រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់រង្វាន់ជូនមន្ត្រីកងកម្លាំងប្រដាប់អាវុធដែលបង្ក្រាបបទល្មើសនៅតាមមូលដ្ឋានខ្លួនកន្លងមកចំនួន ២៧០ លានរៀល។
យោងលិខិតរបស់សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ញើជូនអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា កាលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥ មានខ្លឹមសារថា សម្ដេចបានសង្កេតឃើញថា កងកម្លាំងប្រដាប់អាវុធ ដែលមានកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថបានខិតខំយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើស រហូតឈានទៅដល់ការចាប់បានមុខសញ្ញាតូចធំនៅតាមមូលដ្ឋានរបស់ខ្លួនគួរឱ្យកត់សម្គាល់ គឺនៅរាជធានីភ្នំពេញ បាត់ដំបង កំពង់ធំ និងពោធិ៍សាត់។
លិខិតបន្តថា ក្រសួងផ្តល់រង្វាន់ជាថវិកាដល់ថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធ ក្នុងនោះអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបានចំនួន ៨០ លានរៀល បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៤០ លានរៀល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ៤០ លានរៀល ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន ៤០ លានរៀល ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចំនួន ៤០ លានរៀល និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចំនួន ៣០ លានរៀល។
លិខិតបញ្ជាក់ថា ការផ្តល់រង្វាន់នេះជាការលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបង្ក្រាបបទល្មើស ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕