en     km
en     km

ប្រជាពលរដ្ឋ​ជិត​ ៤០​ នាក់​ នោម​ចេញ​ឈាម ​សង្ស័យ​ថាពុល​ទឹកក្រូច ​នៅ​ក្នុងស្រុក​បាកាន​ ខេត្តពោធិ៍សាត់​

Share

រូបតំណាង
រូបតំណាង

ខេត្តពោធិ៍សាត់៖  ប្រជាពលរដ្ឋ​ជិត​ ៤០​ នាក់​ មាន​អាកា​រៈ​ចុកពោះ​ ក្អួតចង្អោរ​ និង​អ្នកខ្លះ​ទៀត​នោម​ចេញ​ឈាម​ សង្ស័យ​ថា​ ពុល​ទឹកក្រូច​កូកាកូឡា​ ស្ថិត​នៅ​ក្នុង​ឃុំ​តា​លោ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​ ២០១៥​នេះ​។​

​លោក​ ធូ​ វី​រៈ​ លម្អិត​ព័ត៌មាន​នេះ​៖

​មន្ត្រី​នគរបាល​ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ បានឱ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ មាន​ប្រជាពលរដ្ឋ​ចំនួន​ ៣៥​ នាក់​ មាន​អាកា​រៈ​ចុកពោះ​ ក្អួតចង្អោរ​ និង​នោម​ចេញ​ឈាម​។​

​អធិការ​ស្រុក​បាកាន​ លោក​ នាង​ វ៉ុ​ន​ បានឱ្យ​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ដឹង​នៅ​ថ្ងៃ​សុក្រ​ ទី​២៥​ ខែធ្នូ​ នេះ​ថា​ ជា​ជំហាន​ដំបូង​អាជ្ញាធរ​សង្ស័យ​ថា​ អាកា​រៈ​ចុកពោះ​ ក្អួតចង្អោ​ រ​និង​នោម​ចេញ​ឈាម​នោះ​ អាច​បណ្ដាល​មក​ពី​ការ​ពុល​ទឹកក្រូច​កូកាកូឡា​ ដែល​ប្រជា​ព​រដ្ឋ​បាន​ទទួលទាន​នៅ​ក្នុង​ពិធីសែនព្រេន​ប្ដី​ប្រពន្ធ​ ១​ គូ​ នៅ​ក្នុងភូមិ​ កាលពី​ថ្ងៃ​ទី​២១​ ធ្នូ​ កន្លង​មក​។​

​លោក​អធិការ​ស្រុក​រូប​នេះ​បន្ត​ថា​ រហូត​មក​ដល់​ពេល​នេះ​ អាជ្ញាធរ​ជំនាញ​កំពុងធ្វើការ​ពិនិត្យ​រក​មូលហេតុ​ឱ្យ​ពិតប្រាកដ​ផង​ដែរ​។​

​លោក​ នាង​ វ៉ុ​ន​ មាន​ប្រសាសន៍​ថា​៖​ «​ក្រុម​គ្រូពេទ្យ​ និង​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ​សិន​ វា​មិន​ទាន់​និយាយ​បាន​ថា​ ពុល​បណ្តាល​មក​ពី​ទឹកក្រូច​ទេ​»​។​

​ជុំវិញ​ការ​បញ្ហា​ប្រជាពលរដ្ឋ​ស្រុក​បាកាន​ មាន​អាកា​រៈ​ពុល​នេះ​ គ្រូពេទ្យ​ប្រចាំ​ស្រុក​បាកាន​ លោក​ មូល​ កោ​សិន្ទ​ បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៥​ ខែធ្នូ​ នេះ​ មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ ដោយ​សង្ស័យ​ពុល​ទឹកក្រូច​ កូកាកូឡា​នេះ​ មាន​ចំនួន​៣៨​នាក់​។​ លោក​បន្ត​ថា​ មាន​អ្នកជំងឺ​ចំនួន​៦​ នាក់​ ដោយសារ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ ត្រូវ​បាន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​។​

​លោក​ កោ​សិន្ទ​ បន្ត​ថា​ រហូត​មក​ពេល​នេះ​ លោក​ក៏​មិន​អាច​បញ្ជាក់​បាន​ថា​ ពលរដ្ឋ​ទាំងនោះ​ មាន​អាកា​រៈ​ចុកពោះ​ ក្អួតចង្អោរ​ និង​នោម​ចេញ​ឈាម​ បណ្ដាល​មក​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ​នៅឡើយ​ទេ​ ព្រោះ​កំពុង​តែ​ធ្វើការ​ពិនិត្យ​នៅឡើយ​។​

​លោក​ មូល​ កោ​សិន្ទ​ និយាយ​ថា​៖​ «​ឥឡូវនេះ​ មាន​ប្រជាពលរដ្ឋ​ទាំង​ចាស់​ ទាំង​ក្មេង​មាន​ចំនួន​ ៣៨​ នាក់​ កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​បាកាន​។​ ដោយឡែក​ ពលរដ្ឋ​ចំនួន​៦​ នាក់​ ផ្សេង​ទៀត​ បា​នប​ញ្ចូ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោ​សា​ធិ៍​សាត់​ ដោយ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ជាងគេ​»​។​

​សូម​បញ្ជាក់​ថា​ ករណី​ស្រ​ដៀង​គ្នា​នេះ​ដែរ​ កាលពី​ពេល​ថ្មីៗ​នេះ​ ប្រជាពលរដ្ឋ​ ៧​ នាក់​ បាន​ស្លាប់​ និង​ជាង​ ៤០​ នាក់​ទៀត​ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​អ្នក​ភូមិ​បាន​បរិភោគ​សាច់​ឆ្កែ​ និង​ស្រា​ នៅ​ក្នុង​ពិធី​បុណ្យសព​មួយ​ស្ថិត​នៅ​ក្នុងស្រុក​ស្នួល​ ខេត្តក្រចេះ​។​

​ដូច​គ្នា​នេះ​ដែរ​ កាលពី​កំឡុង​ខែ​ វិច្ឆិកា​កន្លង​មក​មាន​ពលរដ្ឋ​ ២​ នាក់​ស្លាប់​ និង​ជាង​ ៣០​ នាក់​ ទៀត​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​សំបូរ​ ដោយ​សង្ស័យ​ថា​ពុល​ស្រាស​ ដែល​ពួក​គេ​បាន​ផឹក​កំដរ​បុណ្យ​មួយ​ក្នុងភូមិ​៕

Share

ព័ត៌មានទាក់ទង

Image