en     km
en     km

ការជំរុញនិរន្តរភាពប្រព័ន្ធស្បៀងផ្តល់ភាពរឹងមាំផ្នែកសិទ្ធិអំណាចដល់យុវជននិងស្ត្រី

Share

ភ្នំពេញ៖ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជាលោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោក បាននិងកំពុងអនុវត្តការងារលើផ្នែកកសិកម្ម តាមរយៈកម្មវិធីអនុវត្តបច្ចេកទេសដាំដុះ និងការអនុវត្តជាក់ស្តែងនៅតាមកសិដ្ឋានសហគមន៍ ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀង និងបង្កើនសេដ្ឋកិច្ចគ្រួសារ។ តាមរយៈការជំរុញនិរន្តរភាពប្រព័ន្ធស្បៀងនេះ លោកថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងសិទ្ធិអំណាចដល់យុវជន និងស្ត្រី។

មានសារៈសំខាន់ ដ្បិតតាមរយៈការជំរុញនិរន្តរភាពប្រព័ន្ធស្បៀងនេះ បានរួមបញ្ចូលពួកគេ ក្នុងកិច្ចសន្ទនាតាក់តែងគោលនយោបាយ ការធ្វើសេចក្ដីសម្រេចចិត្ត ការផ្ដល់ការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងការលើកកម្ពស់កម្មវិធីបំពាក់បំប៉នជំនាញវិជ្ជាជីវៈ។ តែយ៉ាងណា នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោករូបនេះ កត់សម្គាល់ឃើញថា នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ នៅតែជួបបញ្ហាប្រឈមនិងឧបសគ្គកើតមានដែលធ្វើឱ្យកម្ពុជាមិនទាន់អាចសម្រេចបាននូវប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តភាព។ ដូច្នេះលោកថា ការកំណត់និងខិតខំប្រឹងប្រែងជម្នះបញ្ហាប្រឈមទាំងអស់ខាងលើ គឺជាការងារសំខាន់នៅកម្រិតថ្នាក់ជាតិ។

មន្រ្តីរាជរដ្ឋាភិបាល អង្គទូត និងមន្រ្តីអង្គការចូលរួមសិក្ខាសាលា។រូបភាពពីក្រុមការងារអង្គការទស្សនៈពិភពលោក។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជាចេញផ្សាយនៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៣នេះ ស្តីពី ការពិគ្រោះយោបល់អំពីប្រព័ន្ធស្បៀង ពាំនាំនូវបញ្ហាប្រឈម និងអនុសាសន៍ សម្រាប់ដាក់បញ្ចូលក្នុង «វេទិកាលើកទី៣ នៃយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ»។

លោក Andreas Zurbrugg  ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជាមានប្រសាសន៍ថា អង្គការទស្សនៈពិភពលោក ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា រយៈពេលជាង ៥០ឆ្នាំ មកហើយ។ លោក Andreas បានបន្តថា៖«រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ថវិកាជាង ៦៧ លានដុល្លារអូស្រ្តាលី ជួយដល់កម្មវិធីរបស់ពួកគេ [អង្គការទស្សនៈពិភពលោក]។ ជំនួយទាំងនេះមានរួមបញ្ចូលទាំងគម្រោង ពង្រីកសេវាកសិកម្ម និងសិទ្ធិលក់ដូរខ្នាតតូច (ម៉ាស់២) ដែលផ្តោតលើការលើកកម្ពស់ជីវភាពរបស់សហគមន៍កសិកម្ម និងបច្ចេកទេសកសិកម្ម ព្រមទាំងការផ្សារភ្ជាប់ទីផ្សារជាដើម។ ទោះបីជាគម្រោងនេះបានបញ្ចប់ក៏ដោយ យើងរីករាយដែលបានឃើញគម្រោងនេះនៅបន្តមាននិរន្តរភាព និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ និងប្រព័ន្ធស្បៀង»។

លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហាអន្តរវិស័យ ហើយប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែការផ្លាស់ប្តូរនៃបរិស្ថានស្បៀងយ៉ាងឆាប់រហ័ស។ លោក សុខ ស៊ីឡូ បានរៀបរាប់ថា ដើម្បីលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងផ្សព្វផ្សាយឯកសារ លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា។ជាងនេះ ត្រូវមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល  និងដៃគូអភិវឌ្ឍន៍ គឺជាកត្តាចំបាច់ ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា។

សូមរំលឹកថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា (WVI-C) និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការជំរុញនិរន្តរភាពប្រព័ន្ធស្បៀង» ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងកត្តារាំងស្ទះ ក្នុងការលើកកម្ពស់ប្រព័ន្ធស្បៀងប្រកប ដោយនិរន្តភាព នៅក្នុងប្រទេសកម្ពុជា។

រូបភាពកសិករដែលទទួលផលពីគម្រោងនានារបស់អង្គការទស្សនៈពិភពលោក។រូបភាពពីក្រុមការងារអង្គការទស្សនៈពិភពលោក។

សេចក្តីប្រកាសព័ត៌មានបន្ថែមថា ថ្វីបើមានការរីកចម្រើនក៏ដោយ បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ នៅតែជាកង្វល់អស់រយៈពេលជាច្រើនទស្សវត្សរ៍ ដែលបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍប្រាជ្ញាស្មារតី និងកាយសម្បទារបស់កុមារ។ វេទិកាលើកទី២ នៃយុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានកំណត់គោលដៅកាត់បន្ថយបញ្ហាក្រិសក្រិនរបស់កុមារពី ៣២% ក្នុងឆ្នាំ២០១៤ មកត្រឹម ២៥% ក្នុងឆ្នាំ២០២៣។ ជាលទ្ធផល ការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា (CDHS) ឆ្នាំ២០២១-២០២២ បានបង្ហាញថា គោលដៅនេះបានសម្រេចបានត្រឹម ២២% ប៉ុណ្ណោះ។ ទិន្នន័យពី CDHS ក៏បានបង្ហាញថា បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ គឺស្ទើរតែមិនផ្លាស់ប្តូរ បើធៀបរវាង ឆ្នាំ២០១៤ (១០%) និង ឆ្នាំ២០២១ (៩.៩%) ដែលធ្វើឱ្យគោលដៅដែលបានកំណត់ត្រឹម ៨% មិនសម្រេចតាមផែនការនោះឡើយ។

សូមជម្រាបជូនថា សិក្ខាសាលានេះ មានការចូលរួមពីតំណាងអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល  ចំនួន ៥៥ នាក់ តំណាង ពីវិស័យឯកជន ចំនួន ១៧ នាក់ មន្ត្រីរដ្ឋាភិបាលចំនួន ១៥ នាក់ និងសមាជិកសហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន ១៩ នាក់៕

 

 

 

Share

ព័ត៌មានទាក់ទង

Image