en     km
en     km

ក្រុមហ៊ុនផលិតចំណីអាហារអូស្ត្រាលីមួយសម្លឹងឱកាសវិនិយោគនាំចេញផ្លែឈើកម្ពុជាទៅបរទេស

Share

ភ្នំពេញ៖ បន្ទាប់ពីចំណាយពេលជិត ៣ថ្ងៃក្នុងដំណើរទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ក្រុមហ៊ុនផលិតចំណីអាហារអូស្ត្រាលីមួយ បានចាប់អារម្មណ៍កសិផលឈើហូបផ្លែរបស់កម្ពុជាដោយចង់វិនិយោគលើការនាំចេញពីកម្ពុជាទៅបរទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៣នេះ ដែលវិទ្យុស្រ្តីទទួលបានពីមន្រ្តី ទូតអូស្រ្តាលី។

ក្រុមហ៊ុន SPC Global ដែលជាអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីល្បាញរបស់អូស្ត្រាលី បានមកធ្វើទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤-១៦ ខែមិថុនា ដើម្បីស្វែងយល់ពីការវិនិយោគ និងសក្តានុពលពាណិជ្ជកម្មនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងវីកតូរៀ ប្រទេសអូស្ត្រាលីមួយនេះ បានបង្ហាញចំណាប់អារម្មណ៍តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ទូតអូស្រ្តាលីថា ក្រុមហ៊ុនចាប់អារម្មណ៍ចង់ពង្រីកការវិនិយោគរបស់ខ្លួន ធ្វើការនាំចេញពីកម្ពុជានូវកសិផលដូចជា ស្វាយ សាវម៉ាវ មៀន និងស្រកានាគ។

សកម្មភាពវេចខ្ចប់ក្នុងក្រុមហ៊ុនផលិតនំមួយកន្លែង។ រូបភាពពីមន្រ្តីទូតអូស្រ្តាលី។

ក្រុមហ៊ុនដែលមានបទពិសោធន៍ជាងមួយសតវត្សក្នុងការកែច្នៃ និងវេចខ្ចប់ផលិតផលផ្លែឈើ និងបន្លែមួយនេះ បានវិនិយោគលើការទិញផលិតផលមួយចំនួនពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីទៅកាន់ទីផ្សារបរទេស។

​បើតាមសេចក្តីប្រកាសព័ត៌មានខាងលើដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​កន្លះ​នេះ មន្រ្តីស្ថានទូតអូស្ត្រាលី និងប្រធាន​ក្រុមហ៊ុន SPC Global បានធ្វើ​ដំណើរ​ទៅទស្សនកិច្ចនៅរោងចក្រ​ផលិតកម្មចំណីអាហារ​គីរីរម្យ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ក្រុមហ៊ុន លីលី នៅក្នុង​រាជធានី​ភ្នំពេញ។ ក្នុងនោះក៏បានជួបជាមួយមន្រ្តីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម  ក្រសួងសេដ្ឋកិច្ច សភាពាណិជ្ជកម្មកម្ពុជា និងម្ចាស់អាជីវកម្មកសិឧស្សាហកម្មធំៗមួយចំនួនផងដែរ។     

 ប្រធានក្រុមហ៊ុន SPC Global មានប្រសាសន៍ថា កម្ពុជា​ជា​ប្រទេស​ដ៏ល្អ​មួយ​សម្រាប់​អូស្រ្តាលី ​ក្នុង​ការ​ស្វែង​រក​ឱកាសថ្មីៗ​ផ្នែកកសិកម្ម ជាពិសេស​បន្លែ និង​ផ្លែឈើ ​ដែល​មិន​មានការដាំដុះ ឬ​បច្ចុប្បន្ន​នេះមិន​មាន​វត្តមាននៅក្នុង​ប្រទេស​អូស្ត្រាលី។ ក្រុមហ៊ុន SPC ឱ្យដឹងថា ក្រុមហ៊ុនអាចផ្តល់ជំនាញ និងចំណេះដឹងផ្នែកចំណីអាហារជួយអភិវឌ្ឍផលិតផលចំណីអាហារប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាពខ្ពស់ ខណៈឧស្សាហកម្មកសិ-ចំណីអាហារនៅកម្ពុជាកំពុងតែមានការអភិវឌ្ឍ។

រូបភាពពីមន្រ្តីទូតអូស្រ្តាលី។

សូមបញ្ជាក់ថា រវាងឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ ផលិតកម្មផ្លែស្វាយរបស់កម្ពុជាកើនឡើង ១៦០% ហើយការនាំចេញផ្លែឈើស្ងួតបានកើនឡើងរហូតដល់ ៦ ៥០០%។ ប្រទេសកម្ពុជាមានសមត្ថភាពខ្ពស់លើកសិផលដែលមានតម្លៃខ្ពស់ រួមមាន ស្វាយ ចេក ស្វាយចន្ទី ដំឡូងជ្វា ល្ង ម្ទេស និងម្រេចកំពតដ៏ល្បីល្បាញលើពិភពលោក។ភ្ជាប់ជាមួយដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន SPC Global នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្ត្រាលីក្នុងការពង្រឹងទំនាក់ទំនងផ្នែកកសិកម្មជាមួយកម្ពុជា។

ទស្សនកិច្ចនេះ ត្រូវបានផ្តួចផ្តើមឡើងបន្ទាប់ពីកិច្ចប្រជុំប្រកបដោយជោគជ័យរវាងក្រុមហ៊ុន SPC និងប្រតិភូកម្ពុជា ក្នុងអំឡុងទស្សនកិច្ចរបស់កម្មវិធី CAPRED ទៅកាន់សួនកសិ-ឧស្សាហកម្ម នៅប្រទេសអូស្ត្រាលី កាលពីដើមឆ្នាំ២០២៣នេះ៕ 

                                                               

Share

ព័ត៌មានទាក់ទង

Image