en     km
en     km

ក្រសួងសុខាភិបាលបន្ដចេញវិធានការសុខាភិបាលឆ្លើយតបនឹងការផ្ទុះឡើងវិញនៃវិបត្តិកូវីដ១៩

Share

ភ្នំពេញ៖ ដោយទទួលបានការណែនាំពីអង្គការសុខភាពពិភពលោក(WHO) ជុំវិញក្តីកង្វល់នៃការងើបឡើងវិញនៃបញ្ហាសកលកូវីដ១៩ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពិវិធានការឆ្លើយតបវិបត្តិកូវីដ១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងវិញនូវជំងឺឆ្លងថ្មីៗដែលអាចកើតមាននៅពេលខាងមុខនេះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖


នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចេញសេចក្ដីណែនាំស្ដីពីវិធានការសុខាភិបាល បន្ដសម្រាប់ការឆ្លើយតបវិបត្តិកូវីដ១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងវិញនូវជំងឺឆ្លងថ្មីៗដែលអាចកើតមាននាពេលខាងមុខ។
ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា ទោះបីអង្គការសុខភាពពិភពលោកប្រកាសកាលពីដើមខែឧសភា ឆ្នាំ២០២៣ថា កូវីដ១៩ គឺបច្ចុប្បន្ននៅតែជាបញ្ហាសុខភាពដែលបានកើតឡើងហើយ និងនៅជាបន្ដទៀត តែលែងបង្កើតជាភាពអាសន្នដល់សុខភាពសាធារណៈក៏ដោយ តែក្រសួងសុខាភិបាលកម្ពុជាថា វីរុសកូវីដ១៩នៅមិនទាន់ទៅណាឆ្ងាយនៅឡើយទេ។ ក្រសួងថា ការបំប្លែងខ្លួនថ្មីៗរបស់មេរោគនេះនៅមានជាបន្ដបន្ទាប់ ពិសេសពពួកបំប្លែងថ្មីៗ ដូចជា BA.2, XBB.1.5, XBB.1.9.1, XBB.1.17.1 ជាដើម។
ក្រសួងបញ្ជាក់ថា កម្ពុជាក៏ជាប្រទេសមួយដែលទទួលរងផលប៉ះពាល់ពីការចម្លងនៃវីរុសកូវីដ១៩ បំប្លែងថ្មីៗនេះដែរ និងអំពាវនាវឱ្យប្រជាពលរដ្ឋកុំភ្លេចខ្លួនឱ្យសោះ ពីលទ្ធភាពដែលអាចមានការបន្ដចរាចរវីរុសបំប្លែងថ្មីៗ ពីប្រទេសមួយទៅប្រទេសមួយដែលបង្កឱ្យមានការផ្ទុះជាថ្មីនូវការរាត្បាតក្នុងសហគមន៍។
ក្រៅពីការអំពាវនាវ ក្រសួងបានបន្ដប្រកាសឱ្យចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៣ ទី៤ ទី៥ និងទី៦ សារជាថ្មីម្ដងទៀត ខណៈកាលពីដើមខែមិថុនានេះ។ ក្រសួងធ្លាប់បានបញ្ជាក់ម្ដងរួមមកហើយ ពិសេសជនមុខសញ្ញា ដូចជាក្រុមគ្រូពេទ្យផ្ទាល់ ក្រុមអ្នកប្រតិបត្តិការជួរមុខ ក្រុមងាយរងគ្រោះ មានជនវ័យចាស់ ស្ដ្រីមានផ្ទៃពោះ និងអ្នកមានជំងឺរ៉ាំរ៉ៃ។
យ៉ាងណា លោករដ្ឋមន្ដ្រីសុខាភិបាល បានឱ្យនាយកដ្ឋានក្រោមឱវាទត្រៀមលក្ខណៈជាបន្ដទៀតសម្រាប់ទប់ស្កាត់ជំងឺផ្សេងៗដែលអាចកើតមានជាយថាហេតុ។ ជាមួយគ្នា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រែសម្រួលអត្ថបទពីអង្គការសុខភាពពិភពលោក ដោយដកស្រង់៥ចំណុចនូវគន្លឹះការពារពីកូវី១៩បន្ដទៀត ទោះស្ថានការណ៍ប្រសើរឡើងក៏ដោយ។


ក្នុងនោះទី ១. ត្រូវចាក់ដូសជំរុញឱ្យទាន់ពេល និងដល់វេន ២. ចៀសវាងកន្លែងដែលមានមនុស្សច្រើនកុះករ និងកន្លែងមានកង្វះខ្យល់ចេញចូល ៣. សម្អាតដៃជាប្រចាំ ៤. ស្ថិតនៅគម្លាតគ្នា ៥. ពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សកុះករ និងកន្លែងដែលមានកង្វះខ្យល់ចេញចូល។
សូមជម្រាបថាការឆ្លងកូវីដ១៩ ប្រចាំថ្ងៃនៅកម្ពុជាមានឡើងវិញចាប់ពីថ្ងៃ៥ ខែឧសភា មក ក្រោយបាត់ការឆ្លងរយៈពេលយូរ។ អត្រាឆ្លងខ្ពស់បំផុតត្រឹមជាង១០នាក់ និងករណីឆ្លងចុងក្រោយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ មាន៣ករណី។ នេះបើយោងទៅរបាយការណ៍អ្នកឆ្លងប្រចាំថ្ងៃពីក្រសួងសុខាភិបាល៕

Share

ព័ត៌មានទាក់ទង

Image