ឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៣ បានសម្លាប់អ្នកដំណើរទាំងអស់បន្សល់ទុកក្មេងតូចៗ៤នាក់នៅជាប់គាំងក្នុងព្រៃ Amazon។តើក្មេងៗទាំងនោះទទួលទានអ្វី និងរស់នៅដោយរបៀបណាទើបអាចនៅរស់បានរហូត៤០ថ្ងៃ មុនពេលក្រុមសង្គ្រោះរកឃើញ?
យោងតាម CNN បានឱ្យដឹងថាកុមារជនជាតិដើមភាគតិចកូឡុំប៊ីទាំង៤នាក់ ម្នាក់មានអាយុចន្លោះពី៤ឆ្នាំ ដល់១៣ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងរដ្ឋធានី Bogota ប្រទេសកូឡុំប៊ី។
បើយោងតាមមន្ត្រីកងកម្លាំងយោធាពិសេសរបស់ប្រទេសកូឡុំប៊ីបានឱ្យដឹងថាក្មេងៗទាំង៤នាក់ត្រូវបាន
សង្គ្រោះជីវិតក្រោយពេលរកឃើញនៅរស់ក្នុងព្រៃ Amazon ជាងមួយខែបន្ទាប់ពីធ្លាក់យន្តហោះ។អ្នកនាំពាក្យកងទ័ពកូឡុំប៊ីបាននិយាយថា ក្មេងៗអាចនៅរស់រានមានជីវិតបានរហូតជាងមួយខែដោយសារទទួលទានមើមដំឡូងឆៅប្រហែល៣គីឡូក្រាមក្នុងមួយថ្ងៃ។ដំឡូងនេះជាធម្មតាជាអាហារម្សៅ របស់កុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងតំបន់ Amazon ។
អ្នកនាំពាក្យកងទ័ពកូឡុំប៊ីលោក Suárez បាននិយាយថា “ប៉ុន្មានថ្ងៃបន្ទាប់ពីការធ្លាក់យន្តហោះ ពួកគេបានទទួលទានមើមរុក្ខជាតិ Farina ដែលរកបាននៅជិតកន្លែងធ្លាក់យន្តហោះ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកអាហារទាំងនោះបានអស់។ពួកគេបានសម្រេចចិត្តស្វែងរកកន្លែងថ្មីដែលអាចឱ្យពួកគេរស់បាន”។លោកបានបន្ថែមថា៖ «ពួកគេខ្វះអាហារូបត្ថម្ភ ប៉ុន្តែមានស្មារតីនៅល្អ ពេលយើងរកឃើញពួកគេ»។
ក្មេងៗរងគ្រោះទាំងនោះជាជនជាតិដើមភាគតិចកូឡុំប៊ី។“ដើមកំណើតជនជាតិដើមភាគតិចនេះហើយដែលនាំឱ្យពួកគេមានភាពស៊ាំនឹងជំងឺនៅក្នុងព្រៃ ជាពិសេសពួកគេមានចំណេះដឹងអំពីព្រៃច្រើន ហើយដឹងពីអ្វីដែលអាចទទួលទានបាន និងអ្វីដែលមិនអាចទទួលទានបាន។ លើសពីនេះពួកគេចេះស្វែងរកប្រភពទឹកសម្រាប់ផឹកនិងទ្រទ្រង់ជីវិតបាន។
យោងតាមរបាយការណ៍របស់វេជ្ជបណ្ឌិតកូឡុំប៊ីបានឱ្យដឹងថា ពួកគេខ្សោះជាតិទឹកយ៉ាងខ្លាំង ហើយនៅមិនទាន់អាច “ទទួលអាហារបាន” ប៉ុន្តែពួកគេផុតពីគ្រោះថ្នាក់ហើយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិកូឡុំប៊ី លោក Ivan Velasquez បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅមន្ទីរពេទ្យថា “ការចាំបាច់នៅពេលនេះ គឺធ្វើឱ្យសុខភាពពួកគេមានស្ថេរភាព” ។
សូមរំលឹកថាម្តាយរបស់កុមាររងគ្រោះបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីថ្ងៃទី ១ ខែឧសភា ដោយបន្សល់ទុកកូនៗឱ្យជាប់គាំងនៅក្នុងព្រៃ Amazon ។ អ្នកបើកយន្តហោះ និងមេដឹកនាំជនជាតិដើមភាគតិចម្នាក់ទៀតក៏បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះដែរ។
ការបាត់ខ្លួនរបស់កុមារទាំងនេះនាំឱ្យមានប្រតិបត្តិការស្វែងរកដ៏ធំដោយប្រើប្រាស់ទាហានកងកម្លាំងពិសេសកូឡុំប៊ីជាងមួយរយនាក់និងក្រុមជនជាតិដើមភាគតិចជាង៧០នាក់ដើម្បីរុករកក្នុងព្រៃ។សាច់ញាតិកុមាររងគ្រោះបានឱ្យដឹងថាពួកគេមាន «ការព្រួយបារម្ភគេងមិនលក់ជាច្រើនយប់» រហូតដល់ក្មេងៗត្រូវបានរកឃើញ។ ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro ដែលបានទៅសួរសុខទុក្ខកុមាររងគ្រោះនៅមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ទី១០ ខែមិថុនា ឆ្នាំ២០២៣ បាននិយាយថាការរស់រានមានជីវិតរបស់ពួកគេ “នឹងត្រូវបានចងចាំក្នុងប្រវត្តិសាស្ត្រ” ។លោក Petro បាននិយាយថា៖ «ពួកគេជាកូនមនុស្សព្រៃ ហើយឥឡូវពួកគេជាកូនរបស់កូឡុំប៊ី៕
ប្រភព៖ CNN ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣