en     km
en     km

ព្យុះស៊ីក្លូនកម្រិតខ្លាំងនឹងបោកបក់លើប្រទេសឥណ្ឌានិងប៉ាគីស្ថានក្នុងសប្តាហ៍នេះ

Share

នាយកដ្ឋានអាកាសធាតុនៅប្រទេសឥណ្ឌាបានរាយការណ៍ថា នៅក្នុងសប្តាហ៍នេះ ព្យុះស៊ីក្លូនអាចនឹងវាយប្រហារនៅរដ្ឋ Gujarat ភាគខាងលិចរបស់ប្រទេសឥណ្ឌា និងតំបន់មួយចំនួនទៀតនៅភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន។
(កញ្ញា កែវ សុជាតា រាយការណ៍)
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឱ្យដឹងថា ព្យុះស៊ីក្លូននេះមានឈ្មោះ Biparjoy មានកម្រិតបក់បោកខ្លាំងក្លាបំផុតមួយក្នុងចំណោមព្យុះស៊ីក្លូនដទៃ។ មន្រ្តីឧតុនិយមចាត់ថា ព្យុះនេះជាប្រភេទព្យុះស៊ីក្លូនលំដាប់ទី២ ដែលប្រើប្រាស់ដើម្បីបែងចែកក្រុមព្យុះត្រូពិច។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia(CNA)។
នាយកដ្ឋានឧតុនិយមឥណ្ឌាបានបញ្ជាក់បន្ថែមថា ព្យុះនេះមានខ្យល់ល្បឿនអតិបរមាពី ១២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដល់ ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចបក់បោករហូតដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នាយកដ្ឋានឧតុនិយមខាងលើ គូសបង្ហាញថា ព្យុះស៊ីក្លូន Biparjoy នឹងអាចបោកបក់មកកាន់ឆ្នេរ Mandvi ក្នុងរដ្ឋ Gujarat នៃប្រទេសឥណ្ឌា រួចបន្តបោកបក់ទៅកាន់ទីក្រុង Karachi របស់ប្រទេសប៉ាគីស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។


យ៉ាងណាមិញ ការិយាល័យអាកាសធាតុបានណែនាំឱ្យភ្ញៀវទេសចរផ្អាកទៅកម្សាន្តនៅក្នុងតំបន់ឆ្នេរ Gujarat មួយរយៈសិន។ ចំណែកឯសហគមន៍នេសាទគួរតែបញ្ឈប់ការទៅបង់សំណាញ់ ឬចេញទូកទៅនេសាទនៅប៉ុន្មានសប្តាហ៍នេះ ជាពិសេសប្រជាជនគួរតែជម្លៀសខ្លួនចេញពីតំបន់ឆ្នេរនៃតំបន់ Saurashtra និងតំបន់ Kutch នៃរដ្ឋ Gujarat របស់ប្រទេសឥណ្ឌាបានឱ្យឆាប់កាន់តែល្អប្រសើរ។
មេដឹកនាំរដ្ឋ Gujarat លោក Bhupendra Patel បានបង្ហោះសារនៅក្នុង twitter របស់លោកថា លោកកំពុងពង្រាយកងកម្លាំងចំនួន ២ក្រុមធំៗ ដោយក្នុងមួយក្រុមមានចំនួន ៧ក្រុមតូចៗ ឈរជើងសម្រាប់ការពារ និងត្រៀមខ្លួនជាស្រេចដើម្បីតតាំងនឹងគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌា។ រីឯក្រុមមួយផ្សេងទៀតមានចំនួន ១២ ក្រុមតូចៗ ទុកសម្រាប់ការពារគ្រោះមហន្តរាយដែលអាចកើតមាននៅក្នុងរដ្ឋ។
មន្ត្រីការិយាល័យអាកាសធាតុម្នាក់សុំមិនបញ្ចេញឈ្មោះបានវិភាគថា បណ្តាស្រុកនៅព័ទ្ធជុំវិញឆ្នេរសមុទ្រ Gujarat នឹងរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងរងខ្យល់បក់បោកជាទម្ងន់។ ដ្បិតតែប្រជាជនដែលរស់នៅទីនោះមិនសូវមានច្រើនគ្រួសារក៏ពិតមែន ក៏ប៉ុន្តែតំបន់ទាំងនេះក៏នឹងរងការខូចខាតខ្លាំងផងដែរ។
សូមរំលឹកថា កាលពីឆ្នាំ១៩៩៨ ព្យុះស៊ីក្លូនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤,000 នាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលធ្វើឱ្យប្រទេសឥណ្ឌាត្រូវខាតបង់ថវិការាប់រយលានដុល្លារអាមេរិក៕

ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image