en     km
en     km

ប្រជាសហគមន៍៧៧ខ្នងផ្ទះ រងផលប៉ះពាល់ពីការលុបបឹងតាមោក ទទូចឱ្យអាជ្ញាធរដោះស្រាយ

Share

ក្រុមប្រជាពលរដ្ឋរស់នៅតំបន់បឹងតាមោក អំពាវនាវឱ្យ អាជ្ញាធរពាក់ព័ន្ធជាពិសេស ក្រសួងដែនដី និងរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយបញ្ហាផ្ដល់សំណងលើដីផ្ទះ និងផ្ទៃបឹងដែលពួកគេធ្លាប់អាស្រ័យផល ក្នុងពេលរដ្ឋាភិបាលចាក់ដីលុបបំពេញបឹងតាមោកនេះដើម្បីអភិវឌ្ឍ។ ក៏ប៉ុន្តែអភិបាលខណ្ឌព្រែកព្នៅនៅតែប្រាប់ឱ្យពួកគេទទួលយកលក្ខខណ្ឌដែលសាលាក្រុងផ្ដល់ឱ្យស្រាប់។ លោក គីម ចាន់ចាវ រាយការណ៍

 

ក្រុមប្រជាសហគមន៍ដែលរស់នៅតំបន់បឹងតាមមោកចំនួន៧៧ខ្នងផ្ទះ ដែលមិនទាន់យល់ព្រមទទួលសំណងដែលផ្ដល់ឱ្យជាថ្នូរឱ្យពួកគាត់ចាកចេញពីតំបន់ដែលគាត់កំពុងរស់នៅនោះ បានទទូចដល់ថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ ដែលមានក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញជាដើម ជួយពន្លឿនដោះស្រាយករណីនេះឱ្យដាច់ស្រេច។

ពួកគេអំពាវនាវឱ្យ អាជ្ញាធរពាក់ព័ន្ធទាំងពីរពិនិត្យលិខិតសហគមន៍រងគ្រោះ របស់ពួកគេ កុំយកលិខិតដែលពួកគេដាក់ស្នើសុំអន្តរាគមន៍ចោល ត្បិតពួកគេអះអាងថា ឈឺចាប់ខ្លាំងណាស់ដែលដីរដ្ធ ពលរដ្ធមិនអាចរស់នៅបាន ប៉ុន្តែបែរជាអាចផ្ដល់ជូនដល់មន្ត្រីជាន់ខ្ពស់មួយចំនួនទៅវិញ។ អ្នកស្រី ប្រាក់ សុភា ដែលសកម្មក្នុងការទាមទារនេះ អះអាងថា អ្នកស្រីឈឺចាប់ខ្លាំងណាស់រាល់ថ្ងៃនោះគេងមិនគ្រប់គ្រាន់រងសំពាធប៉ះទង្គិចផ្លូវចិត្តណាស់រាល់ថ្ងៃ ត្បិតអ្នកស្រី និងប្រជាសហគមន៍ដទៃទៀតរស់នៅខ្លះជិត៣០ឆ្នាំទៅហើយ មិនទទួលបានសិទ្ធិរស់នៅ ដូចក្រុមហ៊ុនសាងសង់បុរីដែលបានសិទ្ធិត្រឹមឆ្នាំ២០១៥។

« នៅក្នុងសង្គមប្រជាធិបតេយ្យបើពួកគាត់យកច្បាប់មកអនុវត្ត គួរតែផ្ដល់សិទ្ធិឱ្យពួកយើងរស់នៅ ព្រោះអីយើងរស់នៅអត់ប៉ះពាល់អនុក្រឹត្យផ្ទៃបឹងទេ អញ្ចឹងផ្ទៃបឹងជាង៣ពាន់ហិកតាសូមអភិវឌ្ឍចុះ។ អញ្ចឹងដីដែលយើងកាន់កាប់ លើដីស្រែប្រាំង ដែលយើងនៅមុនច្បាប់ភូមិបាលនេះយើងគួរតែ ទទួលបានសិទ្ធិរស់នៅដូចអស់លោកមន្ត្រីដែលគាត់អត់ទាន់បានមកផ្ទៃបឹងសូម្បីតែមួយនាទីណាបង។ ហើយមុខវត្តអង្គសិរីសួស្ដីបុរីប៊ុនជេស្ឋជាតិសាងសាង់២០១៥ ចំណែកពួកខ្ញុំដែលនៅសហគមន៍នៅចំកណ្ដាលហេតុអីពួកយើងអយុត្តិធម៌ ត្រូវបណ្ដេញចេញពីតំបន់សេដ្ឋកិច្ច ក្រោយពីយើងបាត់បង់ចំណូលពីការអាស្រ័យផលលើផ្ទៃបឹងនោះបង…»។

បើតាមប្រជាសហគមន៍ដែលនៅសេសសល់ទាំងនោះបញ្ជាក់ថា នៅតំបន់នេះមានពលរដ្ឋ៣១ខ្នងផ្ទះដែលមានដីខ្លីៗបាន ទទួលសំណងជាផ្ទះក្បែរប្រឡាយ ជាមួយទឹកប្រាក់១ម៉ឺនដុល្លារ។ ចំណែកអ្នកដែលមិនព្រមទទួលសំណងមាន៧៧ខ្នងផ្ទះ។ អ្នកស្រី សឿន ស្រីសុទ្ធ អាយុ៣៣ឆ្នាំ ដែលមានដីផ្ទះនៅជាប់ផ្លូវអះអាងថា អ្នកស្រីមិនព្រមទទួលសំណងដោយសារតែដីអ្នកស្រីមានទំហំធំ ប៉ុន្តែអាជ្ញាធរក្រុងផ្ដល់ផ្ទះក្បែរប្រឡាយគ្មានគុណភាព និងមិនមានទីតាំងប្រកបអាជីវកម្ម។ អ្នកស្រីទាមទារឱ្យមានការផ្ដល់សំណងដល់គ្រួសារអ្នកស្រីតាមតម្លៃដីលើទីផ្សារ។

«សូមសម្តេចនាយករដ្ឋមន្ត្រីក៏ដោយ ថ្នាក់ដឹកនាំចំណាត់ការថ្នាក់ក្រោមសំខាន់ៗ ឱ្យគាត់យល់ពីទុក្ខលំបាករបស់ពលរដ្ឋដែលគាត់រស់នៅតាំងពីឆ្នាំ១៩៩៨មក ពួកខ្ញុំបានទទួចហើយទទូចទៀតសូមឱ្យកាត់ឆ្វៀលដីដែលពួកខ្ញុំនៅហ្នឹងមក។ ព្រោះអីផ្ទៃបឹង៣ពាន់ហិកតាជាង គេបានអភិវឌ្ឍកាត់ឱ្យឯកជន មន្ត្រី ឧកញ៉ាធំៗ ដែលគាត់មិនបានអាស្រ័យផលនៅហ្នឹងផងគាត់បែរទទួលបានដីសម្បទានពីសម្តេចចឹង ដល់ខ្ញុំជាប្រជាពលរដ្ឋទិញដីគេរស់នៅសោះបែរជាបង្ខំឱ្យចាកចេញពីលំនៅស្ថាន ដែលខ្ញុំធ្លាប់រស់នៅ។ ចឹងខ្ញុំទទូចដល់សម្តេចឱ្យគាត់មើលឃើញកូនចៅដែលរងគ្រោះហ្នឹងផង ឱ្យគាត់កាត់ឆ្វៀលដីហ្នឹងមក។ ពួកខ្ញុំអត់ត្រូវការ ការដោះដូរដីដែលខាងក្រុង ខាងខណ្ឌរៀបចំដោះដូរឱ្យពួកខ្ញុំហ្នឹងទេ»។

លើបញ្ហានេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអះអាងថា ប្រជាពលរដ្ឋនៅតំបន់បឹងតាមោក លើផ្លូវ១៥១មិនមានឯកសារបញ្ជាក់ឡើយ ប៉ុន្តែលោកអភិបាលខណ្ឌបានបញ្ជាក់ជំហរ ជម្រុញឱ្យពួកគាត់ទទួលយកដីសំណង ដែលអជ្ញាធរក្រុងផ្ដល់ដី និងផ្ទះនៅតំបន់ផ្សេង។

«បងប្អូនប្រជាពលរដ្ឋចង់ស្នើសុំធ្វើអីៗ ត្រូវផ្អែកទៅលើច្បាប់ តែកាលណាមានលិខិតស្នាអាជ្ញាធរបម្រើម៉ោងពេលណាក៏បានដែរ។ ប៉ុន្តែអ្វីដែលអាជ្ញាធរសំណូមពរទៅវិញ នៅមិនឆ្ងាយពីនេះ ប្រមាណ១៨០០ម៉ែត្រ នឹងមានដីសម្រាប់បែងចែកជូនបងប្អូនប្រជាពលរដ្ឋ ចឹងបើបងប្អូនប្រជាពលរដ្ឋចង់បានស្របច្បាប់ ចង់មានឯកសារគ្រប់បែបយ៉ាងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ទៅយកដីនៅកន្លែងហ្នឹងដែល សាលារាជធានីភ្នំពេញបែងចែកជាឡូតិ៍ ដែលមាន៤ម៉េត្រកន្លះគុណហ្នឹង១៨ម៉េត្រ ហើយនឹងធ្វើកម្មសិទ្ធិជូនគាត់…»។

ទោះយ៉ាងណាដំណោះស្រាយដែលលោកអភិបាលខណ្ឌលើកឡើងនេះត្រូវបានប្រជាសហគមន៍ទាំង៧៧ខ្នងផ្ទះខាងលើបដិសេធ។ ពាក់ព័ន្ធនឹងការលុបបឹងតាមោក ដើម្បីអភិវឌ្ឍនេះ អង្គការសមាគមធាងត្នោត (STT) បានឲ្យដឹងថា យ៉ាងហោចណាស់ផ្ទៃ​ដីចំនួន ២.២៤៤,៤៥ហិកតានៃផ្ទៃ​បឹងចំនួន ៣.២៣៩,៦៩ហិកតាត្រូវបានបូមខ្សាច់ចាក់​បំពេញ បន្ទាប់ពីមាន​អនុក្រឹត្យឆ្នាំ២០១៦​ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល​ជួលឬលក់ដីនៅ​ក្នុងនិងជុំវិញបឹងនេះ។

ក្នុងរយៈពេលចុងក្រោយ តំបន់ដែល​គេ​ចាក់​ដី​លុប​ជុំវិញបឹងតាមោកត្រូវ ផ្ដល់សម្រាប់ការសាងសង់ស្ថាប័នរដ្ឋមួយចំនួន និងមួយចំនួនទៀតបានផ្ដល់​ទៅឱ្យបុគ្គលនិងក្រុមហ៊ុនឯកជន។ អ្នក​ទទួល​បានដីនៅតំបន់​នោះ​​រួម​មានមន្រ្តីជាន់ខ្ពស់​ និង​ ឧកញ៉ា មួយចំនួនផងដែរ។

អ្នកស្រី ប្រាក់ សុភា ដែលទទួលបន្ទុកចិញ្ចឹមកូន៣នាក់ អះអាងថា ក្រុមប្រជាសហគមន៍ទាំង៧៧ខ្នងផ្ទះរបស់អ្នកស្រី នឹងព្យាយាមតស៊ូមតិ ការពារសិទ្ធលំនៅដា្ឋន នឹងប្រជាសហគមន៍ ត្បិតអ្នកស្រីអះអាងថា ដីដែលរឹបអូសពីប្រជាសហគមន៍បែរជាយកទៅបម្រើឱ្យបុគ្គលឯកជន ឬឈ្មួញដែលមានលុយ ដែលអ្នកស្រីយល់ថាជារឿងអយុត្តិធម៌។

«បើសិនជារក្សាផ្ទៃបឹងទុកជាសម្បតិ្តធម្មជាតិរបស់រដ្ឋ ហើយដកហូតពីពួកយើងដើម្បីធ្វើជាសម្បត្តិរបស់រដ្ឋយើងឱ្យ​ ប៉ុន្តែនេះវាជារឿងមួយដែលមិនតម្លាភាព សម្រាប់ពួកយើងដែលជាពលរដ្ឋដែលយើងត្រូវរងគ្រោះ ហើយដីបឹងជាដីកេរ្តិ៍ដំណែល ហេតុអីក៏ពួកយើងមិនអាចមានសិទ្ធិ ពួកយើងក៏ជាពលរដ្ឋដូចអស់លោកមន្ត្រីដែរតាស៎ ហេតុអីមិនអាចមានសិទ្ធិរស់នៅលើដីដែលអភិវឌ្ឍ?»

រយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រជាសហគកមន៍ទាំង៧៧ខ្នងផ្ទះ ក្នង​ភូមិសំ​រោងត្បូង បានតវ៉ាចំពោះការចាក់ដីលុបបឹងតាមោក ត្បិតពួកគេប្រឈមនឹងការបណ្តេញចេញពីផ្ទះ ​ និងបាត់បង់មុខរបរដែលធ្លាប់រកចិញ្ចឹមជីវិតកន្លងមក ដូចជាការ​នេសាទ និង​ការបេះ​បន្លែពីបឹងនេះ។ កាលពីឆ្នាំ២០២២ ពលរដ្ឋប្រមាណ៩នាក់ ក្នុងនោះក៏មានអ្នកស្រី ប្រាក់ សុភា អ្នកស្រី សឿន ស្រីសុទ្ធ និងសមាជិកគ្រួសារ ផងនោះ បានជាប់ក្ដីក្ដាំនៅតុលាការជុំវិញការតវ៉ានេះ៕

Share

Image
Image
Image