en     km
en     km

អ្នកស្រី សួន ចាន់រី មានផ្ទៃពោះជិតសម្រាល ត្រូវរ៉ាប់រងជីវភាពគ្រួសារទាំងស្រុង ក្រោយប្ដីធ្លាក់ខ្លួនពិការ

Share

លោក ប៉ុម ពិសី ជាជាងសំណង់ម្នាក់នៅ ខេត្តកំពង់ស្ពឺ បានជួបគ្រោះថ្នាក់ឆក់ខ្សែភ្លើង ឆេះដៃនិងខ្លួន នៅពេលលោកកំពុងលើកដែកសង់ផ្ទះឱ្យគេ កាលពីដើមខែឧសភា ឆ្នាំ២០២៣។ ដោយសារកម្លាំងភ្លើងខ្លាំង ដៃរបស់លោកទាំងពីរត្រូវបានពិការ។ ដូច្នេះភរិយារបស់លោក ដែលកំពុងមានផ្ទៃពោះជិតគ្រប់ខែសម្រាលកូន ក៏ត្រូវរ៉ាប់រង ជីវភាពគ្រួសារសព្វបែបយ៉ាង។ លោក គីម ចាន់ចាវ រាយការណ៍ Chanchav-20-06-23-01-Soung Chanry

 

 

«ខ្ញុំពិបាកណាស់បងអើយ ដល់ពេលមកជួបអញ្ចឹងហើយខ្ញុំពោះធំទៀត។ ពេលនេះខ្ញុំអត់មានអីទេបងអើយ។ ណាខ្លួនឯងជិតគ្រប់ខែ ប្ដីធ្លាក់ខ្លួនពិការចឹង រឹតពិបាកសព្វគ្រប់ហ្មងបង»

ក្រោយពេលប្ដីជួបគ្រោះថ្នាក់ឆក់ខ្សែភ្លើង ធ្វើឱ្យពិការដៃទាំងពីរ អ្នកស្រី សួន ចាន់រី ដែលជាភរិយា បានសម្រចព្យួរការងាររោងចក្រមួយរយៈដែលមកទល់នឹងពេលនេះជិត២ខែហើយ ដើម្បីមកមើលថែរបួសរបស់ប្ដី ដែលធ្លាក់ខ្លួនពិការដៃទាំងពីរ។ អ្នកស្រីប្រាប់ថា ជីវភាពគ្រួសារអ្នកស្រី កាន់តែលំបាកទៅៗ ដោយត្រូវលក់ម៉ូតូ និងដីស្រែ ដើម្បីព្យាបាលប្ដីដែលត្រូវយកមកព្យាបាលនៅពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃ ដែលមានទីតាំងនៅភ្នំពេញ។

«ចាស៎ លក់ម៉ូតូលក់ស្រែ មើលគាត់នៅពេទ្យលោកសង្ឃអស់៧ពាន់ហើយបង ចឹងបានពេទ្យគេឱ្យយើងចេញមកសម្រាកនៅផ្ទះបានចាក់ថ្នាំតទៀតចឹងហាស៎បង»

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ប្រាប់វិទ្យុស្ត្រីថា ពេលនេះលោក និងមិត្តភក្តិរបស់លោក កំពុងគៀងគរថវិកាបានមួយចំនួន ដើម្បីផ្ដល់ជូនគ្រួសារលោក ប៉ុម ពិសី ដែលកំពុងជួបទុក្ខលំបាកនេះ។ លោកថា ស្ថានភាពដែលគ្រួសារគាត់កំពុងប្រឈមនេះ ដោយសារប្ដីដែលជាមេគ្រួសារបានធ្លាក់ខ្លួនពិការ មិនអាចធ្វើការបាន ដូច្នេះអ្នកដែលត្រូវរកប្រាក់មានតែប្រពន្ធរបស់គាត់ដែលកំពុងមានផ្ទៃពោះជិតគ្រប់ខែប៉ុណ្ណោះ។ លោក ស្នើឱ្យរដ្ឋាភិបាលគួរមានកិច្ចគាំពារសង្គម សម្រាប់គ្រួសារលោក ប៉ុម ពិសី ក្នុងស្ថានភាពបែបនេះ ត្បិតគាត់មានគ្រោះថ្នាក់ក្នុងពេលបំពេញការងារចិញ្ចឹមគ្រួសារ។

«ដូច្នេះទិដ្ឋាភាពនេះខ្ញុំគិតថា រដ្ឋត្រូវតែគិតពិចារណា នូវក្នុងការដែលផ្ដល់ជូននូវមូលនិធិជំនួយសង្គម ឬមួយកិច្ចគាំពារសង្គម ដែលត្រូវបានផ្ដល់ជូនសម្រាប់ពួកគាត់ដែលធ្លាក់ខ្លួនពិការភាពក្នុងពេលបំពេញការងាររបស់គាត់ ហើយជាផ្នែកមួយជួយទៅដល់ជីវភាពដែរ ដោយសារតែភរិយាគាត់តែម្នាក់មិនអាចមានលទ្ធភាពគ្រប់គ្រាន់ ដោះស្រាយបញ្ហាជីវភាពបានទេ ដោយសារតែកូនគាត់កំពុងតែត្រូវការថវិការៀនសូត្រ ចំណែកកូនមួយទៀត កំពុងតែត្រៀមសម្រាលផង។…»
 

ភរិយាជាងសំណង់ខាងលើនេះ ឱ្យដឹងទៀតថា ពេលនេះគ្រួសារអ្នកស្រីមិនមានបង្អែកជំហរឡើយ ដោយអ្នកស្រីក៏ត្រូវសម្រាកការងារមកមើលថែប្ដីឈឺ ហើយការចំណាយលុយចាក់ថ្នាំនៅផ្ទះក៏មិនទាន់មានប្រាក់ឱ្យថ្លៃព្យាបាលដែរ។ ទោះយ៉ាងណា អ្នកស្រីបញ្ជាក់ថា នៅពេលជួបគ្រោះថ្នាក់នេះអាជ្ញាធរឃុំ-ស្រុកក៏បានមកសួរសុខទុក្ខដែរដោយផ្ដល់នូវអំណោយមួយចំនួន ដូចជាអង្ករ និងគ្រឿងទេស ជាមួយនឹងទឹកប្រាក់៧០ម៉ឺនរៀល។ អ្នកស្រីអំពាវនាវដល់ រដ្ឋាភិបាលជួយដល់គ្រួសារអ្នកស្រីដែលកំពុងជួបបញ្ហាលំបាកក្នុងពេលនេះ។

 

«ខ្ញុំសូមឱ្យអាជ្ញាធរ ឬខាងសម្តេចពុក ឬសម្តេចម៉ែហ្នឹង ឱ្យជួយដល់គ្រួសារនាងខ្ញុំដែលកំពុងតែខ្វះខាត សូមឱ្យគាត់ជួយជាថវិកាខ្លះដើម្បីចិញ្ចឹមជីវិត និងចាក់ថ្នាំ ហើយបើសិនជាអាចខ្ញុំសូមស្នើសុំគាត់ជាដៃសិប្បនិម្មិតមួយគូដើម្បីឱ្យគាត់អាចហូបបាយខ្លួន​ឯងបាន និងស្លៀកពាក់ខោអាវខ្លួនឯងបាន។ ខ្ញុំនៅផ្ទះមើលគាត់ខ្ញុំធ្វើការដែរបង ខ្ញុំសុំច្បាប់គេ…»។

 

ក្នុងស្ថានភាពដ៏លំបាកបែបនេះ លោក ប៉ាវ ស៊ីណា បានអំពាវនាវ ដល់ សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ឱ្យចូលរួម បរិច្ចាគ តាមលទ្ធភាព ដើម្បីរួមចំណែកជួយកាត់បន្ថយការលំបាក របស់ លោក ប៉ុម ពិសី និងគ្រួសារ ដែលកំពុងជួបប្រទះការខ្វះខាតជាទីបំផុតតាមរយៈ ហ្វេសប៊ុករបស់លោក ឬលេខទូរសព្ទ 010 463 456។

សូមជម្រាបថា លោក ប៉ុម ពិសី ដែលជាជាងសំណង់ធ្លាក់ខ្លួនពិការ បន្ទាប់ពីរងគ្រោះឆក់អគ្គិសនីដែលមានកម្លាំងភ្លើងខ្លាំងបណ្តាលឲ្យឆេះរលាកពេញដងខ្លួន និងកាត់ដៃទាំង២។ លោកមានអាយុ៣៣ឆ្នាំ រស់នៅភូមិ ត្រពាំងថ្ម ឃុំ ស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាបង្អែកតែមួយគត់នៃគ្រួសារ ប៉ុន្តែពេលនេះបានធ្លាក់ខ្លួនពិការ មិនអាចធ្វើការងាររកប្រាក់ផ្គត់ផ្គង់គ្រួសារបានដូចមុនទៀតទេ៕

Share

ព័ត៌មានទាក់ទង

Image