ភ្នំពេញ៖ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហោះរូបភាពហ្វូងដំរីព្រៃអាស៊ី ដែលកំពុងមានវត្តមានក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងក្នុងខេត្តមណ្ឌលគីរី និងខេត្តរតនគិរី។ បើតាមក្រសួងបរិស្ថានចំនួនដំរីព្រៃអាស៊ីនេះមានចន្លោះពី ៤០០ ទៅ ៦០០ ក្បាល។
ក្រសួងបញ្ជាក់ថា រូបភាពថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិចាប់បានរូបភាពកូនដំរីតូចៗផងដែរ ប្រការនេះបង្ហាញពីការបន្តពូជកូនដំរីព្រៃតូចៗដែលនឹងរក្សាបាននិរន្តរភាពនៃវត្តមានដំរីព្រៃក្នុងតំបន់អភិរក្ស។
យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ ភាគរយ។
ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៤ ម៉ឺនក្បាលទៅ៥ម៉ឺនក្បាល(៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាល)ដែលរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជាង ៧០ ក្បាល។
តាមរយៈផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី អ្នកពាក់ព័ន្ធនៅកម្ពុជាបានអនុវត្តផែនការអភិរក្សតំបន់ការពារធម្មជាតិ ផ្តល់ទីជម្រក ប្រភពទឹក និងចំណីសម្រាប់សត្វដំរីរស់នៅ។
តែកត្តាគំរាមកំហែងមួយចំនួននៅតែមាន ជាពិសេសជម្លោះរវាងមនុស្ស និង ដំរី កើតចេញពីការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុសច្បាប់ បានប៉ះពាល់ដល់ទីជម្រករបស់សត្វដំរី និងកន្លែងដែលដំរីធ្លាប់រស់នៅនិងរកចំណី។ ប្រការនេះធ្វើឱ្យដំរី បង្ហាញរូបភាពតបតវិញ ដោយការជាន់កម្ទេចដំណាំដាំដុះរបស់ប្រជាពលរដ្ឋជាដើម។
ម្យ៉ាងទៀត ក្រសួងបានរកឃើញថា កូនដំរីព្រៃកំពុងទទួលរងការគំរាមកំហែងដដែរ ដោយសារតែការដាក់អន្ទាក់ និងការចាប់ដំរីព្រៃមកចិញ្ចឹម៕