ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ កម្មករនិយោជិតនៃរោងចក្រស្តារឡៃថ៍រាប់រយនាក់បាននាំគ្នាដើរដង្ហែរក្បួនទៅមុខសាលាស្រុកខ្សាច់កណ្តាលដើម្បីសុំកិច្ចអន្តរាគមន៍ឱ្យពួកគេឆាប់មានដំណោះស្រាយបានចូលធ្វើការវិញ។ ក្នុងដំណើរទៅតវ៉ាលើកនេះ ក្រុមកម្មករលើកឡើងថា ពួកគេចង់បន្ថូរបន្ថយស្ថានភាពតានតឹងខ្លះ ដោយស្នើឱ្យថៅកែរោងចក្រទម្លាក់តំណែងអ្នកគ្រប់គ្រងរោងចក្រមកត្រឹមតំណែងប្រធានរដ្ឋបាល ចំណែកតំណែងប្រធានរដ្ឋបាលធ្លាក់មកត្រឹមការងារជំនួយការក្នុងរោងចក្រ។ ការសុំបន្ថូរបន្ថយបែបនេះ ព្រោះសំណើសុំដកអ្នកគ្រប់គ្រងនិងប្រធានរដ្ឋបាលហាក់គ្មានដំណោះស្រាយនិងអូសបន្លាយពេលវេលាច្រើន។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍ពិស្តារ
ក្នុងការតវ៉ារបស់ក្រុមកម្មកររោងចក្រស្តារឡៃថ៍នៅមុខសាលាស្រុកខ្សាច់កណ្តាលនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមកម្មករបានប្រាប់សារព័ត៌មានថា ការចេញតវ៉ានិងលក្ខខណ្ឌនានាគឺកើតចេញពីស្មារតីរបស់កម្មករដែលឈឺចាប់នឹងការគាបសង្កត់ពីថ្នាក់ដឹកនាំក្នុងរោងចក្រ ពោលគឺពុំមែនកើតចេញពីការញុះញង់ពីខាងសហជីពណានោះឡើយ។
ក្រុមកម្មករបញ្ជាក់ទៀតថា ការតវ៉ាលើកនេះពួកស្នើឱ្យអាជ្ញាធរពិសេសថៅកែរោងចក្រអន្តរាគមន៍ទម្លាក់តំណែង លោក ម៉េង សុជាតិ ពីអ្នកគ្រប់គ្រងមកត្រឹមប្រធានរដ្ឋបាល និងទម្លាក់ប្រធានរដ្ឋបាលលោក ស៊ុន វាសនា មកជាជំនួយការក្នុងរោងចក្រវិញ។ ការស្នើដោយបន្ថូរបន្ថយបែបនេះ ព្រោះក្រុមកម្មករយល់ឃើញថា សំណើសុំដកអ្នកទាំងពីរចេញពីក្រុមហ៊ុនហាក់មានសភាពតានតឹងនិងបានអូសបន្លាយពេលជិតមួយខែ ខណៈអន្តរាគមន៍ដោះស្រាយពីអ្នកពាក់ព័ន្ធនានាហាក់គ្មានចេញលទ្ធផលជាដុំកំភួនសោះ។
សម្តីកម្មកររោងចក្រស្តាឡៃថ៍សុំមិនបញ្ចេញឈ្មោះ៖«ពួកខ្ញុំសុំថយមួយជំហានឱ្យខាងរោងចក្រថយមួយជំហាន គឺស្នើសុំឱ្យបញ្ឈប់តែម្នាក់ទេ តែបើមិនអាចបញ្ឈប់បាន សុំស្នើឱ្យបង សុជាតិ ថយមកជាប្រធានរដ្ឋបាលវិញ និងសុំឱ្យប្រធានរដ្ឋបាលហ្នឹងវាថយចុះមកក្រោមទៀតមក ហើយសុំឱ្យមានអ្នកគ្រប់គ្រងថ្មីចូលមក»។
ក្រុមកម្មកររោងចក្រស្តារឡៃថ៍ដែលបំរើការងារក្នុងនៅតំបន់ឧស្សាហកម្ម 7NG ស្ថិតក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានអះអាងថា ថ្នាក់ដឹកនាំរោងចក្រទាំងពីរខាងលើបានគាបសង្កត់កម្លាំងការងារកម្មករ ប្រើពាក្យសម្តីមិនសមរម្យ ពិសេសក្នុងដឹកនាំមានបក្ខពួកនិយម។ ជាងនេះទៀត ចាប់តាំងពីអ្នកទាំងពីរមកគ្រប់គ្រងការងារក្នុងរោងចក្រក៏ចាប់ផ្តើមថយហើយកម្មករត្រូវបានបញ្ឈប់និងព្យួរការងារជាបន្តបន្ទាប់។ ពួកគេសម្តែងក្តីព្រួយបារម្ភថា បើសិនជាលោក ម៉េង សុជាតិ និងលោក ស៊ុន វាសនា នៅតែគ្រប់គ្រងរោងចក្របន្តទៀតនោះការងារក្នុងរោងចក្រនឹងកាន់តែមានតិចទៅៗឈានទៅរកការបិទទ្វារតែម្តង។
ទាក់ទិនក្នុងរឿងនេះវិទ្យុពុំទាន់អាចសុំការឆ្លើយតបពីរដ្ឋបាលរោងចក្រនិងអភិបាលស្រុកខ្សាច់កណ្តាលបានទេនៅថ្ងៃនេះ ព្រោះទូរស័ព្ទគ្មានអ្នកទទួល។
តែយ៉ាងណាលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលធ្លាប់ប្រាប់វិទ្យុស្រ្តីថា បញ្ហាសុំដកអ្នកគ្រប់គ្រងនិងប្រធានរដ្ឋបាលត្រូវការការសម្រេចពីថៅកែរោងចក្រដែលបច្ចុប្បន្នកំពុងនៅបរទេស។
សូមរំលឹកថា ការចេញតវ៉ារបស់កម្មកររោងចក្រស្តារឡៃថ៍ស្ថិរនៅតំបន់ឧស្សាហកម្ម 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានអូសបន្លាយជិតមួយខែហើយ ដោយខាងកម្មករទាមទារលក្ខខណ្ឌចំនួន ៩ ចំណុចពីខាងរោងចក្រ។ ក្នុងចំណោមលក្ខខណ្ឌទាំង៩ចំណុចគឺត្រូវរូវគ្នាចំនួន ៨ចំណុចនៅសល់តែមួយចំនួនប៉ុណ្ណោះ។ មួយចំនួនដែលមិនទាន់សះជានៅឡើយនោះ គឺកម្មករស្នើឱ្យដកអ្នកគ្រប់គ្រងនិងប្រធានរដ្ឋបាលរោងចក្រចេញ ព្រោះរយៈពេលដែលបុគ្គលទាំងពីរនេះឡើងមកគ្រប់គ្រង គឺកម្មករបាត់បង់ការងារធ្វើជាបណ្តើរៗដោយកម្មករមួយចំនួនត្រូវបញ្ឈប់និងព្យួរការងារ។
សហជីពអំណាចយុវជនកម្ពុជាបញ្ជាក់ថា កម្មកររោងចក្រនេះមានចំនួនជាង៤ពាន់នាក់។ កន្លងមកចាប់តាំងពីអ្នកគ្រប់គ្រងនិងប្រធានរដ្ឋបាលថ្មីឡើងមកកាន់តំណែង កម្មករត្រូវបានបញ្ឈប់ពីការងារជាង៣០០នាក់និងកម្មករមួយចំនួនទៀតត្រូវបានព្យួរជាបន្តបន្ទាប់៕