តាមគេហទំព័រ USA Today Sports បានរាយការណ៍ថា កីឡាការិនី Tori Bowie ដែលជាអតីតម្ចាស់ជើងឯកពិភពលោក និងជាអតីតកីឡាការិនីរត់ប្រណាំងអូឡាំពិកដ៏ឆ្នើមមួយរូប បានទទួលមរណភាព អំឡុងពេលសម្រាលកូន។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមសារព័ត៌មាន The Guardian ចុះផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកស្រី Tori Bowie វ័យ ៣២ ឆ្នាំ មានសញ្ជាតិអាមេរិកាំង និងជាកីឡាការិនីរត់ប្រណាំងដ៏ឆ្នើមមួយរូប បានទទួលមរណភាពកាលពីខែឧសភាកន្លងទៅនេះ។ លោកស្រីបានចែកឋាននៅក្នុងគេហដ្ឋានរបស់លោកស្រីផ្ទាល់ ដែលស្ថិតនៅក្នុងទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា តាមរបាយការណ៍ធ្វើកោសល្យវិច័យពីការិយាល័យពិនិត្យសុខភាពរបស់ Orange County បានបង្ហាញឱ្យឃើញថា លោកស្រី Bowie កំពុងពរពោះទារកនៅក្នុងផ្ទៃបានរយៈពេល ៨ ខែហើយ ក៏ប៉ុន្តែជាអកុសលនៅអំឡុងពេលសម្រាក លោកស្រី Bowie បានដាច់ខ្យល់ស្លាប់ភ្លាមៗ។
ជាការកត់សម្គាល់ តាមប្រភពរបាយការណ៍បានគូសបញ្ជាក់បន្ថែមទៀតថា មូលហេតុចម្បងដែលធ្វើឱ្យលោកស្រីស្លាប់នោះ គឺលោកស្រីកើតមានជំងឺផ្លូវដង្ហើម និងជំងឺក្រឡាភ្លើង អំឡុងពេលមានផ្ទៃពោះ។ បើតាមអ្នកជំនាញបាននិយាយថា ជំងឺក្រឡាភ្លើង គឺជាជំងឺដ៏កម្រមួយ ដែលអាចបណ្តាលឱ្យអ្នកជំងឺប្រកាច់ និងដាច់សរសៃឈាមខួរក្បាល។
ដោយឡែក បើតាមគេហទំព័រ Black Entertainment Television បានបង្ហោះនៅលើបណ្តាសង្គម Twitter ថា ហេតុការណ៍ខាងលើនេះកំពុងឆ្លុះបញ្ចាំងពីផលលំបាករបស់ស្ត្រីមានផ្ទៃពោះ ដែលមានស្បែកខ្មៅនៅសហរដ្ឋអាមេរិក។ គេហទំព័រនេះបន្តថា ស្ត្រីស្បែកខ្មៅកើតនៅសហរដ្ឋអាមេរិកមានអត្រាខ្ពស់នៃការកើតមានជំងឺក្រឡាភ្លើងជាជាងមនុស្សដែលមានសម្បុរស និងជាតិសាសន៍ដទៃ។
ទន្ទឹមគ្នានេះដែរ គេហទំព័រ Black Entertainment Television បានបើកបង្ហាញថា ស្រ្តីស្បែកខ្មៅប្រឈមនឹងហានិភ័យខ្ពស់នៃអត្រាអ្នកស្លាប់ក្នុងពេលពរពោះ ក៏ព្រោះតែស្រ្តីទាំងនេះមានភាពតានតឹង ជាពិសេសសេវាថែទាំសុខភាពហាក់មានភាពលំអៀងជាខ្លាំងចំពោះស្រ្តីស្បែកខ្មៅនៅក្នុងសហរដ្ឋអាមេរិក។
សូមជម្រាបថា កីឡាការិនី Tori Bowie បានឈ្នះមេដាយមាសចំនួនបីនៅលើឆាកអន្តរជាតិ ដែលតំណាងឱ្យសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៦ កីឡាការិនីរូបនេះបានចូលរួមប្រកួតជាលើកដំបូងនៅក្នុងវិញ្ញាសារត់ជាក្រុមបណ្ដាក់គ្នា ៤x១00 ម៉ែត្រ ដែលតំណាងឱ្យសហរដ្ឋអាមេរិក នៅកីឡាអូឡាំពិកឆ្នាំ២០១៦។នៅក្នុងឆ្នាំដដែលនេះ កីឡាការិនី Bowie ទទួលបានមេដាយមាស មេដាយប្រាក់ និងសំរឹទ្ធិ នៅក្នុងព្រឹត្តិការណ៍ប្រកួត Rio Game ២០១៦។ ចំណែកឯឆ្នាំ២០២២កន្លងទៅនេះ កីឡការិនីរត់ចម្ងាយជិតនេះបានឈ្នះមេដាយជើងឯកពិភពលោក៕
ប្រភព៖ The Guardian ចុះថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣