គ្រូបង្រៀននៅសាលាអនុវិទ្យល័យបុសលាវមួយរូប ឈ្មោះ ហេង បូរះ នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ រងការចោទប្រកាន់ថាបានបៀតបៀនលើសិស្សស្រីអាយុ ១៤ម្នាក់ នៅក្នុងបន្ទប់សិក្សាកាលពីសប្ដាហ៍មុន ដែលនាងសិស្សរបស់ខ្លួន។ នេះបើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុក fresh news។
តាមប្រភពដដែលថា ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឃាត់ខ្លួនគ្រូបង្រៀនខាងលើ និងធ្វើការសាកសួរកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងបានអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញ។
វិទ្យុស្ដ្រីបានទាក់ទងទៅកាន់ស្នងការដ្ឋានគរបាលខេត្តក្រចេះ ដើម្បីសុំព័ត៌មានបន្ថែមតែទូរសព្ទមិនមានអ្នកទទួល។ សូមជម្រាបថា លោក ហេង បូរះ ដែលជាគ្រូបង្រៀននៅសាលាបុសលាវនេះ បង្រៀននៅថ្នាក់ទី៨ និងទី៩។
លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តក្រចេះ បានឱ្យដឹងថា លោកមិនទាន់ក្ដោបបានព័ត៌មានជាក់លាក់នោះទេ តែបើតាមរបាយការណ៍ពីនាយកសាលាអនុវិទ្យាល័យបុសលាវ ថាលោក ហេង បូរះ បានទះស្មា និងមូលស្លឹកត្រចៀកសិស្សស្រីរូបនោះ។
សារព័ត៌មានខាងលើ បានឱ្យដឹងពីប្រភពឪពុកម្ដាយរបស់សិស្សនៅសាលាអនុវិទ្យាល័យបុសលាវថា ពួកគេមានការព្រួយបារម្ភពីសុវត្ថិភាពកូនរបស់ខ្លួន និងមិនឱ្យកូនទៅរៀនជាមួយលោក ហេង បូរះនេះទៀតទេ៕