ក្រុមកូដករបុគ្គលិក ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ប្រមាណ៤០នាក់ ដែលភាគច្រើនជាស្ត្រី បានប្រមូលផ្ដុំគ្នានៅមុខអគារកាស៊ីណូណាហ្គាវើលដ៍ជាថ្មីម្ដងទៀត នៅរសៀលថ្ងៃទី១៣ ខែមិថុនា ។ ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ក្រុមកូដករមកតវ៉ាស្ទើរមិនដែលលោះថ្ងៃ ដើម្បទាមទារសិទ្ធិការងារ និងបញ្ហាមួយចំនួនដែលថៅកែមិនទាន់បានដោះស្រាយ ។ លោក គីម ចាន់ចាវ រាយការណ៍
«លោក Tan Sri ចេញមកដោះស្រាយ លោក Tan Sri ចេញមក។ ថៅកែណាហ្គាវើលចេញមកដោះស្រាយ Mr. CHEN LIP KEONG ចេញមកដោះស្រាយ។ Tan Sri ចេញមកដោះស្រាយ បុគ្គិលតវ៉ា អត់យកចូលទេ តែរើសបុគ្គលិកថ្មីចូលរាល់ថ្ងៃ»
ជាមួយនឹងបដា និងរូបភាព ទាមទារដំណោះស្រាយ ដែលដូចនឹងការតវ៉ាកន្លងមក នៅក្នុងកូដកម្មលើកនេះ ក្រុមកូដករណាហ្គាវើលដ៍ ពួកគេឈរដង្ហែគ្នាពាក់វ៉ែនតាពណ៌ខ្មៅ យកប្រាក់លុយដុល្លាបិទពីលើម៉ាស ដែលគេកំពុងពាក់។សកម្មភាពបែបនេះត្រូវបានក្រុមកូដករពន្យល់ថាការយកលុយបិទលើម៉ាសមានន័យថាលុយបិទមាត់ និង កាន់រូបថតសខ្មៅ មានបូពណ៌សនៅពីលើ ក្នុងន័យកាន់ទុក្ខដល់ស្ថាប័នរដ្ឋនានា រួមមាន រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងការងារ ក្រសួងយុត្តិធម៌ និងសាលារាជធានីភ្នំពេញ ដែលពួកគេអះអាងថាស្ថាប័នរដ្ឋទាំងនេះ អសមត្ថភាពស្វែងរកយុត្តិធម៌ជូនកម្មករដែលមានបញ្ហា។ ម្យ៉ាងទៀតពួកគេពាក់វ៉ែនតាខ្មៅក្នុងការតវ៉ានេះ គឺក្រុមកូដករចង់បង្ហាញន័យថា ស្ថាប័នរដ្ឋទាំងនោះ មិនបើកភ្នែកមើលកម្មកររងទុក្ខវេទនា ដែលត្រូវបានថៅកែរំលោភសិទ្ធិការងារ។
«បុគ្គលិកណាហ្គាវើលដ៍បងអើយ២ឆ្នាំហើយ មិនទាន់មានដំណោះស្រាយទេ! ជិត២ឆ្នាំហើយអត់មានដំណោះស្រាយឱ្យកម្មករខ្មែរ ហើយមើលអគារគេ ខ្ញុំឆ្ងល់ថាក្រសួងការងាររួមទាំងស្ថាប័នរបស់រដ្ឋទាំងអស់ ហេតុអីឱ្យថៅកែណាហ្គាវើលដ៍គេបោកបានហា៎។ គេអត់ក្ស័យធនទេបង គេអត់ក្ស័យធនទេ ការបញ្ឈប់បុគ្គិលទ្រង់ទ្រាយធំនេះ គឺជាចេតនាពិតថៅកែណាហ្គាវើលដ៍ គេចង់គាស់រំលើងរចនាសម្ព័ន្ធសហជីពឯករាជ្យLRSU ដែលទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ និងការពារអត្ថប្រយោជន៍ឱ្យបងប្អូនកម្មករខ្មែរយើង ចឹងហើយទើបពួកខ្ញុំដែលជាកម្មករខ្មែរ ចេញមកតវ៉ា គឺដើម្បីឱ្យមានសហជីពឯករាជ្យ…»។
ក្រុមហ៊ុន ណាហ្គាខប (NagaCorp) បានបញ្ឈប់កម្មករចំនួន១ ៣០០នាក់ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនរងការចោទប្រកាន់ថាមានចេតនារំលាយសហជីព ដោយកំណត់គោលដៅលើមេដឹកនាំសហជីព ដែលកម្មករនិយាយថាគួរតែត្រូវបានការពារពីការបញ្ឈប់ពីការងារ។ ការតវ៉ារបស់កម្មករជាង១០០នាក់ បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយមានការចោទប្រកាន់ក្រុមហ៊ុនថា បានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជាសមាជិកសហជីព។ យ៉ាងណាក្រោយការតវ៉ានេះ ក៏មានកូដករមួយចំនួនបានងាកទៅចូលធ្វើការវិញផងដែរក្រោយការចរចាពីភាគីក្រុមហ៊ុន ប៉ុន្តែអ្នកនៅសេសសល់នៅតែបន្តសកម្មភាពតវ៉ាទាមទារមកដល់ពេលនេះ។
កាលពីពេលកន្លងទៅ រដ្ឋាភិបាលបានចេញសេចក្ដីប្រកាសមួយជុំវិញបញ្ហាវិវាទកូដករណាហ្គាវើលដ៍នេះ បញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការដោយមិនខ្លាចនឿយហត់ ក្នុងការដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុន ណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ។ លិខិតនោះបញ្ជាក់ថាក្រុមហ៊ុន ណាហ្គាវើល ត្រូវបានបង្ខំឱ្យកាត់បន្ថយបុគ្គលិករបស់ខ្លួន ដោយសារតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ មកលើឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ ក្រសួងបានផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដែលបានប៉ះពាល់ដោយសារការកាត់បន្ថយបុគ្គលិកនេះ ហើយអះអាងថាបានបន្តធានាថា ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតដែលត្រូវបានកាត់បន្ថយ ត្រូវបានធានា។
ពាក់ព័ន្ធនឹងការតវ៉ាលើវិវាទការងារកាស៊ីណូណាហ្គាវើលដ៍នេះ កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពណាហ្គាវើលដ៍ដែលធ្លាប់ដឹកនាំការតវ៉ានេះ កំពុងជាប់ពន្ធនាគារជាលើកទី២នៅឡើយបើគិតមកទល់នឹងខែមិថុនា ឆ្នាំ២០២៣នេះ មានរយៈពេលជិត៧ខែហើយ៕