en     km
en     km

កូដករណាហ្គាវើលដ៍ បន្តទាមទារដំណោះស្រាយ ដោយអះអាងថាជាវិវាទឆ្នាំងបាយ

Share

ក្រុមកូដករ ជាអតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រី បាននាំគ្នាបន្តធ្វើកូដកម្ម ដើម្បីទាមទារដំណោះស្រាយ ជុំវិញវិវាទការងារ ដែលបានអូសបន្លាយពេលជាងមួយឆ្នាំកន្លះមកហើយ។ ពួកគេបានយកឆត្រចំនួន៨ ផ្គុំចេញជាអក្សរ ដែលមានន័យទាមទាមទារឱ្យ សង្គ្រោះ សហជីពLRSU ដែលថៅកែរំលាយ។ ជាមួយគ្នានេះពួកគេស្នើឱ្យក្រសួងការងារជួយអន្តរាគមន៍លើវិវាទនេះ និងទាមទារឱ្យដោះលែងប្រធានសហជីពរបស់ខ្លួនដែលជាប់ពន្ធនាគារពាក់ព័ន្ធនឹងការតវ៉ារឿងនេះកន្លងមក ត្បិតវិវាទនេះជាវិវាទដុំបាយ។ លោក គីម ចាន់ចាវ រាយការណ៍

 

ក្រុមកូដករ អតីតបុគ្គលិក ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ប្រមាណ ៣០នាក់ បានប្រមូលផ្ដុំគ្នានៅមុខអគារកាស៊ីណូណាហ្គាវើលដ៍ជាថ្មីម្ដងទៀត នៅរសៀលថ្ងៃទី១២ ខែមិថុនា ដើម្បទាមទារសិទ្ធិការងារ។ ជាមួយនឹងបដា និងរូបភាព ទាមទារដំណោះស្រាយ ដែលដូចនឹងការតវ៉ាកន្លងមក នៅក្នុងកូដកម្មលើកនេះ ក្រុមកូដករណាហ្គាវើលដ៍ បានយកឆត្រចំនួន៨ ដើម្បីលើកបង្ហាញ ដែលលើឆត្រនីមួយៗ មានមួយតួរអក្សរអង់គ្លេស ដែលផ្គុំចេញជាពាក្យថា SAVE LRSU ដែលមានន័យទាមទាមទារឱ្យ សង្គ្រោះ សហជីពLRSU ដែលថៅកែរំលាយ។ ស្រីកូដករម្នាក់ គឺកញ្ញា ម៉ម សុវឌ្ឍិន បានឱ្យដឹងថា អត្ថនយ័ដែលយកឆត្រ័ផ្គុំជាអក្សរមាននយ័ថាឆត្រ័(ពណ៌ខៀវតំណាងអោយសហជីពLRSU )អាចបាំងកំដៅអាចបាំងភ្លៀងប្រៀបបីដូច ជាវត្តមានសហជីព គឺការពារកម្មករនិងស្វែងរកអត្ថប្រយោជន៍ពិតប្រាកដជូនកម្មករ វាឆ្លុះបញ្ចាំងពីការធ្វើទុក្ខបុកម្នេញមកលើ តំណាងសហជីព និងសមាជិកសហជីព មិនត្រឹមតែនៅណាហ្គាទេ គឺកន្លែងផ្សេងផងដែរ។

ស្ត្រីកូដករទាមទារសិទ្ធិរូបនេះ បន្តថាឥលូវនេះមានការបញ្ឈប់កម្មករណាដែលហ៊ានបង្កើតសហជីព ឬ ចាប់ផ្តើមបញ្ឈប់សហជីពតាមបណ្តារោងចក្រ ដែលគេយកគំរូតាមណាហ្គាវើលដ៍។

«គេជាជនជាតិគេ ជាជនជាតិម៉ាឡេស៊ីមករកស៊ីស្រុកខ្មែរកៀបសង្កត់កម្មករខ្មែរហេតុអីអត់ចេះជួយគ្នា ហេតុអីឈរមើល? អត់ទាន់ចំអញអត់អី! មិនមែនទេ គិតចឹងខុសហើយ វាគង់តែដល់ពេលទេគ្រាន់ថា គេរំលាយពួកខ្ញុំមិនទាន់បានសម្រេច គេនៅហ៍ឱ្យហា៎ អត្ថប្រយោជន៍អាចគេហៅថាPersonal Tip។ កាលពីមុនមកដែលមានទេ? អត់ដែលមានទេPersonal Tip នៅតាមបណ្ដាកាស៊ីណូ ប៉ុន្តែណាហ្គាអាចធ្វើបានក្នុងពេលដែលកម្មករកំពុងចេញមកធ្វើកូដកម្ម»

ទោះយ៉ាងណា​ ក៏មានដែរកម្មការិនី ដែលឈឺឆ្អាលនឹងបញ្ហារួម។ អ្នកស្រី សុខ ដាលី ប្រធានផ្នែកTable Game ​ ដែលមិនមានឈ្មោះបញ្ឈប់ពីការងារ ប៉ុន្តែអ្នកស្រីស្ម័គ្រចិត្តចូលរួមតវ៉ាជាមួយសហជីពLRSUដើម្បីសិទ្ធិការងាររួមគ្នា និងទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ។ អ្នកស្រីសុខចិត្តមកតវ៉ា ហើយឆ្លៀតពេលធ្វើការស៊ីឈ្នួលបោសសម្អាតតាមផ្ទះឱ្យគេ។ អ្នកស្រីចេញមកតវ៉ានេះ ដោយចង់ឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ដោយអះអាងថា ទាំងអ្នកស្រី និងកូដករដ៏ទៃទៀតសុទ្ធតែស្ម័គ្រចិត្តចេញមកតវ៉ាទាមទារសិទ្ធិការងារ មិនមែនដោយការញុះញង់របស់កញ្ញា ឈឹម ស៊ីថរ ដែលជាប្រធានសហជីពឡើយ។

«សំណូមពរឱ្យលោកថៅកែ ដោះស្រាយឱ្យបុគ្គលិកកម្មករដែលនៅប៉ុន្មានសេសសល់ខាងក្រៅ ឱ្យបានចូលធ្វើការវិញនេះ! រហេមរហាមដាច់ខ្យល់ហើយ រកតែមួយរយមួយរៀលស៊ីចាយមិនបានទេ! ដើរលៀងចានជូនផ្ទះឱ្យគេរាល់ថ្ងៃនេះ មានអ្នក​ឱ្យបើមិនដើររកខ្លួនឯង។ សុំដោះលែងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរទៅ គាត់អត់មានញុះញង់ដល់បុគ្គលិក នៅក្នុងណាហ្គាហ្នឹងទេ គឺពួកខ្ញុំស្ម័គ្រចិត្តផ្ដិតមេដៃធ្វើកូដកម្មដើម្បីឱ្យថៅកែ កុំរើសអើងសហជីពពេក…»

ក្រុមហ៊ុន ណាហ្គាខប (NagaCorp) បានបញ្ឈប់កម្មករចំនួន១ ៣០០នាក់ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនរងការចោទប្រកាន់ថាមានចេតនារំលាយសហជីព ដោយកំណត់គោលដៅលើមេដឹកនាំសហជីព ដែលកម្មករនិយាយថាគួរតែត្រូវបានការពារពីការបញ្ឈប់ពីការងារ។ ការតវ៉ារបស់កម្មករជាង១០០នាក់   បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយមានការចោទប្រកាន់ក្រុមហ៊ុនថា បានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជាសមាជិកសហជីព។ យ៉ាងណាក្រោយការតវ៉ានេះ ក៏មានកូដករមួយចំនួនបានងាកទៅចូលធ្វើការវិញផងដែរក្រោយការចរចាពីភាគីក្រុមហ៊ុន ប៉ុន្តែអ្នកនៅសេសសល់នៅតែបន្តសកម្មភាព​តវ៉ាទាមទារមកដល់ពេលនេះ។

កាលពីពេលកន្លងទៅ រដ្ឋាភិបាលបានចេញសេចក្ដីប្រកាសមួយជុំវិញបញ្ហាវិវាទកូដករណាហ្គាវើលដ៍នេះ បញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការដោយមិនខ្លាចនឿយហត់ ក្នុងការដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុន ណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ។ លិខិតនោះបញ្ជាក់ថាក្រុមហ៊ុន ណាហ្គាវើល ត្រូវបានបង្ខំឱ្យកាត់បន្ថយបុគ្គលិករបស់ខ្លួន ដោយសារតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ មកលើឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ ក្រសួងបានផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដែលបានប៉ះពាល់ដោយសារការកាត់បន្ថយបុគ្គលិកនេះ ហើយអះអាងថាបានបន្តធានាថា ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតដែលត្រូវបានកាត់បន្ថយ ត្រូវបានធានា។

ពាក់ព័ន្ធនឹងការតវ៉ាលើវិវាទការងារកាស៊ីណូណាហ្គាវើលដ៍នេះ កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពណាហ្គាវើលដ៍ដែលធ្លាប់ដឹកនាំការតវ៉ានេះ កំពុងជាប់ពន្ធនាគារជាលើកទី២នៅឡើយបើគិតមកទល់នឹងខែមិថុនា ឆ្នាំ២០២៣នេះ មានរយៈពេលជិត៧ខែហើយ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង