ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH) បង្ហាញការព្រួយបារម្ភជាខ្លាំង ក្រោយពីបានអង្កេតជាប្រចាំរកឃើញថា នៅតាមបណ្តាញសង្គមដូចជាFacebook, Tik Tok និងTelegram មានការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកឬវេបនៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការដែលធ្វើការផ្នែកសុខភាពថ្នាំជក់មួយនេះ បញ្ជាក់ថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុតចំពោះយុវជន និងកុមារ។ លោក គីម ចាន់ចាវ រាយការណ៍
ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកឬវេប នៅតែបន្តកើនឡើងតាមរយៈបណ្តាញសង្គមដូចជា Facebook Tik Tok និងTelegramជាដើម ដែលការផ្សព្វផ្សាយលក់នេះ មានផ្សារភ្ជាប់ជាមួយការបង្ហោះជារូបភាព ឬវីដេអូទាក់ទាញឱ្យមានការប្រើប្រាស់ ជាពិសេសក្នុងចំណោមយុវជន និងកុមារ។
គិតត្រឹម៦ខែចុងក្រោយនេះ កំណើននៃការលក់និងផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកឬវេប កើនឡើង៣ដងបើធៀបនឹងខែធ្នូ ឆ្នាំ២០២២១ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានចុះចាប់ និងធ្វើកិច្ចសន្យាកន្លងមកក៏ដោយ។ នេះបើយោងតាមការអង្កេតត្រួតពិនិត្យជាប្រចាំរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH) បានបង្ហាញក្នុងសិក្ខាសាលាស្ដីពីបារីអេឡិចត្រូនិកនៅរដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។
ជាការកត់សម្គាល់ រដ្ឋបាលខេតព្រះសីហនុ ជាខេត្តដែលបានប្រកាសយ៉ាងផុសផុលក្នុងការបង្ក្រាបទប់ស្កាត់ការជួញដូរ និងប្រើប្រាស់បារីអេឡិកត្រូនិកនេះ ក៏ប៉ុន្តែគេនៅតែសង្កេតឃើញថា ចរន្តនៃការផ្សព្វផ្សាយ លក់បារីប្រភេទទំនើបនេះ នៅតែកើតមាននៅឡើយ។
តាមអង្គការ CMH បញ្ជាក់ថា ដើម្បីបង្ការកុមារ និងយុវជនកុំឱ្យចាប់ផ្ដើមប្រើប្រាស់ ឬបញ្ឍប់ការប្រើប្រាស់បារីអេឡិចត្រូនិក អាជ្ញាធរពាក់ព័ន្ធគួរតែមានយន្តការផ្លូវច្បាប់បន្ថែម ដើម្បីដាក់ទោសទណ្ឌដល់អ្នកលក់បារីអេឡិចត្រូនិក និងអន្តរាគមន៍លើការហាមឃាត់ការនាំចូលបារីអេឡិចត្រូនិក ពីព្រោះថា បើគ្មានការនាំចូលក៏គ្មានការប្រើប្រាស់ដែរ។
លទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់ ចែកចាយ និងជួញដូរបារីអេឡិចត្រូនិកនៅក្នុងសាលារៀន បង្ហាញថា យុវជន និងកុមារ ដែលជាសិស្សភាគច្រើន បានឃើញ បានស្គាល់ ជាពិសេសបានទិញបារីអេឡិចត្រូនិក (Vape) មកប្រើប្រាស់ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម។
ដូច្នេះ វត្តមាននៃការផ្សព្វផ្សាយលក់ ក៏ដូចជាការបង្ហាញអំពីការប្រើប្រាស់បារីអេឡិចត្រូនិកនៅតាមបណ្ដាញទំនាក់ទំនងសង្គម ដូចជា Facebook Tik Tok និង Telegram ជាដើមនេះ គឺពិតជាជះឥទ្ធិពលយ៉ាងអាក្រក់ចំពោះយុវជន និងកុមារ និងឈានដល់ការបំផ្លាញអនាគតពួកគេ។ ការសិក្សាខាងលើឱ្យដឹងបន្តថា យុវជន និងកុមារជាអនាគតធនធានមនុស្សរបស់ប្រទេសជាតិ ហើយពួកគេគួរតែត្រូវបានការពារ កុំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះដែលបង្កដោយបារីអេឡិចត្រូនិក។
ផលិតផលបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី (HTPs) ត្រូវបានហាមឃាត់ប្រើប្រាស់ ចែកចាយ ធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីណែនាំស្ដីពីការចាត់វិធានការបង្ការបញ្ឈប់ការប្រើប្រាស់ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) ចុះនៅឆ្នាំ២០១៤ និងឆ្នាំ២០២១។
អង្គការ CMH ចាត់ទុកបារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត ដោយសារផ្ទុកជាតិនីកូទីនដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំងជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញា ស្មារតី និងប្រាជ្ញារបស់កុមារផងដែរ។ ចំពោះយុវជននីកូទីនធ្វើឱ្យមានការចងចាំមិនល្អភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារនិងការរៀនសូត្ររបស់ពួកគេ។ ចំណែកសារធាតុផ្សេងទៀតដូចជាប្រូពីលែនគ្លីកូល(Propylene glycol) និង គ្លីសេរីន(Glycerin) ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួតនិងបេះដូង៕