en     km
en     km

គណៈកម្មាធិការរៀបចំស៊ីហ្គេមប្រតិកម្មមន្ត្រីបក្សភ្លើងទៀនម្នាក់ដែលរិះគន់ការរៀបចំកីឡាស៊ីហ្គេម

Share

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(គ.ជ.ប.អ) បានចាត់ទុកការរិះគន់របស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ស ឡុងដេត ថាជាការបំផ្លើសក្នុងគោលបំណងចំណេញខាងនយោបាយ ដែលត្រូវថ្កោលទោសយ៉ាងដាច់អង្ហការ។ ការរិះគន់របស់លោក ស ឡុងដេត កើតឡើងក្នុងកិច្ចប្រជុំក្រុមរបស់លោកក្នុងបន្ទប់ប្រជុំបក្ស នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

លោក គីម ចាន់ចាវ រាយការណ៍

 

តាមរយៈសេចក្ដីប្រកាសព័ត៌មាន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(គ.ជ.ប.អ) បានប្រតិកម្មយ៉ាងខ្លាំងទៅនឹងលោក ស ឡុងដេត អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនរាជធានីភ្នំពេញ ដែលបាននិយាយនៅក្នុងកិច្ចប្រជុំរបស់ខ្លួនមួយថា«ស៊ីហ្គេម(ដែលរៀបចំដោយគ.ជ.ប.អ)ទាំងមូល មិនដែលបានបង្ហាញអំពីវប្បធម៌ ប្រពៃណី បង្ហាញពីសក្ដានុពល នៃវប្បធម៌របស់ខ្មែរទេ និងមានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះបានទៅមើល និងអ្វីៗជារឿងក្លែងក្លាយទាំងអស់»។

តាមរយៈខ្លឹមសាររិះគន់របស់មន្រ្តីបក្សភ្លើងទៀនរូបនេះ គ.ជ.ប.អ ចាត់ទុកជាការបំផ្លើសខុសពីការពិតទាំងស្រុង និងមានគោលបំណងចំណេញខាងនយោបាយ បង្ខូចកិត្ដិយស សេចក្ដីថ្លៃថ្នូរ នៃកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប.អ។

ក្នុងនាមស្ថាប័នទទួលភារកិច្ចដោយផ្ទាល់ គ.ជ.ប.អ បដិសេធទាំងស្រុងការលើកឡើងរបស់លោក ស ឡុងដេត និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ។ ក្រោយការប្រកាសថ្កោលទោសនេះ មានក្រសួងស្ថាប័នរដ្ឋមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍គាំទ្រ ក្នុងនោះក៏មានក្រសួងទេសចរណ៍ និងមន្ត្រីរដ្ឋាភិបាលមួយចំនួន។

ក៏ប៉ុន្តែករណីតាមដានដល់កិច្ចប្រជុំឯកជនរបស់ក្រុមមន្ត្រីបក្សប្រឆាំងនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនរិះគន់ផងដែរ។ តួយ៉ាងលោក សាន់ ម៉ាឡា សកម្មជនបរិស្ថានមួយរូប បានចែករំលែកនូវសេចក្ដីថ្លែងការណ៍ថ្កោលទោសនេះ ដោយសរសេរថា «នឹកឃើញសម័យកងឈ្លប»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ លោក ស ឡុងដេត បានរិះគន់ការរៀបចំស៊ីហ្គេមនេះ។ សម្តេច ហ៊ុន សែន ធ្លាប់បានព្រមាន អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនរាជធានីភ្នំពេញរូបនេះផងដែរ ត្រង់ចំណុចដែលលោកនិយាយរិះគន់សម្តេច ហ៊ុន សែន ករណីមិនយកលុយថ្លៃស្នាក់នៅរបស់ប្រតិភូកីឡាពីបណ្តាប្រទេសអាស៊ានដែលមកប្រកួតនៅកម្ពុជា។

ទន្ទឹមនឹងព្រមានចាប់ដាក់ពន្ធនាគារសម្តេច ហ៊ុន សែន បានបញ្ជាឲ្យនគរបាលតាមការពារមន្ត្រីបក្សប្រឆាំងរូបនេះ ដោយហេតុផលថា ខ្លាចក្រែងមានជនទី៣សម្លាប់ឬវាយដំឲ្យរងរបួស៕

Share

ព័ត៌មានទាក់ទង

Image