រយៈពេលមួយឆ្នាំ។
សម្ដេចមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំទើបបានដឹងរឿង ដែលរថយន្តគ្រួសាររស់នៅតាម បណ្តោយផ្លូវវ៉េងស្រេង ត្រូវក្រុមហ៊ុនយកប្រាក់ ១១០០ រៀល ក្នុងរថយន្ត ១គ្រឿង ឬត្រូវបិទ sticker ក្នុងតម្លៃ ១៣២ ០០០ រៀល ក្នុងរថយន្ត ១គ្រឿង។ នេះបើតាមការបញ្ជាក់ របស់បងប្អូន ដែលបានផ្ញើព័ត៌មានពិត មកកាន់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) របស់ខ្ញុំ។
«ចំណែក អាជា្ញធរបញ្ជាក់ថា ៤០.០០០ រៀល១គ្រឿង។ សម្រាប់ខ្ញុំ ទោះតម្លៃមួយណាក៏ដោយ បងប្អូនមិនត្រូវបង់ថ្លៃផ្លូវ ឬ បង់ថ្លៃធ្វើ sticker នោះទេ។ ខ្ញុំបានបញ្ជាឱ្យអភិបាលក្រុងធ្វើ Sticker ជូនបងប្អូនដោយមិនចាំបាច់បង់ប្រាក់សម្រាប់រថយន្តគ្រួសារដែលរស់នៅតាមបណ្តោយផ្លូវ និងស្ថិតក្នុងតំបន់ដែលក្រុមហ៊ុនធ្វើវិនិយោគ»។
ជុំវិញការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រីនេះដែរ លោក សូ ចន្ថា សាស្ដ្រចារ្យវិទ្យាសាស្ដ្រនយោបាយ មានប្រសាសន៍ថា លោកសាទរចំពោះការសម្រេចនេះ។ ប៉ុន្ដែលោកបន្តថា ការសម្រេចចិត្តភ្លាមៗបែបនេះ អាចប៉ះពាល់ទៅដល់អ្នកវិនិយោគទុនដែលបានទទួលអាជ្ញាបណ្ណរួចហើយក្នុងការវិនិយោគ។
លោកសាស្ត្រាចារ្យ សូ ចន្ថា បន្ថែមថា រដ្ឋាភិបាលគួរតែមានយន្ដការ ច្បាស់លាស់ជាមុន មិនមែនសម្រេចដោយភ្លាមៗ ក្នុងហេតុផលនយោបាយនោះទេ។ លោកថា៖ «ការពិតវាអាចជួយសម្រួលប្រជាពលរដ្ឋ ដែលឆ្លងកាត់តាមផ្លូវនោះ មួយផ្នែក ទៅ លើជីវភាព។ ក៏ប៉ុន្ដែ ការគ្រាន់តែមិនយកថ្លៃឆ្លងកាត់បែបនេះ មិនទាន់អាចដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋទូទៅបានទេ។ យើងឃើញថា នៅកម្ពុជា មានបញ្ហាច្រើនណាស់ ដែលត្រូវ ដោះស្រាយជាបន្ទាន់ ឧទាហរណ៍៖ បញ្ហាអត់ការងារធ្វើ បញ្ហាទំនិញឡើងថ្លៃ អយុត្តិធម៌សង្គម រឿងដីធ្លីជាដើម ដែលត្រូវដោះស្រាយនោះ។ អញ្ចឹងការដែលមិនយកថ្លៃរថយន្ដឆ្លងកាត់ផ្លូវវ៉េងស្រេង ជាផ្នែកមួយ ក៏ប៉ុន្ដែជាការយល់ឃើញ រដ្ឋាភិបាលគួរតែមានយន្ដការ និង ផែនការច្បាស់លាស់ជាមុន មិនមែនសម្រេចដោយភ្លាមៗ ក្នុងហេតុផលនយោបាយ ដើម្បីកេងចំណេញនយោបាយ មុនការបោះឆ្នោត មកដល់នោះទេ»។
សូមជម្រាបថា ផ្លូវវ៉េងស្រេង សាងសង់ដោយក្រុមហ៊ុនភ្នំពេញថូលវេ មានប្រវែង ៦៥០០ ម៉ែត្រ ដោយចាក់បេតុងកម្រាស់ ២០ សង់ទីម៉ែត្រ ចំណាយអស់ប្រាក់ ១០.៥៧៦.០០០ ដុល្លារ អាមេរិក។
គួរបញ្ជាក់ដែរថា បន្ទាប់ពីប្រកាសឈប់ឱ្យយកលុយនៅផ្លូវវ៉េងស្រេង ក្នុងរាជធានីភ្នំពេញ សម្តេច ហ៊ុន សែន ក៏បានប្រកាសឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យករណីក្រុមហ៊ុន AZ យកលុយប្រជាពលរដ្ឋរស់នៅតាមផ្លូវជាតិលេខ៤ ផងដែរ ដែលករណីនេះ នាពេលកន្លងមក មានការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ និងបក្សប្រឆាំង ថាជាការធ្វើនំអត់ម្សៅ៕