យ៉ាងហោចណាស់ជនភៀសខ្លួនមកពីប្រទេសក្រិច៧៩នាក់បានលង់ទឹកស្លាប់ និងរាប់រយនាក់ទៀតបានបាត់ខ្លួន។ជនរងគ្រោះភាគច្រើនជាបុរសមកពីប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានលង់ទឹកស្លាប់ នៅពេលដែលទូករបស់ពួកគេធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីបានក្រឡាប់លិចនៅភាគខាងត្បូងទីក្រុង Peloponnese កាលពីថ្ងៃពុធទី១៤ ខែមិថុនា ឆ្នាំ២០២៣។
រដ្ឋាភិបាលប្រទេសក្រិកបានប្រកាសកាន់ទុក្ខថ្នាក់ជាតិចំនួនបីថ្ងៃចំពោះសោកនាដកម្មនេះ។មន្ត្រីក្រិកម្នាក់បាននិយាយថា៖ «ចំនួនអ្នកស្លាប់មានការកើនឡើងជារៀងរាល់ម៉ោង»។ “ការប៉ាន់ស្មានមានមនុស្សដល់ទៅ៦០០នាក់ជិះនៅលើទូកនោះ។ ទូកស្ថិតនៅក្រោមទឹក។ វាបានលិចហើយ»។លោកបាននិយាយថា អ្នកដំណើរប្រហែល១០៤នាក់ត្រូវបានជួយសង្គ្រោះគិតត្រឹមរសៀលថ្ងៃពុធទី១៤ ខែមិថុនា ឆ្នាំ២០២៣។
លោកអភិបាលរងក្រុង Kalamata បាននិយាយថា មានមនុស្សច្រើនជាង ៥០០នាក់នៅលើទូកដែលបានលិច។ អង្គការសប្បុរសធម៌នៅអឺរ៉ុបបាននិយាយថាខ្លួនជឿថាមានមនុស្សប្រហែល៧៥០នាក់នៅលើទូក។
នាវាឆ្មាំឆ្នេរសមុទ្រ នាវាចម្បាំងកងទ័ពជើងទឹក យន្តហោះដឹកជញ្ជូនយោធា ឧទ្ធម្ភាគចក្រទ័ពអាកាស និងយានឯកជនជាច្រើនគ្រឿង បានចូលរួមស្វែងរកអ្នកនៅរស់រានមានជីវិត។កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដំបូងបានជួបប្រទះនឹងខ្យល់ព្យុះយ៉ាងខ្លាំង។
ប្រព័ន្ធផ្សព្វផ្សាយក្រិកបានដកស្រង់សម្តីអ្នករស់រានមានជីវិតដោយនិយាយថា ទូកបានលិចភ្លាមៗ នៅជិតតំបន់ទឹកជ្រៅបំផុតនៃសមុទ្រមេឌីទែរ៉ាណេ។ មនុស្សម្នាក់បាននិយាយថា “ម៉ាស៊ីនទូកបានរលត់ហើយទូកបានលិចតែប៉ុន្មាននាទីបន្ទាប់” ។
លោក Nikos Alexiou អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្របានប្រាប់អ្នកយកព័ត៌មានថា “នៅខាងក្រៅទូកគឺពោរពេញទៅដោយមនុស្ស ហើយយើងសន្និដ្ឋានថាមានមនុស្សនៅខាងក្នុងទូកជាច្រើនទៀត” ។ “ទូកដឹកមនុស្សច្រើនលើសចំណុះ។ ចំនួនមនុស្សជាក់លាក់មិនទាន់អាចដឹងច្បាស់ទេ ប៉ុន្តែអ្វីដែលប្រាកដគឺច្រើនណាស់»។
ទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា រហូតមកដល់ពេលនេះមានជនភៀសខ្លួនប្រហែល ៧២.០០០ នាក់បានទៅដល់ប្រទេសអ៊ីតាលី អេស្បាញ ក្រិច ម៉ាល់តា និងស៊ីប។ ប្រទេសក្រិចគឺជាផ្លូវដ៏សំខាន់មួយសម្រាប់ជនភៀសខ្លួនឆ្លងកាត់គេចពីសង្គ្រាម ការធ្វើទុក្ខបុកម្នេញ និងភាពក្រីក្រនៅមជ្ឈិមបូព៌ា អាស៊ី និងអាហ្វ្រិក៕
ប្រភព៖ The Guardian 15, 2023