en     km
en     km

ចំនួន​អ្នក​ស្លាប់​ដោយ​ការ​បាញ់​ប្រហារ​នៅ​វៀតណាម​កើន​ដល់​៩​នាក់

Share

 

ហាណូយ៖ អាជ្ញាធរវៀតណាមបាននិយាយកាលពីថ្ងៃចន្ទ ទី១២ មិថុនាឆ្នាំ២០២៣ ថាចំនួនអ្នកស្លាប់ដោយការវាយប្រហារប្រដាប់អាវុធលើទីស្នាក់ការប៉ូលិសបានកើនឡើង៩នាក់ ក្នុងនោះមានមន្ត្រី៤នាក់ផងដែរ។

យោងតាមគេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈវៀតណាមបានឱ្យដឹងថាមនុស្ស ២៦នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់ប្រហារប្រដាប់អាវុធដ៏កម្រនៅព្រឹកថ្ងៃអាទិត្យទី១១ខែមិថុនានៅស្រុកCu Kuin នៃខេត្ត Dak Lak ប្រទេសវៀតណាម។គេហទំព័រនេះបានផ្សាយថា«នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានជនមួយក្រុមជិះម៉ូតូប្រដាប់ដោយប្រើកាំភ្លើង និងអាវុធគ្រោះថ្នាក់ផ្សេងទៀត បានវាយប្រហារទីស្នាក់ការគណៈកម្មាធិការប្រជាជន និងការិយាល័យនគរបាលក្នុងឃុំអៀទៀវ និងឃុំអៀគរ»។

គេហទំព័រនេះបានបន្ថែមថា មន្ត្រីប៉ូលីស៤នាក់ មន្ត្រីមូលដ្ឋាន២នាក់ និងជនស៊ីវិល ៣ នាក់បានស្លាប់ខណៈដែលមន្ត្រីប៉ូលីស២នាក់ទៀតបានរងរបួសធ្ងន់។នៅពេលនេះប៉ូលិសវៀតណាម​កំពុង​តាម​រក​ជន​សង្ស័យ​បន្ថែម​ទៀត។ក្រសួងសន្តិសុខសាធារណៈវៀតណាមបានរាយការណ៍ថា មនុស្សពីរនាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមអ្នកវាយប្រហារត្រូវបានដោះលែង ហើយមនុស្សម្នាក់ទៀតបានរត់គេចខ្លួន។

សូមជម្រាបផងដែរថាតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម ជាតំបន់ជនជាតិភាគតិចមួយចំនួនរស់នៅនិងជាតំបន់រសើបសម្រាប់រដ្ឋាភិបាលផ្តាច់ការវៀតណាម ហើយបានក្លាយជាកន្លែងក្តៅគគុកដែលជនជាតិភាគតិចទាំងនោះមិនសប្បាយចិត្តជាយូរណាស់មកហើយទាក់ទងនឹងបញ្ហាជាច្រើនរួមទាំងសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគេផងដែរ។

កុលសម្ព័ន្ធជនជាតិភាគតិចមួយចំនួននៅក្នុងតំបន់នេះ ត្រូវបានគេស្គាល់ថាជាក្រុមម៉ុងតាញ៉ា ស្ថិតនៅវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសង្រ្គាមវៀតណាម។ អ្នកខ្លះកំពុងអំពាវនាវឱ្យមានស្វ័យភាពទៀតផង ខណៈពេលដែលក្រុមខ្លះទៀតដែលរស់នៅបរទេសបានតស៊ូមតិទាមទារឯករាជ្យសម្រាប់តំបន់ក្រុមជនជាតិភាគតិចទាំងនោះ។

អំពើហឹង្សាប្រដាប់អាវុធគឺជារឿងចម្លែកបំផុតនៅក្នុងប្រទេសវៀតណាម ដោយហេតុថាសម្រាប់ពលរដ្ឋស៊ីវិលវៀតណាមការកាន់កាប់អាវុធគឺខុសនឹងច្បាប់រដ្ឋ ហើយទីផ្សារងងឹតការជួញដូរអាវុធក៍មិនសូវមានដែរ។

សូមរំឮកផងដែរថាកាលពីខែមករាឆ្នាំ ២០២០ មានមនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់នៅសង្វៀនជល់មាន់ខុសច្បាប់នៅជាយក្រុងហូជីមិញ។មានព្រឹត្តិការណ៍បាញ់ប្រហារដ៏កម្រមួយទៀតកាលពីឆ្នាំ២០១៦មន្ត្រីជាន់ខ្ពស់២នាក់នៅខេត្ត Yen Bai ភាគខាងជើងត្រូវបានសម្លាប់ដោយសហការីនៅការិយាល័យរបស់ពួកគេ បន្ទាប់មកខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង៕

ប្រភព៖ C N A ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image