en     km
en     km

អាជ្ញាធររារាំង មិនឱ្យកម្មកររោងចក្រស្ដាឡៃថ៍ ដង្ហែញត្តិមកក្រសួងការងារ ប៉ុន្តែអនុញ្ញាតតំណាង១០នាក់

Share

បន្ទាប់ពីការតវ៉ានៅមុខរោងចក្រជាង១០ថ្ងៃមិនទាន់ទទួលបានដំណោះស្រាយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ស្តារឡៃថ៍ ជាង២ពាន់នាក់ បាននាំគ្នាដង្ហែញត្តិមកនៅក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ។ ក៏ប៉ុន្តែការដង្ហែញត្តិនេះ ត្រូវបានអាជ្ញាធររារាំង នៅពេលពួកគេធ្វើដំណើរដល់ស្ពានព្រែកតាមាក់ ដោយអនុញ្ញាតឱ្យតំណាងកម្មករ១០នាក់ប៉ុណ្ណោះ យកញតិមកក្រសួងការងារ។ លោក គីម ចាន់ចាវ រាយការណ៍

 

ក្រុមកម្មករនិយោជិតនៃរោងក្រកាត់ដេរសម្លៀកបំពាក់ស្តារឡៃថ៍ ស្ថិតភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលជាង២ពាន់នាក់ដែលបានប្រមូលស្នាមមេដៃធ្វើញត្តិដាក់ជូនក្រសួងការងារជួយអន្តរាគមន៍ជួយដោះស្រាយបន្ត បន្ទាប់ពីលក្ខខណ្ឌសុំដកអ្នកគ្រប់គ្រងថ្មីនិងប្រធានរដ្ឋបាលមិនទាន់អាចសម្រេចបាន នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ។ ក្រុមកម្មករបាននាំគ្នាដង្ហែញត្តិដើម្បីដាក់ជូនក្រសួងការងារ ក្នុងគោលបំណងឱ្យស្ថាប័នរដ្ឋមួយនេះ ជួយអន្តរាគមន៍។ ក៏ប៉ុន្តែការដង្ហែញត្តិនេះ ត្រូវបានអាជ្ញាធររារាំង ដោយឃាត់ការធ្វើដំណើររបស់ពួកគេមិនឱ្យទៅមុខត្រឹមស្ពានព្រែកតាមាក់ ដែលត្រូវឆ្លងមករាជធានីភ្នំពេញ។

បើតាមកម្មការិនីម្នាក់ឈ្មោះ ជា សុគឿន បានប្រាប់វិទ្យុស្ត្រីនៅក្រោយការរារាំងនេះថា អាជ្ញាធរមិនអនុញ្ញាតឱ្យកម្មករទាំងអស់ទៅដាក់ញត្តិនៅក្រសួងការងារឡើយ ប៉ុន្តែអាជ្ញាធរអនុញ្ញាតឱ្យតំណាងកម្មករត្រឹម១០នាក់ ទៅដាក់ញត្តិនេះបាន។

«អត់ដឹងម៉េចទេពូ ពួកគាត់កាក់ម៉ូតូខ្ញុំអត់ឱ្យទៅនេះផង ឱ្យនៅត្រឹមស្ពានព្រែកតាមាក់ហ្នឹង។ ចា៎ផ្លូវឆ្លងមកភ្នំពេញហ្នឹង។ ខាងអាជ្ញាធរគាត់ប្រាប់ហេតុផល ថាអត់ឱ្យពួកខ្ញុំហ្នឹងទៅដល់ភ្នំពេញទេ បើសិនជាចង់ទៅដោះស្រាយ គឺឱ្យតំណាង១០នាក់ទេទៅដល់ក្រសួង តែបើពួកខ្ញុំទៅទាំងអស់គ្នាគឺគាត់អត់ឱ្យទៅទេ»

នៅក្នុងការរារាំងនេះដែរ លោក រស់ សំបូរ អនុប្រធានសហជីពអំណាចយុវជនកម្ពុជា បានឱ្យដឹងថា ក្រោយការរារាំងមិនឱ្យក្រុមកម្មករនិយោជិតធ្វើដំណើរទៅដាក់ញត្តិនៅក្រសួងការងារ ក្រុមមន្ត្រីក្រសួងបានមកទទួលញត្តិនៅទីតាំងក្បែរកន្លែងឃាត់កម្មករនោះតែម្ដង។ ដោយគ្មានជម្រើសក្រុមកម្មរ និងសហជីពបានសម្រេចប្រគល់ញត្តិនោះជូនមន្ត្រីក្រសួងនៅទីតាំងនោះតែម្ដង។

«មានអី វាជាការរឹតត្បិតមួយដល់សិទ្ធិសេរីភាពកម្មករ ពួកគាត់ចង់មានដំណោះស្រាយឱ្យឆាប់ឱ្យលឿនចឹងហា៎។ សម្រេចចិត្តថាយកទៅ ក្រសួងហ្នឹងឱ្យបានលឿនសម្រាប់ពួកគាត់តែនៅចឹងដដែល។ រឹតត្បិតសិទ្ធិសេរីភាពរបស់កម្មករក្នុងការបញ្ចេញមតិ ដំណោះស្រាយគឺ អត់សូវ មានសិទ្ធិពេញលេញ»

 

ពាក់ព័ន្ធនឹងការរារាំងកម្មករមិនឱ្យបន្តដំណើរទៅដាក់ញត្តិទាំងអស់គ្នានេះ លោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យ រដ្ឋបាលខេត្តកណ្ដាល បានណែនាំឱ្យទាក់ទងទៅកាន់រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក៏ប៉ុន្តែវិទ្យុស្រ្តីពុំទាន់អាចសុំការបំភ្លឺពីលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលបានទេនៅព្រឹកនេះដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។

ទោះយ៉ាងណា លោក គ្រុយ ម៉ាឡែន បានរម្លឹកថា បញ្ហានៅរោងចក្រកាត់ដេរស្តារឡៃថ៍នេះ លោកអភិបាលខេត្តកណ្ដាលបានចូលជួបកម្មករដោះស្រាយរួចហើយ។ លើបញ្ហាទាមទាររបស់កម្មករនេះ មានការអន្តរាគមន៍ពីភាគីពាក់ព័ន្ធជាច្រើនផងដែរ ក្នុងនោះលោក គង់ សោភ័ណ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែមិថុនា ក៏បានចូលទៅសម្របសម្រួលដោះស្រាយផងដែរ។ លោកអភិបាលខេត្ត ស្នើសុំឱ្យបន្តដោះស្រាយផ្ទៃក្នុង លើបញ្ហាប្រឈមដែលនៅសេសសល់ ឱ្យបានល្អប្រសើរ ដើម្បីឱ្យរោងចក្រចាប់ផ្តើមដំណើរការធម្មតាឡើងវិញ។ បន្ថែមពីនេះ លោកបានណែនាំ ឱ្យក្រុមហ៊ុន និងកម្មករនិយោជិត អនុវត្តតាម សេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឱ្យបានត្រឹមត្រូវ និងចូលបម្រើការងារវិញនៅ ថ្ងៃទី១៤ ខែមិថុនាទាំងអស់គ្នា។

«ឯកឧត្តមអភិបាលខេត្ត ដឹងរឿងបញ្ហាភ្លាមគាត់ចុះទៅភ្លាម។ គាត់ដឹកនាំក្រុមការងារមានមន្ទីរជំនាញ ទៅជាមួយ ហើយគាត់យកចិត្តទុកដាក់ណាស់ ឯកឧត្តមអភិបាលខេត្ត យកចិត្តទុកដាក់ការងារនេះ»

ក្រោយជួបជាមួយលោកអភិបាលខេត្ត ក្រុមកម្មករនិយោជិតដែលធ្វើកូដកម្មទាមទារកន្លងមកមួយចំនួនបានចូលធ្វើការប៉ុន្តែហាក់មានការរើសអើងរវាងកម្មករមួយចំនួនដែលមិនចូលរួមតវ៉ាកន្លងមក។ នេះបើតាមលោក រស់ សំបូរ។

 

ក្រោយមកកម្មករសម្រេច មិនបានចូលធ្វើការតាមការបង្គាប់ទេ ដោយបន្តតវ៉ាទាមទារ ចំណុចមួយក្នុងចំណោមចំណុចទាំង៩ ដែលកម្មករបានទាមទារហើយ ពុំទាន់មានការឆ្លើយតបនោះ គឺចំណុចទាមទារដកអ្នកគ្រប់គ្រងថ្មីនិងប្រធានរដ្ឋបាលរោងចក្រ។

លោក រស់ សំបូរ អនុប្រធានសហជីពអំណាចយុវជនកម្ពុជាធ្លាប់បញ្ជាក់ថា ចាប់តាំងពីលោក ម៉េង សុខជាតិ ឡើងគ្រប់គ្រង់ក្រុមហ៊ុន បញ្ហាជាមួយកម្មករតែងកើតមានជាបន្តបន្ទាប់។ លោកថាប្រធានថ្មីរបស់ក្រុមហ៊ុន មិនមានការងារឱ្យកម្មករធ្វើគ្រប់គ្រាន់ទេ ហើយអ្នកបញ្ជាទិញត្រូវបានដក ជាហេតុបង្កផលប៉ះពាល់ការងារដល់កម្មករដោយមិនមានការថែមម៉ោង។ ជាងនេះក៏មានការចាត់កម្មករ បញ្ឈប់កម្មករ ឈានដល់ការព្យួរការងារកម្មករផងដែរ។

 

វិទ្យុស្ត្រីមិនអាចទាក់ទងភាគីរោងចក្របានទេ គិតត្រឹមថ្ងៃទី១៥ ខែមិថុនានេះ។ ចំណែកលោក ស៊ុន វាសនា ប្រធានរដ្ឋបាលក្រុមហ៊ុន ទូរសព្ទហៅចូលតែមិនមានអ្នកទទួល។ តែយ៉ាងណាអនុប្រធាននៃអគ្គលេខាធិការដ្ឋានដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា នៃក្រសួងការងារ លោក អ៊ូ រតនា ដែលបានអន្តរាគមន៍លើបញ្ហានេះ បានចោទសួរក្នុងន័យឌឺដងកាលពីពេលកន្លងទៅថា «តើនេះជាទំនាស់អ្វី?ហើយអស់លោកលោកស្រីជាអ្វី?ដល់ថៅកែមិន ព្រមនាំគ្នាស្រែកថាអយុត្តិធម៏មិនព្រមចូលធ្វើការ សូមជួយគិតផង ។ ត្រូវគិតដល់កម្មករនិយោជិតដទៃទៀតផងដែលគ្នាចង់ធ្វើការដើម្បីជីវភាព (សិទ្ធក្នុងការសំរេចចិត្តដកឬទុក ជាសិទ្ធរបស់ថៅកែមិនមែនជាសិទ្ធរបស់អ្នកផ្សះផ្សាទេ)»

ទោះយ៉ាងណា បើតាម អ្នកស្រី ជា សុគឿន កម្មការិនីម្នាក់ដែលបានចូលរួមតវ៉ា និងដង្ហែញត្តិទាមទារនេះ បានអះអាងថា ការទាមទារឱ្យដោះដូរប្រធានរដ្ឋបាល និងប្រធានគ្រប់គ្រងរោងចក្រនេះ ដោយសារតែពួកគេមិនមានសមត្ថភាពដឹកនាំ។

«និយាយទៅគាត់អត់មានសមត្ថភាពគ្រប់គ្រងពួកខ្ញុំ។​គាត់អសមត្ថភាព។ ពីមុនពួកខ្ញុំធ្វើការពីមុនមកអ្នកចាស់គ្រប់គ្រងហ្នឹងពួកខ្ញុំមានការងារធ្វើច្រើន ហើយការងារមិនជាគាបសង្កត់ ដល់ពេលមកគាត់វិញ គាត់កាន់តែមួយរយៈ គាត់បញ្ឈប់កកម្មករ មានការព្យួរការងារ ឈប់ថ្ងៃសៅរ៍ ហើយOrder អត់មានចូលសោះ»

ទោះជាបែបនេះក្ដី ក្នុងការតវ៉ាកាលពីថ្ងៃទី១៤ ខែមិថុនា មុនការដាក់ញត្តិទៅក្រសួងការងារនេះមួយថ្ងៃ ក្រុមកម្មករបានបន្ថយការទាមទារ ដោយស្នើឱ្យអាជ្ញាធរពិសេសថៅកែរោងចក្រអន្តរាគមន៍ទម្លាក់តំណែង លោក ម៉េង សុជាតិ ពីអ្នកគ្រប់គ្រងមកត្រឹមប្រធានរដ្ឋបាល និងទម្លាក់ប្រធានរដ្ឋបាលលោក ស៊ុន វាសនា មកជាជំនួយការក្នុងរោងចក្រវិញ។ ការស្នើដោយបន្ថូរបន្ថយបែបនេះ ព្រោះក្រុមកម្មករយល់ឃើញថា សំណើសុំដកអ្នកទាំងពីរចេញពីក្រុមហ៊ុនហាក់មានសភាពតានតឹងនិងបានអូសបន្លាយពេលជិតមួយខែ ខណៈអន្តរាគមន៍ដោះស្រាយពីអ្នកពាក់ព័ន្ធនានាហាក់គ្មានចេញលទ្ធផលជាដុំកំភួនសោះ។

សូមបញ្ជាក់ថាក្រុមហ៊ុនស្ដារឡៃថ៍ អឹតែរិល មេនូហ្វេកឆឺរីង ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានកម្មករនយោជិតសរុបជាង៤ពាន់នាក់ ក្នុងនោះមានស្ត្រី៣៣៩១នាក់។ លោក រស់ សំបូរ អះអាងថា កន្លងមកក្រោយមាននាយកថ្មី ក្រុមហ៊ុនបញ្ឈប់កម្មករអស់ជាង៣០០នាក់ ហើយក្នុងការតវ៉ានេះ ក្រុមហ៊ុនគ្រោងនឹងបញ្ឈប់កម្មករនិយាជិត១៥០នាក់បន្ថែមទៀត៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង