en     km
en     km

លោក Blinken ជួបលោក Xi Jinping នៅទីក្រុងប៉េកាំង

Share

ប៉េកាំង៖មន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថា មេដឹកនាំចិនXi Jinping និងប្រមុខការទូតអាមេរិកលោក Antony Blinken នឹងជួបប្រជុំគ្នានៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទទី១៩ មិថុនា ឆ្នាំ២០២៣ ដើម្បីស្វែងរកការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បន្ទាប់ពីមានជម្លោះជុំវិញការបាញ់បាឡុងហោះឈ្លបយកការរបស់ប្រទេសចិន និងសំនុំរឿងកោះតៃវ៉ាន់។

លោក Antony Blinken គឺជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេដែលបានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងរយៈពេល៥ឆ្នាំ។ជំនួបរបស់លោក Blinken ជាមួយមន្ត្រីជាន់ខ្ពស់របស់ចិននៅពេលនេះត្រូវបានគេមើលឃើញថាជាការសាកល្បងស្ដារទំនាក់ទំនង ដ៏សំខាន់មួយរវាងមហាអំណាចទាំងពីរ។

អ្នកការទូតអាមេរិកបង្ហាញពីភាពមិនប្រាកដប្រជាជុំវិញជំនួបរវាងលោក Xi និង Blinken ក្នុងអំឡុងដំណើរ​ទស្សនកិច្ចរយៈពេលពីរថ្ងៃបន្ថែមទៀត។ជំនួប​នេះ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​រសៀល​ ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ចន្ទទី១៩ មិថុនានេះ​ប៉ុណ្ណោះ។

មហាអំណាចពិភពលោកទាំងពីរបាននិងកំពុងប្រឈមមុខដាក់គ្នាកាន់តែច្រើនឡើងៗ ចាប់តាំងពីពីទីក្រុង​ប៉េកាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ រហូតដល់អាមេរិកមានការរិតត្បិតក្នុងការលក់បច្ចេកវិទ្យាទំនើបទៅឱ្យប្រទេសចិន។

មានបញ្ហានិងកង្វល់ជាច្រើនដែលត្រូវស្ដាទំនាក់ទំនងរវាងចិនអាមេរិកដែលបាក់បែកកាលពីឆ្នាំមុន ជាពិសេសអំពីកិច្ចការយោធាកម្រិតខ្ពស់ ដែលទីក្រុងវ៉ាស៊ីនតោនអះអាងថាជាកំហុស ដែលបង្កើនការព្រួយបារម្ភ ឬអាចមានឧបទ្ទវហេតុនាំទៅរកជម្លោះយ៉ាងឆាប់រហ័ស។

កិច្ចប្រជុំប្រហែលបីម៉ោងរវាងលោក Blinken និងទីប្រឹក្សាកិច្ចការបរទេសកំពូលរបស់ចិនលោក Wang Yi បានគូសបញ្ជាក់អំពីបញ្ហាប្រឈមដ៏ជ្រាលជ្រៅក្នុងការយកឈ្នះលើការមិនទុកចិត្តគ្នាដែលបានក្លាយជាចំណុចរសើបនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

 ​បើតាម​ការផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន CCTV លោក Wang បានស្តីបន្ទោស “ការយល់ឃើញខុស” របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះប្រទេសចិនថាជា “ដើមហេតុ ” នៃការធ្លាក់ចុះនៃទំនាក់ទំនងប្រទេសទាំងពីរ ហើយបានទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់”ការគាបសង្កត់”លើការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ប្រទេសចិន។  លោក Wang បាននិយាយថា “យើងត្រូវតែផ្លាស់ប្តូរការធ្លាក់ចុះនៃទំនាក់ទំនងចិន-អាមេរិកឱ្យវិលត្រឡប់ទៅរកផ្លូវដែលមានសុខភាពល្អ និងស្ថិរភាព ហើយរួមគ្នាស្វែងរកវិធីត្រឹមត្រូវសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងការរួមរស់ជាមួយគ្នាក្នុងយុគសម័យថ្មី” លោក Wang បាននិយាយបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក Blinken បានកើតឡើងនៅក្នុង “ចំណុចប្រសព្វដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងអាមេរិក-ចិន ដែលស្ថិតក្នុងជម្រើសដោយការសន្ទនា ឬការប្រឈមមុខគ្នា កិច្ចសហប្រតិបត្តិការ ឬជម្លោះ”។ លោក Wang ក៏បានបញ្ជាក់ជាថ្មីថា តៃវ៉ាន់គឺជា “ផលប្រយោជន៍ស្នូល” មួយរបស់ចិន ដែលវា “គ្មានកន្លែងសម្រាប់សម្របសម្រួល ឬថយក្រោយឡើយ” ។ សូមរំឭកថាតៃវ៉ាន់ជាដែនកោះប្រជាធិបតេយ្យដែលគ្រប់គ្រងស្វ័យ័ត ដែលបក្សកុម្មុយនិស្តចិនកំពុងកាន់អំណាចទាមទារយកត្រឡប់មកវិញ។សំនុំរឿងកោះតៃវ៉ាន់នេះបានក្លាយជាចំណុចសំខាន់មួយទៀតនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន៕

ប្រភព៖ CNN ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image