បន្ទាប់ពីការដាក់ញត្តិនៅក្រសួងការងារត្រូវបានអាជ្ញាធរារាំាង មិនឱ្យទៅដាក់ដល់ក្រសួង នៅថ្ងៃទី១៦ ខែមិថុនានេះ ក្រុមកម្មកររោងចក្រស្ដាឡៃថ៍ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបន្តមកធ្វើកូដកម្មតវ៉ាជាថ្មី ដើម្បីឱ្យថៅកែរោងចក្រ ផ្លាស់ប្ដូរប្រធានគ្រប់គ្រងរោងចក្រ និងប្រធានរដ្ឋបាល ដែលពួកគេអះអាងថាអសមត្ថភាព។ លោក គីម ចាន់ចាវ រាយការណ៍
ក្រុមកម្មករោងចក្រស្ដាឡៃថ៍ (Starlight Apparel Manufacturing) ដែលខកចិត្ត ចំពោះក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ដែលមិនទាន់អាចដោះស្រាយបញ្ហាការងារ ក្នុងរោងចក្រនេះ បានចេញមកតវ៉ាជាថ្មី នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ។ លោក រស់ សំបូរ អនុប្រធានសហជីពអំណាចយុវជនកម្ពុជា បានឱ្យដឹងថា ការតវ៉ាលើកនេះចរន្តកម្មករមានកាន់តែខ្លាំង ហើយកម្មករប្រមាណ១០ភាគរយដែលបានចូលធ្វើការវិញក្រោយពីការសម្របសម្រួលពីលោក គង់ សោភ័ណ អភិបាលខេត្តកណ្ដាល ក៏សម្រេចចិត្តចេញមកតវ៉ាវិញផងដែរ។
«ដោយសារគាត់ យើងអត់ដឹងចិត្តពួកគាត់(កម្មករច្បាស់ដែរ) ដោយសារគាត់ចូលទៅប៉ុន្មានថ្ងៃហ្នឹង ដូចជាព័ត៌មានគាត់ទទួលបាន គឺវាអត់ច្បាស់ការណ៍ពីក្នុងមកដែរ ដូចនៅខាងរោងចក្រគេជួលព័ត៌មាន..យកទៅផ្សាយចឹងហា៎ តែមុននឹងផ្សាយគេរៀនឱ្យនិយាយចឹងហា៎។ ឱ្យកម្មករនិយាយដល់ពេលនិយាយវាមិនមែនជាការពិត ដល់ពេលចឹងពួកគាត់មានអារម្មណ៍ថាពួកគាត់ខឹងរឹតតែខ្លាំង។ អត់ខំប្រឹងរកដំណោះស្រាយឱ្យពួកគាត់បែរជាជួលអ្នកសារព័ត៌មានមកផ្សាយបំភ្លៃការពិតទៅវិញ។ ចឹងធ្វើឱ្យពួកគាត់ផ្ទុះកំហឹងចេញមកវិញទាំងអស់»។
កម្មការិនីម្នាក់ដែលបានចូលរួមតវ៉ា និងដង្ហែញត្តិដាក់ទៅក្រសួងការងារផងដែរនោះ បានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ពួកគេតវ៉ាក្រោយការដាក់ញត្តិនេះ ដោយសារតែនៅពេលពួកគេចេញទៅដាក់ញត្ដិជូនក្រសួងការងារ មិនត្រឹមតែត្រូវបានសមត្ថកិច្ចរារាំង ហើយត្រូវមន្ត្រីក្រសួងមកទទួល ប៉ុន្តែស្ថានភាពក្រោយពីទទួលហាក់ស្ងាត់ មិនមានឃើញដំណឹងពីការដោះស្រាយឡើយ។
«និយាយទៅដូចអត់មានដំណឹងអីសម្រាប់កម្មករផង ទទួលតែមែន តែអត់មានផ្ដល់ដំណឹងថា ស្អីៗមកវិញ វាពិបាកត្រង់ហ្នឹង។ ទទួលទៅបាត់ឈឹង ខេត្តចុះមកនិយាយតែជាមួយថៅកែរោងចក្រ និងតែជាមួយអ្នកគ្រប់គ្រងរោងចក្រ អត់និយាយជាមួយកម្មករផង។…អត់ហ៊ាននៅជិតកម្មករផង ខេត្តអត់ស្ដាប់មតិកម្មករផងហ្នឹងគ្រាន់តែហៅ តំណាងចូលទៅប៉ុន្មាន១០នាក់។ ចូលទៅនិយាយចរចាជាមួយគេហ្នឹង។ តំណាងយើងចូលទៅអត់បាននិយាយអីផង គេនិយាយតែខ្លួនគេ អីតែខ្លួនគេ ហើយកម្មករមកផ្ទះវិញមក…»
លោក រស់ សំបូរ បញ្ចាក់ថា ក្នុងនាមសហជីព លោកធ្វើតាមការសម្រេចចិត្តរបស់កម្មករ ដែលត្រូវទាមទារ តាមរយៈការតវ៉ា។ ក៏ប៉ុន្តែ មន្ត្រីក្រសួងការងារ បានហៅក្រុមសហជីពរបស់លោក និងភាគីពាក់ព័ន្ធដើម្បីជួបចរចាស្វែងរកដំណោះស្រាយនៅក្រសួងការងារ នៅថ្ងៃទី១៧ ខែមិថុនា។
ពាក់ព័ន្ធនឹងកម្មករទាមទារដំណោះស្រាយការងារនេះ លោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យ រដ្ឋបាលខេត្តកណ្ដាល បានណែនាំឱ្យទាក់ទងទៅកាន់រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក៏ប៉ុន្តែវិទ្យុស្រ្តីពុំទាន់អាចសុំការបំភ្លឺពីលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលបានទេនៅព្រឹកនេះដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។ ទោះយ៉ាង ក្នុងជំនួបជាមួយតំណាងកម្មករពេលពួកគេដង្ហែរញត្តិកាលពីថ្ងៃទី១៥ មិថុនា លោកអភិបាលស្រុក ណែនាំឱ្យកម្មករផ្ដិតមេដៃដើម្បីស្នើសុំដំណោះស្រាយពីក្រសួង ជាជាងការតវ៉ា ឬដង្ហែរក្បួនមានគ្នាច្រើន ដែលលោកថាអាចប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងបង្ករការលំបាកដល់អាជ្ញាធរមានសមត្ថកិច្ច។
លើបញ្ហាវិវាទកម្មកររោងចក្រស្ដាឡៃថ៍ជាមួយអ្នកដឹកនាំនេះ កន្លងមក ក៏មានការអន្តរាគមន៍ដល់រោងចក្រពីអាជ្ញាធរ ក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាលផងដែរ ប៉ុន្តែកម្មករនៅតែទទូចឱ្យធ្វើតាម ចំណុចមួយក្នុងចំណោមចំណុចទាំង៩ ដែលកម្មករបានទាមទារហើយ ពុំទាន់មានការឆ្លើយតបនោះ គឺចំណុចទាមទារដកអ្នកគ្រប់គ្រងថ្មីនិងប្រធានរដ្ឋបាលរោងចក្រ។ ក្រុមកម្មករទាំងនោះអះអាងថា ចាប់តាំងពីលោក ម៉េង សុខជាតិ ឡើងគ្រប់គ្រង់ក្រុមហ៊ុន បញ្ហាជាមួយកម្មករតែងកើតមានជាបន្តបន្ទាប់។ ពួកគេអះអាងស្រដៀងគ្នាថា ប្រធានថ្មីរបស់ក្រុមហ៊ុន មិនមានការងារឱ្យកម្មករធ្វើគ្រប់គ្រាន់ទេ ហើយអ្នកបញ្ជាទិញត្រូវបានដក ជាហេតុបង្កផលប៉ះពាល់ការងារដល់កម្មករដោយមិនមានការថែមម៉ោង។ ជាងនេះក៏មានការចាត់កម្មករ បញ្ឈប់កម្មករ ឈានដល់ការព្យួរការងារកម្មករផងដែរ។
ទោះជាបែបនេះក្ដី ក្នុងការតវ៉ាកាលពីថ្ងៃទី១៤ ខែមិថុនា មុនការដាក់ញត្តិទៅក្រសួងការងារនេះមួយថ្ងៃ ក្រុមកម្មករបានបន្ថយការទាមទារ ដោយស្នើឱ្យអាជ្ញាធរពិសេសថៅកែរោងចក្រអន្តរាគមន៍ទម្លាក់តំណែង លោក ម៉េង សុជាតិ ពីអ្នកគ្រប់គ្រងមកត្រឹមប្រធានរដ្ឋបាល និងទម្លាក់ប្រធានរដ្ឋបាលលោក ស៊ុន វាសនា មកជាជំនួយការក្នុងរោងចក្រវិញ។ ការស្នើដោយបន្ថូរបន្ថយបែបនេះ ព្រោះក្រុមកម្មករយល់ឃើញថា សំណើសុំដកអ្នកទាំងពីរចេញពីក្រុមហ៊ុនហាក់មានសភាពតានតឹងនិងបានអូសបន្លាយពេលជិតមួយខែ ប៉ុន្តែអន្តរាគមន៍ដោះស្រាយពីអ្នកពាក់ព័ន្ធនានាហាក់គ្មានចេញលទ្ធផលជាដុំកំភួននៅឡើយ៕