ភ្នំពេញ៖ មន្ទីរពេទ្យព្យាបាលរោគស្ត្រី សម្រាប់ព្យាបាលពលរដ្ឋក្រីក្រដោយមិនយកថ្លៃ មានឈ្មោះថា “មន្ទីរពេទ្យស្ត្រីនគរទេព” កំពុងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ជួយវិភាគទានថវិកាដើម្បីបង្ហើយការសាងសង់ ដែលគ្រោងនឹងសម្ពោធឱ្យប្រើប្រាស់នៅចុងឆ្នាំ ២០១៦ ខាងមុខនេះ។ ក្នុងការអំពាវនាវរបស់ខ្លួននេះ មន្ទីរពេទ្យស្ត្រីនគរទេព នឹងរៀបចំកម្មវិធីដើរចម្ងាយ (Walkathon) ដើម្បីរៃអង្គាសថវិកាសម្រាប់កសាងមន្ទីរពេទ្យបង្ហើយ ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៥ ខាងមុខ។ តាមការប៉ាន់ស្មានទុកជាមុនចំនួនអ្នកចូលរួមក្នុងការដើរចម្ងាយនេះ នឹងមានលើសពី ១ពាន់នាក់។
លម្អិតព័ត៌មាននេះដោយ លោក ម៉ៅ សំណាង ៖
អង្គការសប្បុរសធម៌មួយ ដែលកំពុងសាងសង់មន្ទីរព្យាបាលរោគស្ត្រី សម្រាប់ពលរដ្ឋក្រីក្រដោយមិនយកថ្លៃ អំពាវនាវឱ្យពលរដ្ឋខ្មែរជួយវិភាគទានដើម្បីបង្ហើយការសាងសង់ នៅឆ្នាំ២០១៦ខាងមុខនេះ ជាមួយគ្នា អង្គការសប្បុរសធម៌នោះក៏នឹងធ្វើយុទ្ធនាការណ៍រៃអង្គាសប្រាក់ផងដែរ។
មន្ទីរពេទ្យស្ត្រីនគរទេព ជាមន្ទីរពេទ្យមួយដែលបង្កើតឡើងដោយអង្គការតាប៊ីថាកម្ពុជា ដោយបច្ចុប្បន្នមន្ទីរពេទ្យនេះ បានសាងសង់ជិតរួចរាល់នៃជាន់ទី២ នៅសល់ ១៥% ទៀតនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
លោក សួស ហេង មន្ត្រីគ្រប់គ្រងរដ្ឋបាល និងជាអ្នកគ្រប់គ្រងគម្រោងសាងសង់មន្ទីរពេទ្យស្ត្រីនគរទេព នៃអង្គការតាប៊ីថា កម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមន្ទីរពេទ្យស្ត្រីនគរទេពកំពុងខ្វះខាតថវិកា
ដើម្បីសង់បង្ហើយអគារជាន់ទីពីររបស់ខ្លួន និងកំពុងអំពាវនាវដល់សាធារណជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសចូលរួមប្រាក់ឧបត្ថម្ភ ដើម្បីសង់បង្ហើយអាគារមន្ទីរពេទ្យនេះ។
លោក សួស ហេង មានប្រសាសន៍បន្តទៀតថា មន្ទីរពេទ្យស្ត្រីនគរទេពបង្កើតឡើងក្នុងគោលបំណងជួយដល់ស្ត្រីនៅកម្ពុជាដែលពុំមានលទ្ធភាពក្នុងការព្យាបាលជំងឺទាក់ទងនឹងបញ្ហារោគស្ត្រី ដូចជាជំងឺមហារីកសុដន់ដើម្បីឱ្យស្ត្រីមានជីវភាពក្រីក្រនៅកម្ពុជាមានឱកាសទទួលបានការព្យាបាលជំងឺឱ្យរួចផុតពីគ្រោះដល់ជីវិត ដោយមិនគិតថ្លៃ។
លោកថា ការបង្កើតមន្ទីរពេទ្យនេះឡើង អង្គការតាប៊ីថាកម្ពុជាសង្ឃឹមថា នឹងអាចបញ្ឈប់រាល់ការលំបាកទាំងឡាយរបស់ស្ត្រីដែលមានភាពអៀនខ្មាស ព្យាយាមលាក់ជំងឺផ្សេងៗរបស់ខ្លួនទុក ព្រមទាំងជួយសម្រាលទុក្ខលំបាកផ្លូវចិត្តរបស់ស្ត្រី រស់នៅក្នុងស្ថានភាពក្រីក្រនៅកម្ពុជា។
«តាមរយៈការធ្វើការងារនៅតាមសហគមន៍ជិត ២០ ឆ្នាំមកនេះ ហើយធ្វើការងារជាមួយប្រជាជនក្រីក្រឃើញថា ប្រជាជនកម្ពុជាមានជំងឺច្រើនណាស់ ជាពិសេសគឺស្ត្រីតែម្តង … ហើយពិសេសនោះអ្នកក្រីក្រគ្នាអត់មានលុយ ខ្វះអនាម័យក្នុងការរស់នៅ ដែលបង្កឱ្យមានបញ្ហារោគស្ត្រី និងឈានដល់ជំងឺមហារីកនេះ ដល់អ៊ីចឹងទៅ យើងក៏ចាប់ផ្តើមបង្កើតមន្ទីរពេទ្យនេះឡើង»។
លោក សួស ហេង បានឱ្យដឹងទៀតថា កម្មវិធីដើរចម្ងាយដើម្បីស្វែងរកការគាំទ្រ និងរៃអង្គាសថវិកាជួយសាងសង់មន្ទីរពេទ្យនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ខាងមុខ នៅក្នុងភូមិអរិយក្សត្រ
ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ១០ ព្រឹក ដោយដើរក្នុងចម្ងាយផ្លូវ ៤ គីឡូម៉ែត្រ និង ១០ គីឡូម៉ែត្រ។
លោកថា សម្រាប់ការចុះឈ្មោះចូលរួមដើរចម្ងាយនេះក្នុងម្នាក់តម្លៃ ១៥ ដុល្លារឡើងទៅ និងសម្រាប់សិស្សនិស្សិតគិតត្រឹម ៥ ដុល្លារ។
លោក សួស ហេង បញ្ជាក់ថា ដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធីដើរចម្ងាយនេះ ឬប្រជាពលរដ្ឋចង់បរិច្ចាគថវិកា ដើម្បីជួយដល់ការកសាងអគារមន្ទីរពេទ្យស្ត្រីនគរទេព នោះប្រជាពលរដ្ឋអាចទៅកាន់ការិយាល័យចុះឈ្មោះស្ថិតនៅក្នុងទីស្នាក់ការអង្គការ តាប៊ីថាកម្ពុជា ផ្ទះលេខ ២៣៩ ផ្លូវលេខ ៥១ កែងផ្លូវ ៣៦០ខាងជើងផ្សារបឹងកេងកង ឬតាមរយៈលេខទូរស័ព្ទ ០៩៥ ៧៧៩ ២៨២។
សូមជម្រាបថា នៅក្នុងការសាងសង់មន្ទីពេទ្យព្យាបាលរោគស្ត្រីនៅកម្ពុជា អង្គការតាប៊ីថាកម្ពុជា បានទទួលថវិកាពីសប្បុរសជននៅទូទាំងពិភពលោក តាមរយៈការបង្កើតកម្មវិធីជាច្រើនដូចជា កម្មវិធីទទួលទានពេលល្ងាច ដើម្បីរៃអង្គាសប្រាក់នៅក្រៅប្រទេស កម្មវិធីដើរម៉ារ៉ាតុងនៅសាំងហ្គាពួរ អូស្ត្រាលី អង់គ្លេស កាណាដា សហរដ្ឋអាមេរិច និងព្រមទាំងនៅកម្ពុជាផងដែរ។
សូមជម្រាបដែរថា អ្នកផ្តើមគំនិតដំបូងក្នុងគម្រោងបង្កើតមន្ទីរពេទ្យមួយនេះ គឺលោកស្រី ជេនី រីតស្កេស (Janne Ritskes) ជនជាតិហូឡង់ ដែលជាប្រធានអង្គការ តាប៊ីថាកម្ពុជា (Tabitha Cambodia) ជាមួយនឹងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកស្រី
អ៊ឹង កន្ថាផាវី៕